(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ធនាគារកណ្តាលនានានៅទូទាំងពិភពលោកចាំបាច់ត្រូវបញ្ជាក់ច្បាស់លាស់ទៅកាន់ទីផ្សារហិរញ្ញវត្ថុអំពីភាពចាំបាច់ក្នុងការរក្សាអត្រាការប្រាក់ឱ្យនៅកម្រិតខ្ពស់ក្នុងរយៈពេលកាន់តែវែង ដើម្បីទម្លាក់អតិផរណាឱ្យមករកកម្រិតគោលដៅវិញ និងជៀសវាងការកើនឡើងវិញនៃសម្ពាធតម្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការព្រមាននេះកើតឡើងក្នុងគ្រាដែលមានការបន្ធូរបន្ថយខ្លាំងនូវលក្ខខណ្ឌហិរញ្ញវត្ថុចាប់តាំងពីខែតុលាមក បន្ទាប់ពីមានការដំឡើងអត្រាការប្រាក់ខ្លាំងកាលពីឆ្នាំមុនដោយធនាគារកណ្តាលនានាដើម្បីកាត់បន្ថយអត្រាអតិផរណាដែលបានកើនឡើងខ្ពស់ជាង ៦ភាគរយនៅក្នុងប្រទេសជាង ៨០ភាគរយនៃប្រទេសនៅទូទាំងពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Tobias Adrian ប្រធាននាយកដ្ឋានរូបិយវត្ថុ និងទីផ្សារមូលធននៃមូលនិធិ IMF និងអនុប្រធានរបស់លោកខណៈសរសេរនៅក្នុងប្លុកមួយថា៖ «ធនាគារកណ្តាលគួរតែផ្សាព្វផ្សាយអំពីភាពចាំបាច់ដែលទំនងជាត្រូវធ្វើដើម្បីរក្សាអត្រាការប្រាក់ឱ្យកាន់តែខ្ពស់ក្នុងរយៈពេលកាន់តែយូររហូតទាល់តែមានសញ្ញាបង្ហាញថា អតិផរណារួមទាំងប្រាក់ឈ្នួល និងតម្លៃសេវាកម្មផងដែរ វិលត្រលប់មករកកម្រិតគោលដៅកំណត់វិញ»

ពួកគេបានបន្ថែមថា៖ «ការបន្ធូរបន្ថយវិធានមុនកាលកំណត់អាចបង្កហានិភ័យនៃការកើនឡើងខ្លាំងនៃអតិផរណាជាថ្មី នៅពេលដែលសកម្មភាពនានាស្ទុះងើបឡើងវិញ ដែលធ្វើឱ្យប្រទេសនានាងាយទទួលរងបញ្ហាបន្ថែមទៀតដែលអាចកាត់បន្ថយការរំពឹងទុកពីការធ្លាក់ចុះអតិផរណា»