(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញ លើម៉ាកទំនិញចំនួន៣មុខបន្ថែមមានដូចជា អំបិល និងផ្កាអំបិលកំពត, បង្កងតាកែវ និងទឹកត្រីកំពត ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈប្រហុកសៀមរាប ក៏កំពុងគិតគូរចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា «អំបិល និងផ្កាអំបិលកំពត» ក្នុងខេត្តកំពត និងខេត្តកែប, «បង្កងតាកែវ» ក្នុងខេត្តតាកែវ, «ទឹកត្រីកំពត» ក្នុងខេត្តកំពត និងខេត្តកែប និងក្តាមថ្មកោះកុង ក្រសួងពាណិជ្ជកម្មកំពុង បន្ដអនុវត្តគម្រោងចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។ បន្ថែមពីនេះផលិតផល «ប្រហុកសៀមរាប» ក៏កំពុងតែគិតគូរចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញផងដែរ។

កន្លងមកក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញជាច្រើនប្រភេទរួមមាន ស្ករត្នោតកំពង់ស្ពឺ, ម្រេចកំពត, ទឹកឃ្មុំព្រៃមណ្ឌលគីរី និងក្រូចថ្លុងកោះទ្រង់ជាដើម។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកត់សំគាល់ជាទំនិញមានគុណភាព មានតម្លៃខ្ពស់ មានតម្រូវការទីផ្សារ ហើយនឹងក្លាយជាទំនិញមានការយកចិត្តទុកដាក់ ពីទីផ្សារអន្ដរជាតិ ទាក់ទាញការនាំចេញ មានការបញ្ជាទិញច្រើន និងជួយលើកមុខមាត់ប្រទេសកម្ពុជា លើទីផ្សារអន្ដរជាតិ ជាប្រទេសដែលមានទំនិញ សម្គាល់ភូមិសាស្រ្ដមានរសជាតិឆ្ងាញ់ និងមានកេរ្ដិ៍ឈ្មោះល្អ។

លោកបានបញ្ជាក់ថា «ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញ លើម៉ាកទំនិញចំនួន៣បន្ថែមទៀតនេះនឹងបង្ហាញពីលទ្ធភាពរបស់កម្ពុជា ក្នុងការឈានមួយចំហានទៀតចូលទីផ្សារអន្ដរជាតិ»

លោកបន្ដថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដ មិនត្រឹមតែមានតម្រូវការខ្ពស់ ក្នុងទីផ្សារនៃទំនិញប៉ុណ្ណោះទេ ប៉ុន្ដែភូមិសាស្រ្ដដែលបានផលិតទំនិញទាំងនេះ បានក្លាយជាតំបន់ទេសចរណ៍ ក្នុងការទាញទេសចរណ៍មកកម្ពុជា តាមរយៈការចុះមកដោយផ្ទាល់ ពីសំណាក់អ្នកទេសចរណ៍ ទៅដល់ទីកន្លែងភូមិសាស្រ្ដ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា «កាន់តែល្អប្រសើរនោះ គឺលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ដែលចូលក្នុងក្រុមផលិតកម្ម ផលិតផលិតផលទាំងអស់នេះ ឲ្យមានជីវភាពធូរធារ តាមរយៈការប្រែក្លាយទំនិញធម្មតា តម្លៃធម្មតា ក្លាយជាទំនិញលក់បានថ្លៃ មានការគាំទ្រ និងនាំចេញច្រើន នេះជាកត្តាយ៉ាងសំខាន់ ក្នុងការរួមចំណែកលើកស្ទូយជីវភាពរបស់ពលរដ្ឋ»

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ទំនិញ១ ឬ២មុខក្នុងចំណោមទំនិញទាំង៣មុខនេះ នឹងអាចចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញ​ក្នុងឆ្នាំនេះ ប៉ុន្ដែមិនអាចកំណត់ពេលវេលាជាក់លាក់ឡើយ ដោយសារតែការចុះបញ្ជីម៉ាកនីមួយៗ ត្រូវការពេលវេលា អ្នកជំនាញវាយតម្លៃ, អ្នកបច្ចេកទេស និងដើមទុន។

​លោកបន្តថា អត្ថប្រយោជន៍ដែលពលរដ្ឋទទួលបានពី ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញកន្លងមក គឺបានផ្លាស់ប្ដូរជីវភាពស្ទើតែទាំងស្រុង ជាក់ស្ដែងក្រូចថ្លុងកោះទ្រង់ឃើញថា បន្ទាប់ពីចុះបញ្ជីកំណើនបញ្ជារទិញមានច្រើន សឹងតែមិនមានផ្លែកក្រូចលក់ចេញ នេះជាអត្ថប្រយោជន៍ជាចម្បងនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញ៕