(បាងកក)៖ ក្រសួងពាណិជ្ជកម្មថៃមានសុទិដ្ឋិនិយមចំពោះពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសឡាវក្រោយពេលមន្ត្រីជាន់ខ្ពស់ថៃបានជួបសមភាគីរបស់ខ្លួនដើម្បីពន្លឿនការបើកឡើងវិញនូវច្រកព្រំដែនចំនួនបួននៅជាប់ខេត្តណងខៃប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីលោក Keerati Rushchano លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកពាណិជ្ជកម្មដែលបានថ្លែងក្រោយពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវកាលពីពេលថ្មីៗនេះ និងបានជួបលោក Phoukhong Bannavong អភិបាលរងក្រុងវៀងចន្ទន៍ និងជាប្រធាននាយកដ្ឋានផែនការ និងវិនិយោគក្រុវវៀងចន្ទន៍ថា លោកបានស្នើឱ្យលោក Phoukhong ពន្លឿនការបើកច្រកព្រំដែនចំនួនបួនឡើងវិញដែលបានបិទចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩ ដើម្បីជំរុញសេដ្ឋកិច្ចតាមព្រំដែន និងសម្រួលដល់វិស័យទេសចរណ៍។

លោក Keerati បាននិយាយថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកច្រកព្រំដែនទាំងបួននេះឡើងវិញនៅខាងភាគីថៃនៅពេលដែលទីក្រុងវៀងចន្ទន៍យល់ព្រមបើក។

ដោយដកស្រង់សំដីលោក Phoukhong លោក Keerati ថ្លែងថា ទីក្រុងវៀងច័ន្ទកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធប្រតិបត្តិការ និងធនធានមនុស្ស ហើយបានសន្យាបើកច្រកព្រំដែនឡើងវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីស្តារពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរឡើងវិញ។

លោក Keerati បានបន្ថែមថា ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាផ្តោតលើការតភ្ជាប់ទេសចរណ៍ជាមួយគ្នាទៅវិញទៅមកផងដែរដើម្បីបង្កើតអត្ថប្រយោជន៍ជាអតិបរមា។

យោងតាមកាសែតបាងកកប៉ុស្តិ៍ បច្ចុប្បន្ន ប្រទេសថៃមានច្រកព្រំដែនចំនួន៤៩ ជាមួយប្រទេសឡាវ។ ក្នុងចំណោមនោះ ច្រកព្រំដែនចំនួន៤៤ នៅខាងភាគីថៃកំពុងបើកដំណើរការ ខណៈឡាវបានបើកដំណើរការចំនួន ៣៦កន្លែង។

នៅឆ្នាំ២០២២ ពាណិជ្ជកម្មតាមព្រំដែនរវាងថៃ-ឡាវ បានកើនឡើងដល់ ២៦០ពាន់លានបាត (៧,៨៧ពាន់លានដុល្លារ) កើនឡើង ២១,១% ធៀបនឹងឆ្នាំ២០២១ ដែលស្មើនឹង ៩៤,៧% នៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ៕