(ភ្នំពេញ)៖ គិតត្រឹមដំណាច់ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលជាធនាគារបង្កើតដោយរាជរដ្ឋាភិបាល បានផ្តល់ឥណទានដោយផ្ទាល់ ជូនដល់សហគ្រាសធុនតូច និងមធ្យមចំនួន ២៣១សហគ្រាសនៅកម្ពុជា ក្នុងទឹកប្រាក់ឥណទាន សរុបប្រមាណជា ៥៣.៤លានដុល្លារអាមេរិក ដើម្បីជួយសហគ្រាសទាំងនេះយកទៅស្តារ និងពង្រីកអាជីវកម្មបន្ថែម។
ក្នុងចំណោមកម្ចីទាំងនេះ បានផ្តល់ដល់សហគ្រិនជាស្រ្តីចំនួន ៦២សហគ្រាស និងសហគ្រិនជាបុរសចំនួន១៦៩ សហគ្រាស។
ទិន្នន័យនេះត្រូវបានបង្ហាញនៅក្នុង «សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣» ដែលបានរៀបចំឡើង នារសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដែលសិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារដែលធនាគារ សម្រេចបានចាប់តាំងពីការបង្កើត រហូតមកដល់បច្ចុប្បន្ន ដោយផ្អែកតាមទិន្នន័យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
ចំណែកគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម ជំហានទី១ និង ទី២ ដែលដែលបានបញ្ចប់ដោយជោគជ័យ នាពេលកន្លងទៅ បានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន ២ ៧៤៥ ស្មើនឹងទំហំទឹកប្រាក់សរុប៣៤០ លានដុល្លារអាមេរិក ដែលជាថវិកាបដិភាគស្មើគ្នារវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។
ជាមួយគ្នា SME Bank បាន និងកំពុងដំណើរការគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នូវចំនួនទឹកប្រាក់សរុប ១៥០ លានដុល្លារអាមេរិក ដែលជាថវិកាបដិភាគស្មើគ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២២ បានផ្តល់ឥណទានទៅម្ចាស់អាជីវកម្មស្ថិតនៅក្នុងវិស័យទេសចរណ៍ចំនួន ២៩២ ដែលមានទំហំឥណទានសរុបប្រមាណជា ៤២ លានដុល្លារអាមេរិក។
ក្រៅពីសមិទ្ធផលទាំងនេះ SME Bank បានឱ្យដឹងផងដែរថា ខ្លួនបាននិងកំពុងដាក់ឲ្យដំណើរការសាខាថ្មីចំនួនពីរ គឺសាខាខេត្តបាត់ដំបង និងសាខាផ្សារថ្មី ព្រមទាំងបានអភិវឌ្ឍដៃគូអាជីវកម្មជាមួយនឹងសមាគមសហគ្រាសធុនតូច និងមធ្យម ចំនួន១០ ដើម្បីជំរុញការបញ្ចេញឥណទានដោយផ្ទាល់ ទៅអតិថិជនគោលដៅ។
ទន្ទឹមគ្នា SME Bank បានអភិវឌ្ឍផលិតផលឥណទានដោយផ្ទាល់ចំនួនពីរបន្ថែមទៀត គឺគម្រោងហិរញ្ញប្បទានមិនមានទ្រព្យធានា (Unsecured Loan) និងឥណទានវិបារូបណ៍ (Overdraft Facility) និងបានអនុវត្តបន្ថែមមុខងារក្នុងប្រព័ន្ធធនាគារស្នូលដូចជា៖ តភ្ជាប់ប្រព័ន្ធសេវាផ្ទេរប្រាក់រហ័សរបស់ ធនាគារជាតិ នៃកម្ពុជា (FAST 2.0) សម្រាប់ ប្រាក់រៀល និងដុល្លារអាមេរិក ជាមួយ ២៧ ធនាគារសមាជិក បន្ថែមមុខងារផ្ដល់មូលប្បទានប័ត្រសាច់ប្រាក់ (Banker Cheque), ការប្ដូរប្រាក់ជាដើម។ មិនតែប៉ុណ្ណោះ ធនាគារក៏បានបង្កើននូវចំនួនបុគ្គលិកជាបន្តបន្ទាប់ដែលរហូតមកដល់ដំណាច់ឆ្នាំ២០២២ មានចំនួនបុគ្គលិកសរុបចំនួន ១៣៦ នាក់។
SME Bank បន្តថា៖ «ជាមួយនឹងសមិទ្ធផលដែលទទួលបានខាងលើ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្នុងនាមជាធនាគារគោលនយោបាយ នឹងបន្តឆន្ទៈក្នុងការស្វែងរកនូវយុទ្ធសាស្ត្រល្អៗ ដើម្បីបន្តបម្រើសេវាកម្មធនាគារប្រកបដោយ ប្រសិទ្ធភាពនិងគុណភាព ជូនដល់អតិថិជនដែលជាសហគ្រាស ធុនតូច និងមធ្យម ជាពិសេសផ្ដោតលើសហគ្រាសក្នុង វិស័យកម្មន្តសាល និងកែច្នៃផលិតផលកសិកម្ម ដើម្បីជួយគាំទ្រដល់ការអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»។
ធនាគារនឹងផ្ដោតទៅលើការបង្កើតសាខាបន្ថែមនៅតាមបណ្តាខេត្ត, ការអភិវឌ្ឍសេវាធនាគារឌីជីថល ដើម្បីអនុញ្ញាតឲ្យអតិថិជនមានលទ្ធភាពធ្វើប្រតិបត្តិការធនាគារពីគ្រប់ ទីកន្លែង និងគ្រប់ពេលវេលា, ការបង្កើនសមតុល្យ និងផលិតភាពឥណទាន និង ការអភិវឌ្ឍបណ្តាញចែកចាយដោយធ្វើកិច្ចសហការជាមួយដៃគូអាជីវកម្មដែលជួយឲ្យធនាគារអាចភ្ជាប់ទំនាក់ទំនងទៅកាន់អតិថិជនបានរហ័ស និងងាយស្រួល ជាងមុន។
សូមជម្រាបថា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាធនាគារគោលនយោបាយ ដែលទទួលបានអាជ្ញាបណ្ណប្រតិបត្តិការធនាគារ ពីធនាគារជាតិ នៃ កម្ពុជា កាលពីឆ្នាំ២០២០ ហើយធនាគារនេះបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម របស់រាជរដ្ឋាភិបាល និងមានបេសកកម្មផ្តល់ហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតនៅក្នុងវិស័យអាទិភាព៕