(ភ្នំពេញ)៖ អ្នកជំនាញខាងផលិត កែច្នៃចំណីអាហារ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ បានជំរុញ និងលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន ឧស្សាហកម្ម សហគ្រាស និងសិប្បកម្ម ដែលផលិត និងកែច្នៃចំណីអាហារ ត្រូវពង្រឹងនូវផលិតកម្មរបស់ខ្លូន ដើម្បីទទួលបាននូវស្តង់ដារបញ្ជាក់គុណភាព ដែលងាយស្រួលដល់ការនាំចេញ និងទទួលបាននូវទំនុកចិត្ត ពីអ្នកប្រើប្រាស់ទាំងក្នុងស្រុក និងអន្តរជាតិ។
ការជំរុញនេះស្របពេលដែលទីផ្សារនាំចេញរបស់កម្ពុជា កាន់តែរីកធំជាងមុន ខណៈបច្ចុប្បន្ននេះ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ និងកិច្ចព្រមព្រៀង RCEP ដែលជាឱកាសសម្រាប់អ្នកផលិត នាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។
ឧកញ៉ា កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅពេលក្រុមហ៊ុន ឬសហគ្រាសផលិត ទទួលបាននូវការផ្តល់ស្តង់ដារ និងវិញ្ញាបនបត្របញ្ជាក់កាន់តែច្រើន នឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកផលិត និងជួយជំរុញការលក់ផលិតផល ឱ្យកាន់តែធំទូលាយទៅតាមទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។
លោកស្រីបន្តថា «ជាក់ស្តែងការផលិតនំស្រួយលីលី ដែលផលិតដោយទទួលបានស្តង់ដារ បានជំរុញការនាំចេញ ទៅបានជាច្រើនប្រទេស ពោលគឺប្រមាណ ១០ប្រទេស ដោយសារយើងមានការបញ្ជាក់ស្តង់ដារបានច្បាស់លាស់ត្រឹមត្រូវ។ ដូច្នេះប្រសិនបើឧស្សាកម្មដទៃ មានបំណងក្នុងការនាំចេញគួរតែខិតខំប្រឹងប្រែង អនុវត្តយ៉ាងម៉េច ដើម្បីទទួលបាននូវវិញ្ញាបនបត្រ ដែលបញ្ជាក់ពីស្តង់ដារនេះ ទើបទីផ្សារអន្តរជាតិ មានការចាប់អារម្មណ៍ពីផលិតផលដែលជំរុញដល់ការនាំចេញ»។
លោកស្រីលើកឡើងថា ដើម្បីទទួលបានការបញ្ជាក់ស្តង់ដារ ត្រូវរៀបចំចំនួនបុគ្គលិក ការកត់ត្រាពីផលិតផល និងការផលិត ជាពិសេសបង្កើនការត្រួតពិនិត្យគុណភាព ចាប់តាំងពីដំណើរការផលិតដំបូង រហូតដល់ចេញផលិតផលសម្រេច។
បើតាមម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលីរូបនេះ បច្ចុប្បន្ននេះស្តង់ដារដែលមានការទទួលស្គាល់ និងនិយមជាលក្ខណៈអន្តរជាតិ គឺស្តង់ដារ ISO។ ដោយស្តង់ដារនេះ មានតាមកម្រិតដែលត្រូវអនុវត្តដូចជា ស្តង់ដារ ISO 9001ស្តង់ដារ ISO 22000 ស្តង់ដារ ISO 14000 ជាដើម។
