(វ៉ាស៊ីនតោន)៖ ទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញនៅថ្ងៃអង្គារថា ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយនៅឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មអាមេរិកថា ឱនភាពពាណិជ្ជកម្មសរុបបានកើនឡើង ១០៣ពាន់លានដុល្លារនៅឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ ដល់ ៩៤៨,១ពាន់លានដុល្លារ ដោយសារការកើនឡើងការនាំចូលទំនិញនានារាប់ចាប់ពីប្រេងឆៅរហូតដល់ទំនិញប្រើប្រាស់ទូទៅ រួមទាំងឱសថ និងផលិតផលគ្រួសារផងដែរ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក ទំហំឱនភាពពាណិជ្ជកម្មនេះគឺជាឱនភាពធំបំផុតបើគិតចាប់ពីឆ្នាំ១៩៦០មក។

ក្រុមអ្នកវិភាគបានកត់សម្គាល់ថា ពាណិជ្ជកម្មគឺជាកត្តាផ្លាស់ប្តូរមួយនៅក្នុងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំកន្លងមក ដែលបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនៅដើមឆ្នាំ២០២២ ប៉ុន្តែបានជំរុញសេដ្ឋកិច្ចវិញនៅពេលក្រោយមក។

ក្រសួងពាណិជ្ជកម្មអាមេរិកបានដឹងថា នៅក្នុងខែធ្នូ ឱនភាពពាណិជ្ជកម្មបានកើនឡើងចំនួន ៦,៤ពាន់លានដុល្លារដល់ ៦៧,៤ពាន់លានដុល្លារ។

សម្រាប់តួលេខប្រចាំខែធ្នូវិញ ការនាំចូលរបស់សហរដ្ឋអាមេរិកបានកើនឡើងចំនួន ៤,២ពាន់លានដុល្លារធៀបនឹងខែវិច្ឆិកាដល់ចំនួន ៣១៧,៦ពាន់លានដុល្លារអាមេរិក ដោយសារការកើនឡើងការចំណាយលើទំនិញប្រើប្រាស់នានាដូចជាទូរសព្ទដៃ និងទំនិញប្រើប្រាស់ក្នុងផ្ទះផ្សេងទៀត ព្រមទាំងយានយន្តផងដែរ។

ការនាំចេញបានធ្លាក់ចុះពី ២,២ពាន់លានដុល្លារទៅ ២៥០,២ពាន់លានដុល្លារក្នុងខែធ្នូ ដោយសារការធ្លាក់ចុះការនាំចេញទំនិញនានាដូចជាទំនិញផ្គត់ផ្គង់ឧស្សាហកម្ម និងសម្ភារៈផ្សេងៗ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ពលរដ្ឋអាមេរិកបានផ្លាស់ប្តូរការចំណាយកាន់តែច្រើនទៅសេវាកម្មជំនួសឱ្យទំនិញប្រើប្រាស់ ដោយអ្នកប្រើប្រាស់កំពុងប្រឈមនឹងអតិផរណាខ្ពស់ជាបន្តបន្ទាប់។

ឱនភាពពាណិជ្ជកម្មទំនិញជាមួយចិនបានកើនឡើង ២៩,៤ពាន់លានដុល្លារដល់ ៣៨២,៩ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលជាកម្រិតខ្ពស់បំផុតថ្មីមួយ៕