(កូរ៉េ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា និយ័តករមូលបត្រកម្ពុជា បាននិងកំពុងអភិវឌ្ឍន៍ផលិតផលថ្មីមួយទៀត នៅក្នុងទីផ្សារមូលបត្រ គឺទីផ្សារទ្រព្យសកម្មឌីជីថល ដែលជម្រើសថ្មី សម្រាប់វិនិយោគិនជួញដូរ នៅក្នុងទីផ្សារ។
លោកបានបង្ហាញសុទិដ្ឋិនិយមយ៉ាងដូច្នេះថា «ដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ទីផ្សារទ្រព្យឌីជីថលនេះ នឹងក្លាយជាជម្រើស សម្រាប់ការវិនិយោគមួយផ្សេងទៀត ក្នុងវិស័យមូលបត្រកម្ពុជា»។
ក្នុងការអភិវឌ្ឍន៍ទីផ្សារទ្រព្យឌីជីថលនេះ និយ័តករមូលបត្រកម្ពុជា នឹងសហការជាក្រុមហ៊ុន Wnk System និងគណៈកម្មការអភិវឌ្ឍន៍ទ្រព្យសកម្មអន្តរជាតិ (IDAC)។
ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង ព្រមគ្នារវាងនិយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុន Wnk System និងគណៈកម្មការអភិវឌ្ឍន៍ទ្រព្យសកម្មអន្តរជាតិ នៅប្រទេសកូរ៉េ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ស៊ូ សុជាតិ បានបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នា រវាងនិយ័តករមូលបត្រកម្ពុជា Wnk និង IDAC គឺជាជំហានមួយទៀតឆ្ពោះទៅមុខ ក្នុងការអភិវឌ្ឍទីផ្សារទ្រព្យសកម្មឌីជីថលនៅកម្ពុជា ហើយបន្ទាប់ពីការចុះអនុស្សរណៈនេះ នឹងមានកិច្ចការជាច្រើន ដែលត្រូវធ្វើការរួមគ្នា ដោយចាប់ផ្តើមពីការកសាងសមត្ថភាព របស់និយ័តករមូលបត្រកម្ពុជា បន្ទាប់មកសាធារណជន ដើម្បីលើកកម្ពស់ការយល់ដឹង និងកសាងទំនុកចិត្តទីផ្សារ។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ទ្រព្យសកម្មឌីជីថល ពិតជាមានសារៈសំខាន់ខ្លាំង ក្នុងការប្រើប្រាស់ជាប្រភព ដើម្បីរៀបចំ រក្សាទុក ចែករំលែក និងធានាសុវត្ថិភាព ហើយពិតជាមានប្រយោជន៍ សម្រាប់ប្រតិបត្តិការអាជីវកម្មសំខាន់ៗ ដូចជាការធ្វើទីផ្សារ ការអភិវឌ្ឍម៉ាក យីហោ និងអាជីវកម្មជាដើម។ ការអភិវឌ្ឍទីផ្សារឱ្យមានភាពរីកចម្រើន ទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការចូលរួមពីវិស័យឯកជន»។
តែយ៉ាងណានេះក្តី លោកក៏បង្ហាញពីក្តីព្រួយបារម្ភផងដែរ ពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលអាចបង្កហានិភ័យមកដល់ទីផ្សារ ដែលធ្វើឱ្យវិនិយោគិនខាតបង់ ដោយសារមិនមានបទបញ្ញត្តិជាក់លាក់ ក្នុងការគ្រប់គ្រង ដែល បញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តទីផ្សារ និងវិស័យទាំងមូល។
លោកបានគូសបញ្ជាក់ថា ដើម្បីការពារហានិភ័យនេះ និយ័តករមូលបត្រកម្ពុជា បាននិងកំពុងរៀបចំសេចក្តីព្រាងបទប្បញ្ញត្តិ ដើម្បីបង្កើត និងគ្រប់គ្រងទីផ្សារជួញដូរទ្រព្យឌីជីថលនៅកម្ពុជា។ ទោះជាយ៉ាងក៏ដោយ ដើម្បីជំរុញនូវប្រសិទ្ធភាពទីផ្សារ ការគ្រប់គ្រងហានិភ័យកាន់តែប្រសើរ និងបង្កើតឱកាសថ្មីៗ និយ័តករមូលបត្រកម្ពុជា បានអនុម័តដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំ ស្តីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងវិស័យមូលបត្រ។
សម្រាប់ក្រុមហ៊ុន ដែលចូលរួមបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ អាចធ្វើការសាកល្បងនូវផលិតផល និងសេវាកម្មរបស់ខ្លួន ជាមួយអតិថិជនពិតប្រាកដ ប៉ុន្តែក្នុងទំហំ និងរយៈពេលកំណត់មួយ មុននឹងធ្វើការដាក់ចេញ និងការជំរុញការប្រើប្រាស់ឱ្យបានទូលំទូលាយ។
លោកបន្តថា បន្ទាប់ពីនិយ័តករមូលបត្រកម្ពុជា បានអនុម័តដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំនេះ មានក្រុមហ៊ុនចំនួន ៩បានដាក់លិខិតសម្តែងឆន្ទៈមក ដែលក្នុងនោះក្រុមហ៊ុនចំនួន៣ កំពុងស្ថិតក្នុងដំណាក់កាលដាក់ពាក្យស្នើសុំ៕