លោកស្រីពន្យល់បន្ថែមថា «មានស្តង់ដារ ISO ក៏មិនប្រាកដថា អាចនាំចេញទៅបានគ្រប់ប្រទេសដែរ ប៉ុន្តែនៅពេលដែលយើងមានស្តង់ដារ ISO គោលមួយហើយ គឺយើងអាចអនុវត្តទៅតាមស្តង់ដារផ្សេងៗ ទៅតាមប្រទេសនីមួយៗ ដែលគេតម្រូវឱ្យយើងអនុវត្តទៀត។ ពោលគឺយើងនាំចេញទៅប្រទេសមួយ យើងត្រូវអនុវត្តស្តង់ដារមួយ ចេញពីប្រទេសមួយត្រូវទៅតាមស្តង់ដារ ប្រទេសមួយទៀត អីចឹងត្រូវគោរពតាមស្តង់ដារប្រទេសផ្សេងៗ ដែលគេតម្រូវ។ ឧទាហរណ៍ដូចជានាំចេញទៅសហរដ្ឋអាមេរិក ត្រូវគោរពតាមស្តង់ដារ USDA , សម្រាប់ប្រទេសកូរ៉េ ស្តង់ដារ KSDA ។ ដោយឡែកទៅប្រទេសអូស្រ្តាលី និងញូវហ្សេលែន ត្រូវគោរពតាមស្តង់ដារ AID BRC និងស្តង់ដារផ្សេងៗជាច្រើនទៀត។ សំខាន់នៅក្នុងរោងចក្រយើង អាចយកស្តង់ដារ ISO 9001 ឬ ISO 22000 ជាស្តង់ដារមួយគោលមួយសិន»។
លោកស្រីថា នៅពេលដែលផលិតផល ដែលផលិតដោយមានស្តង់ដារបញ្ជាក់ត្រឹមត្រូវ នឹងធ្វើឱ្យអតិថិជន កាន់តែមានទំនុកចិត្ត ក្នុងការប្រើប្រាស់នូវផលិតផលក្នុងស្រុក ព្រោះ ប្រសិនបើការផលិតដោយគ្មានស្តង់ដារត្រឹមត្រូវ នឹងធ្វើឱ្យអ្នកប្រើប្រាស់មិនមានការខ្លាចរអា។
លោកស្រីសង្កេតឃើញថាបច្ចុប្បន្ននេះ សិប្បកម្ម និងឧស្សាហកម្មខ្នាតតូច និងខ្នាតមធ្យមនៅក្នុងស្រុក ដែលមិនទាន់បាននាំចេញ ការអនុវត្តដើម្បីទទួលបាននូវស្តង់ដារ និងវិញ្ញាបនបត្រពីខាងក្រសួងនៅមានកម្រិតនៅតិចតួចនៅឡើយ។ ប៉ុន្តែយ៉ាងនេះក្តីពួកគាត់បានផលិត ទៅតាមស្តង់ដារ អនាម័យផ្ទាល់ខ្លួនផងដែរ។
លោកស្រីកត់សម្គាល់ មូលហេតុដែលធ្វើឱ្យសិប្បកម្មទាំងនោះ ពិបាកអនុវត្តក្នុងការទទួលបាននូវស្តង់ដារ និងវិញ្ញាបនបត្របញ្ជាក់គុណភាពផលិតផល ដោយសារតែចំណាយខ្ពស់ ក្នុងទទួលបានស្តង់ដារនេះ ជាហេតុដែលនាំឱ្យថ្លៃដើមទំនិញកាន់តែខ្ពស់ និងពិបាកប្រកួតប្រជែង។ ដើម្បីជំរុញឱ្យអ្នកផលិតនៅក្នុងស្រុក ទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ស្តង់ដារនេះ ទាមទារឱ្យការគិតគូរពីរាជរដ្ឋាភិបាលផងដែរ ជាពិសេសការសម្របសម្រួលឱ្យតម្លៃ នៃការទទួលតាមស្តង់ដារ មានតម្លៃសមរម្យ។
ឧកញ៉ា កែវ មុំ បន្តទៀតថា «ប្រសិនបើខាងក្រសួង ក៏ដូចជារដ្ឋាភិបាលជួយជំរុញការផ្តល់ការបញ្ជាក់ស្តង់ដារនេះ ឱ្យមានតម្លៃសមរម្យណាមួយ ដែលម្ចាស់ឧស្សាហកម្ម ឬ SME អាចទទួលយកបាន គឺល្អមែនទែន។ ឃើញថាម្ចាស់ឧស្សាហកម្មជាច្រើន ដែលគាត់មានបំណងចង់នាំចេញ ក៏ប៉ុន្តែដោយសារការអនុវត្ត គឺមានការចំណាយលុយច្រើន។ អីចឹងហើយ បានជាគាត់មិនមានលទ្ធភាពអនុវត្ត ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់នេះផងដែរ។ ហេតុនេះហើយប្រសិនបើក្រសួង និងរាជរដ្ឋាភិបាលសម្រួលនូវតម្លៃ នៃការទទួលបានវិញ្ញាបនបត្រនេះ ឱ្យមានតម្លៃសមរម្យ គឺពិតជាល្អសម្រាប់ឧស្សាហកម្មទូទាំងប្រទេស ក្នុងការជំរុញលើកទឹកចិត្ត ឱ្យគាត់ទទួលបាននូវវិញ្ញាបនបត្រ និងអាចជួយជំរុញផលិតផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ»។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា គិតមកដល់ពេលនេះ កម្ពុជាមានស្តង់ដារសរុបចំនួន ១០៤៣ ស្តង់ដារ កើនឡើងចំនួន ១៧៥ស្តង់ដារ បើប្រៀបធៀបនឹងដើមអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា (ឆ្នាំ២០១៨) ដែលមានត្រឹមតែចំនួន ៨៦៨ស្តង់ដារ ដែលស្តង់ដារទាំងនេះ បាននិងកំពុងយកមកប្រើប្រាស់ ដោយវិស័យឯកជន និងផ្នែកសារធារណៈមួយចំនួន។
លោកបន្ថែមថា ក្នុងឆ្នាំ២០២២នេះ ការអភិវឌ្ឍស្តង់ដារថ្មីបានចំនួន៥៥ស្តង់ដារ លើសពីឆ្នាំ២០២១ ដែលមានចំនួន ៣៩ស្ដង់ដារ និងជាឆ្នាំដែលបានអភិវឌ្ឍស្តង់ដារបានច្រើនជាងគេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១៨-២០២២។
ក្រសួងបានចេញវិញ្ញាបនបត្រផលិតផល និងវិញ្ញាបនបត្រអនាម័យបានចំនួន ៥៨វិញ្ញាបនប្រត សំដៅចូលរួមធានានូវសុវត្ថិភាព និងសុខុមាលភាពសាធារណៈនិងសង្គម និងចូលរួមក្នុងការពង្រឹងការធ្វើពាណិជ្ជកម្ម ឬសេវាកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាព និងជួយដល់វិស័យឧស្សាហកម្មខ្នាតតូច និងសិប្បកម្ម ឱ្យមានលទ្ធភាពប្រកួតប្រជែង នៅលើទីផ្សារក្នុងស្រុក។
លោកបន្តថា «យើងបាន និងកំពុងធ្វើការកែលម្អប្រព័ន្ធចេញវិញ្ញាបនបត្ររបស់ខ្លួន ឱ្យមានលក្ខណៈសមស្រប និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដើម្បីចូលរួមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ និងទ្វេភាគីដែលបានចូលជាធរមាន ដូចបានធ្វើឡើងរវាង កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP»។
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណ:រដ្ឋមន្ត្រី បានជំរុញដល់ក្រសួងឧស្សាហកម្ម ត្រូវបន្តជំរុញការអភិវឌ្ឍ និងអនុម័តស្តង់ដារថ្មីៗបន្ថែមទៀត លើមុខទំនិញដែលជាយុទ្ធសាស្ត្រសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារ ដែលជាដៃគូពាណិជ្ជកម្មសេរីជាមួយកម្ពុជា ដើម្បីទាញយកឱកាសពង្រីក វិសាលភាពនៃការនាំចេញទំនិញឱ្យបានច្រើន។ ជាមួយគ្នានេះ ត្រូវពង្រឹងប្រព័ន្ធចេញវិញ្ញាបនបត្រ ឬអធិការកិច្ចឱ្យបានត្រឹមត្រូវ តាមស្តង់ដារអន្តរជាតិ ដើម្បីធានា និងការពារពីការបង្កគ្រោះមហន្តរាយ ដល់សុខសុវត្ថិភាព សុខភាពមនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ សន្តិសុខសង្គម និងបរិស្ថាន៕