(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម (VAT) ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល៣ខែ គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា អាជីវកម្មទាំងអស់នេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ។

ដោយហេតុថា ស្ថានភាពសង្គម-សេដ្ឋកិច្ច នៅបន្តទទួលរងនូវហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ពីការប្រែប្រួលនិន្នាការតំបន់ និងសកល, ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្នុងគោលបំណងបន្ត កាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឲ្យងើបឡើងវិញ។

ជាក់ស្ដែង, សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងមានសម្ទុះងើបឡើងវិញ លើស្ទើរគ្រប់វិស័យ ទាំងក្នុងវិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ និងវិស័យសេវាកម្ម។

ជាមួយគ្នានេះ, សកម្មភាពអាជីវកម្មក្នុងគោលដៅទេសចរណ៍ជាច្រើនរួមទាំងរាជធានីភ្នំពេញ, ខេត្តក្នុងតំបន់ឆ្នេរ និងខេត្តមួយចំនួនទៀត មានកំណើនគួរឲ្យកត់សម្គាល់ ដោយសារការកើនឡើងយ៉ាងគំហុក នៃភ្ញៀវទេសចរជាតិ, ធុរជន និងវិនិយោគិន។

ទោះជាយ៉ាងនេះក្ដី, កំណើននៃភ្ញៀវទេសចរអន្តរជាតិអាចនឹងនៅបន្តមានភាពយឺតយ៉ាវក្នុងរយៈពេលខ្លីទៅមធ្យមខាងមុខ ដោយសារភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចសកល ដែលបន្តចោទជាសម្ពាធ ដល់វិស័យទេសចរណ៍ក្នុងគោលដៅមួយចំនួន ដែលតែងតែអាស្រ័យលើភ្ញៀវទេសចរអន្តរជាតិ ។

ក្នុងបរិការណ៍នេះ, ដោយពិនិត្យលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌសកលលោក, តំបន់ និងក្នុងប្រទេស, រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈ ប្រកបដោយភាពមិនប្រាកដប្រជានេះ៕

ខាងក្រោមនេះ ជាសេចក្ដី​ប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល៖