(ភ្នំពេញ)៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបាន ស្នើអង់គ្លេសបង្កើនតម្រូវការនាំចេញទំនិញពីកម្ពុជា ជាមួយគ្នានេះលោកស្រីក៏បានបង្ហាញឱកាសដ៏ល្អ ក្នុងការវិនិយោគនៅកម្ពុជាផងដែរ។

ការស្នើសុំរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រី បានអនុញ្ញាតឲ្យលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រី ជា សិរី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់ចក្រភពអង់គ្លេស មកលើការអភិវឌ្ឍកម្ពុជា ដោយនៅក្នុងវិស័យធនាគារអង់គ្លេស បានជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ ការផ្តល់ជំនួយបច្ចេកទេស និងការពង្រឹងសមត្ថភាពលើផ្នែកហិរញ្ញប្បទានបៃតង ការអភិវឌ្ឍដោយគិតគូរពីបរិស្ថាន សង្គមនិងអភិបាលកិច្ច ដែលស្របនឹងគោលដៅរបស់កម្ពុជា និងក្នុងក្របខណ្ឌជាពិសេសអាស៊ាន។

ក្នុងនោះផងដែរលោកស្រី ជា សិរី បានស្នើសុំឱ្យស្ថានទូតអង់គ្លេសបង្ហាញ ពីឱកាសល្អនៃការវិនិយោគនៅកម្ពុជា និងបង្កើនតម្រូវការនាំទំនិញចូលពីកម្ពុជា ដោយសារសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសស្ថិតក្នុងតំបន់ប្រកបដោយថាមពល។​

លោកស្រី ជា សិរី បានជម្រាបជូន ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាថា សេដ្ឋកិច្ចកម្ពុជាបានទទួលផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ពិសេសនៅឆ្នាំ២០២០ ហើយបានងើបឡើងវិញជាបន្តបន្ទាប់ ដែលគាំទ្រដោយប្រសិទ្ធភាព នៃការគ្រប់គ្រងការរាលដាលជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារ បានគ្រប់គ្រាន់ឆាប់រហ័ស ហើយបានបើកប្រទេសឡើងវិញនៅឆ្នាំ២០២១ ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ត្រឡប់មកប្រក្រតីភាពវិញ។

នៅឆ្នាំ២០២២កន្លងមកកម្ពុជា បានទទួលរងផលប៉ះពាល់ ពីការកើនឡើងនៃអតិផរណាបណ្តាលមកពីការកើនឡើងថ្លៃប្រេង និងម្ហូបអាហារ ក្រោមឥទ្ធិពលនៃសង្គ្រាមរុស្សី អ៊ុយក្រែន ប៉ុន្តែកម្រិតអតិផរណាបានធ្លាក់ចុះមកវិញ ជាបន្តបន្ទាប់រហូត ដល់កម្រិតប្រមាណ៣ភាគរយនៅចុងឆ្នាំ២០២២។

កម្ពុជាក៏បានធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយការបង្កើនមុខទំនិញផលិតនិងនាំចេញ ដែលរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា។ ចំណែកឯក្នុងវិស័យទេសចរណ៍ ភ្ញៀវទេសចរក្នុងស្រុកបានវិល រកភាពប្រក្រតីវិញនៅឆ្នាំ២០២២ ហើយភ្ញៀវទេសចរអន្តរជាតិកើនឡើងខ្ពស់ ជាងការរំពឹងទុកថ្វីបើនៅមានកម្រិតទាប ជាងគ្រាមុនវិបត្តិក៏ដោយ។

នៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា ​បន្តងើបឡើងថែមទៀត ប៉ុន្តែក៏ប្រឈមនឹងភាពមិនច្បាស់លាស់ជាច្រើន ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ជាពិសេសការថយចុះកំណើន ក្នុងប្រទេសអភិវឌ្ឍន៍ដែលកម្ពុជានាំទំនិញចេញ។

លោកស្រី ជា សិរី បានលើពីបញ្ហានៃដុល្លារូបនីយកម្មនៅកម្ពុជាថា គោលនយោបាយរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា មិនមែនធ្វើបដិដុល្លារូបនីយកម្មដោយបង្ខំនោះទេ តែលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាលំដាប់ ស្របតាមស្ថានភាពទីផ្សារ និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

លោកស្រី ជា​សិរី បានបង្ហាផងដែរពី ប្រព័ន្ធធនាគារដែលមានភាពធន់ និងរួមចំណែកក្នុងការគាំទ្រកំណើន និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិទាំងកូវីដ១៩​ និងរលកអតិផរណា។

វិស័យមីក្រូហិរញ្ញវត្ថុ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំពោះប្រជាជនក្រីក្រ។ លើសពីនេះវិស័យមីក្រូហិរញ្ញវត្ថុ បានកាត់បន្ថយភាពងាយរងគ្រោះ ពីការប្រើប្រាស់កម្ចីក្រៅផ្លូវការភាគច្រើន មានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងអាចឱ្យប្រជាជនប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ សម្រាប់អភិវឌ្ឍអាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម។

លោក Dominic Williams បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការគាំទ្រទាំងនេះ ហើយស្ថានទូតអង់គ្លេសនឹងបន្តសហការគាំទ្រ នៅលើផ្នែកទាំងនេះទៀត និងត្រៀមខ្លួនផ្តល់ការគាំទ្រ ដល់កិច្ចសហប្រតិបត្តិការលើផ្នែកពាក់ព័ន្ធនានា។

ក្នុងនោះលោកបានលោក Dominic Williams បានអបអរសាទរ ការគ្រប់គ្រងសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះកំណើនបន្តងើបឡើងជាលំដាប់ អតិផរណាកើនឡើង ក្នុងកម្រិតមធ្យមហើយថយចុះយ៉ាងឆាប់រហ័ស រក្សាបានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ ហើយប្រព័ន្ធធនាគារមានភាពធន់ និងរួមចំណែកក្នុងការគាំទ្រកំណើន និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិទាំងកូវីដ-១៩ និងរលកអតិផរណា៕