(ភ្នំពេញ)៖ ក្រុមហ៊ុន Star Auto (Cambodia) Co.,Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល ចែកចាយ និងដាក់លក់ជាផ្លូវការ នូវគ្រប់ប្រភេទរថយន្ត Mercedes Benz របស់អាល្លឺម៉ង់ ប្រចាំកម្ពុជា បានប្រកាសបិទដំណើរការ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះតទៅ ក្រុមហ៊ុន RMA (Cambodia) PLC នឹងចូលខ្លួនបន្តដំណើរការជាអ្នកផ្តល់សេវាកម្មផ្នែកជួសជុល និងថែទាំរថយន្តដែលទទួលបានសិទ្ធិអនុញ្ញាតជាផ្លូវការពី Mercedes-Benz។

ក្រុមហ៊ុនបានថ្លែងអំណរដល់អតិថិជនទាំងអស់ ចំពោះការគាំទ្រ Star Auto និង Mercedes Benz អស់រយៈពេលជាច្រើនឆ្នាំមកនេះ។

សូមជម្រាបថា ក្រុមហ៊ុន Star Auto Cambodia គឺជាក្រុមហ៊ុនគ្រប់គ្រង ដោយជនជាតិបរទេស ១០០ភាគរយ និងជាក្រុមហ៊ុនអនុសម្ព័ន្ធរបស់ក្រុមហ៊ុន Lei Shing Hong ដែលជាក្រុមហ៊ុនបានចុះបញ្ជីនៅទីក្រុងហុងកុង ជាមួយក្រុមហ៊ុនចែកចាយរថយន្ត Mercedes-Benz នៅទូទាំងតំបន់អាស៊ី, អូស្រ្តាលី, និងអឺរ៉ុប។

ក្រុមហ៊ុន Star Auto Cambodia ត្រូវបានទទួលសិទ្ធិផ្តាច់មុខ ក្នុងការចែកចាយលក់ពីរោងចក្រដើម របស់ប្រទេសអាឡឺម៉ង់ មានដូចជារថយន្តទេសចរណ៍ រថយន្តដឹកអ្នកដំណើរ រថយន្តខ្នាតខ្ពស់ SUV និងរថយន្តប្រភេទដឹកទំនិញ ជាដើម ប្រចាំនៅកម្ពុជារាប់ចាប់តាំងពីខែមករា ឆ្នាំ២០១៥មកម្ល៉េះ៕