(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បន្តផ្តល់ឥណទានជាធម្មតា ប៉ុន្តែអាចនឹងចំណេញតិចតួច ស្របពេលអត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើង។
ខណៈនៅដើមខែកុម្ភៈ ឆ្នាំ២០២៣នេះ ធនាគារកណ្តាលអាមេរិក បានសម្រេចដំឡើងអត្រាការប្រាក់ ០.២៥%បន្ថែមទៀត ដែលធ្វើអត្រាការប្រាក់ដុល្លារកើនឡើងដល់ ៤.៧៥% ដែលជាការផ្តល់សម្ពាធដល់ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ។
ថ្នាក់ដឹកនាំនៃសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងបែបនេះ ធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរសកម្មឆ្លើយតបទៅនឹងការផ្ដល់ សេវាហិរញ្ញវត្ថុក្រៅផ្លូវការ» នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសមាគមធនាគារនៅកម្ពុជា។
លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ក្នុងរយៈពេលក្នុងមួយឆ្នាំកន្លងទៅនេះ អត្រាការប្រាក់នៅសហរដ្ឋអាមេរិកបានដំឡើងជាបន្តបន្ទាប់ ពោលគឺកាលពីដើមឆ្នាំ២០២២ អត្រាការប្រាក់ដុល្លារ មានតែ ០.២៥%ប៉ុណ្ណោះ តែចាប់តាំងពីខែមីនា ឆ្នាំ២០២២ រហូតមកដល់ខែមករាឆ្នាំ២០២៣ អត្រាការប្រាក់ដុល្លារនៅក្នុងទីផ្សារអន្តរជាតិបានកើនឡើងជាបន្តបន្ទាប់ ដោយបានកើនឡើងពី ០.២៥ មកដល់ ៤.៧៥%។
លោកបន្តថា ការកើនឡើងនៃអត្រាការប្រាក់នេះ បានដាក់សម្ពាធជាច្រើនដល់សេដ្ឋកិច្ច នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
លោកបន្តថា «ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក បានធ្វើឱ្យនិយ័តករ និងប្រតិបត្តិករ ក្នុងវិស័យធនាគារ តាមដានមើលគ្រប់គ្នាទាំងអស់ ដោយយកចិត្តទុកដាក់ ព្រោះវាប៉ះពាល់ដល់ស្ថានភាពពាណិជ្ជកម្មទាំងមូល នៅលើពិភពលោក ជាពិសេសនៅលើបណ្តាប្រទេសកំពុងអភិវឌ្ឍន៍»។
តែយ៉ាងណា លោកសង្កេតឃើញថា អត្រាការប្រាក់ដែលដំឡើងនៅលើកចុងក្រោយ កាលពីសប្តាហ៍មុននេះ ក្នុងកម្រិតទាបជាងរាល់ដង ពោលគឺត្រឹមតែ ០.២៥%ប៉ុណ្ណោះ ខណៈកាលពីកន្លងមកដំឡើងក្នុងអត្រា ០.៥% ឬ០.៧៥%ជាដើម។
លោកលើកឡើថា បើទោះបីជាអត្រាការប្រាក់នៅលើទីផ្សារអន្តរជាតិកើនឡើងខ្ពស់ និងអត្រាការប្រាក់សន្សំរបស់គ្រឹះស្ថានធនាគារនៅកម្ពុជាក៏កើនឡើងខ្ពស់ក៏ដោយ ប៉ុន្តែគ្រឹះស្ថានធនាគារនៅកម្ពុជា នៅតែបន្តបន្តផ្តល់ឥណទានជាធម្មតា ជាមួយនឹងការកើនឡើងអត្រាការប្រាក់បន្តិចបន្ទួចនោះបើប្រៀបធៀបជាមួយនឹងការហក់ឡើងនៃអត្រាការប្រាក់នៅលើទីផ្សារអន្តរជាតិ និងអត្រាការប្រាក់សន្សំរបស់គ្រឹះស្ថានធនាគារនៅកម្ពុជា។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ការរក្សានូវអត្រាការប្រាក់ដដែលនេះ បានធ្វើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាត់បង់ប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនមួយផ្នែក។ តែទោះជាយ៉ាងនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងមិនដំឡើងអត្រាការប្រាក់ឱ្យខ្ពស់ តាមទីផ្សារអន្តរជាតិនោះទេ ដើម្បីកុំឱ្យអតិថិជនរងនូវបន្ទុកការប្រាក់កាន់តែខ្ពស់។
តែយ៉ាងណាមិញ លោកបញ្ជាក់ថា ការរក្សានូវអត្រាការប្រាក់ដដែលនេះ មិនទាន់បង្កឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រងការខាតបង់នោះទេ។
លោកពន្យល់យ៉ាងដូច្នេះថា «សម្រាប់នៅកម្ពុជានៅ អត្រាការប្រាក់ជាទូទៅសម្រាប់អតិថិជន ដែលយើងមានស្រាប់ ពីមុនគិតអត្រាពីគាត់ ១២% ឬ១៣% ឬ១៨% ទៅតាមទំហំឥណទាន គឺឥលូវនៅតែប៉ុណ្ណឹង យើងអត់មានដំឡើងគាត់តាមទីផ្សារអន្តរជាតិ។ មីក្រូហិរញ្ញវត្ថុអាចនឹងមានផលប៉ះពាល់ដែរ ប៉ុន្តែយើងសុខចិត្តលេបគ្រួស លេបថ្ម ដើម្បីទទួលយកបញ្ហានេះ។ អតិថិជនដែលមានស្រាប់កន្លងមកជាទូទៅយើងមិនបានដំឡើងអត្រាការប្រាក់គាត់ទេ ប៉ុន្តែអតិថិជនដែលមកថ្មី យើងអាចនឹងពិចារណា ប៉ុន្តែជាទូទៅសឹងតែនៅតែដដែលទេ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ»។
បើតាមថ្នាក់ដឹកនាំនៃសមាគមទាំងពីរ ប្រព័ន្ធធនាគារកម្ពុជា សម្រេចបានលទ្ធផលល្អ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រកំណើនសេដ្ឋកិច្ច ដែលត្រូវបានប៉ានស្មានថាងើបឡើងវិញ ក្នុងអត្រា ៥.១%។ អត្រាប្តូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិកត្រូវបានរក្សាមានស្ថិរភាពក្នុងរង្វង់ ៤ ១០២រៀល ក្នុង១ដុល្លារអាមេរិក ហើយអត្រាអតិផរណាប្រចាំឆ្នាំ២០២២ មានកម្រិត ៥.៥%។
សូមជម្រាបថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក បានសម្រេចដំឡើងអត្រាការប្រាក់គោលក្នុងអត្រា ០.២៥% បន្ថែមទៀត ដើម្បីបន្ថយអតិផរណាឱ្យមកនៅកម្រិតទាបវិញ។ បើតាមការលើកឡើងរបស់ ប្រធានធនាគារកណ្ដាលអាមេរិក លើកឡើងថា ការដំឡើងអត្រាការប្រាក់ នឹងមិនទាន់បញ្ចប់ត្រឹមនេះទេ អាចនឹងមានការដំឡើងជាបន្តបន្ទាប់ពី២ ទៅ៣ដងបន្ថែមទៀតនាពេលខាងមុខ បើទោះបីជាការដំឡើងអត្រាការប្រាក់ចុងក្រោយនេះ មានក្នុងអត្រាទាបជាងការដំឡើងមុនៗក៏ដោយ៕