(ភ្នំពេញ)៖ តាមរយៈផែនទីបង្ហាញផ្លូវ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា រាជរដ្ឋាភិបាល បានដាក់គោលដៅបង្កើនទំហំនាំចេញ ក្នុងវិស័យអេឡិចត្រូនិកឲ្យបាន ១៦០០លានដុល្លារអាមេរិក ​និងបង្កើតការងារថ្មីជាង ១ម៉ឺនកន្លែង ត្រឹមឆ្នាំ២០២៧។

ឯកសារផែនទីបង្ហាញផ្លូវនេះ បានលើកឡើងថា ការនាំចេញរបស់វិស័យអេឡិត្រូនិក ១០ឆ្នាំចុងក្រោយ បានកើនឡើង ៦ដងប្រមាណ ៩២៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ខណៈចំនួនគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានកើនឡើងរហូតដល់ ៨៩គម្រោង ក្នុងឆ្នាំ២០១៩។

ជប៉ុន និងចិន ជាប្រភពទុនវិនិយោគសំខាន់ ក្នុងវិស័យអេមឡិចត្រូនិកនៅកម្ពុជា ខណៈដែលទីផ្សារនាំចេញសំខាន់ៗមាន៖ សហរដ្ឋអាមេរិក អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។ កំណើននៃការវិនិយោគក្នុងវិស័យនេះ បានជំរុញឱ្យកម្លាំងពលកម្មកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់៧០ដង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ បច្ចុប្បន្នកម្លាំងពលកម្មសរុបប្រមាណ ៣ម៉ឺននាក់។

វិស័យអេឡិចត្រូនិកនៅតែមានភាពធន់ និងវិវត្តជាបន្តបន្ទាប់ ស្របជាមួយនឹងការពន្លឿនរេខូបនីយកម្ម (Digitization) គួបផ្សំកំណើនប្រជាជន មានកម្រិតជីវភាពមធ្យម ពិសេសក្នុងបរិការណ៍ជំងឺកូវីដ១៩។ គួបផ្សំនឹងកំណើនប្រជាជន មានកម្រិតជីវភាពមធ្យម តម្រូវការបរិក្ខាអេឡិចត្រូនិក បាន និងកំពុងកើនឡើងយ៉ាងរហ័ស ពិសេសក្នុងទីផ្សារកំពុងរីកលូតលាស់ដូចជាអាស៊ាន។ តាមការព្យាករណ៍របស់ស្ថាប័នស្រាវជ្រាវ ទីផ្សារបរិក្ខារអេឡិចត្រូនិកជាសកលថានឹងឈានដល់ ១.៤ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ហើយអាស៊ានជាទីផ្សារ ដែលរីកលូតលាស់លឿនបំផុត សម្រាប់ឧបករណ៍អេឡិចត្រូនិក មានកំណើនជាមធ្យមប្រចាំឆ្នាំ ៦.៥% បន្ទាប់ពីប្រទេសប្រេស៊ីល និងឥណ្ឌា។

តាមផែនទីបង្ហាញផ្លូវលើកឡើងថា «ការកើនឡើងនូវតម្រូវការបរិក្ខារអេឡិចត្រូនិកទូទាំងពិភពលោក បាននិងកំពុងផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់កម្ពុជា ក្នុងការចាប់យកចំណែកទីផ្សារនៃ ផលិតផលផ្សេងទៀត ដែលមានកំណើនតម្រូវការខ្ពស់»

ផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិកនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ដោយការនាំចេញមានការកើនឡើង ក្នុងអត្រា២០% ក្នុងមួយឆ្នាំពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ដែលត្រូវបានជំរុញជាចម្បង ដោយការផលិតខ្សែបង្គុំអគ្គិសនី ខ្សែអំពូល ម៉ូទ័រ និងអំពូលអគ្គិសនីអិលអ៊ីឌី ដែលជាកសម្មភាពអតិពលកម្ម។

ទោះជាយ៉ាងនេះក្តីក៏មានសញ្ញាណវិជ្ជមានផងដែរ នៃសក្តានុពលកំណើន ក្នុងផ្នែកផលិតកម្ម គ្រឿងដំឡើងបន្ទាប់បន្សំ ឬគ្រឿងបង្គុំបន្ទះសៀគ្វីបោះពុម្ភរួច ព្រមទាំងការផ្តុំដំឡើងផលិតផលប្រើប្រាស់ផ្សេងទៀត ដូចជាឧបករណ៍បំពងសំលេង និងម៉ាស៊ីនថតរូបជាដើម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ពេលនេះកម្ពុជាដល់ពេលប្ដូរពីវិស័យកាត់ដេរ វិស័យផលិតម្ហូបអាហារ មកជាវិស័យគ្រឿងអេឡិចត្រូនិកវិញ ត្រង់ចំណុចនេះរាជរដ្ឋាភិបាលកម្ពុជា ត្រូវលើកទឹកចិត្ត និងជំរុញឲ្យបានច្រើន លើកម្លាំងពលកម្ម ដែលមានជំនាញលើវិស័យអេឡិចត្រូនិកនេះ។ ដូច្នេះកម្មករក៏អាចសិក្សាបច្ចេកទេសវិជ្ជាជីវៈក្នុងរយៈពេលខ្លី ដើម្បីឲ្យកម្មករបានចេះពីរបៀបធ្វើការ ក្នុងវិស័យអេឡិចត្រូនិកនេះ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ចំពោះវិស័យអេឡិចត្រូនិក ពិតជាមានមោទនភាពណាស់ ដែលកម្ពុជាបានទាក់ទាញវិនិយោគលើវិស័យនេះ ពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះគោដៅនៃការនាំចេញ១៦០០លានដុល្លារ ពិតជាមិនមានផលលំបាកនោះទេ បើតាមស្ថានភាពនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីកម្ពុជាបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ធ្វើឲ្យខ្សែចង្វាក់ផលិតកម្មដំណើរការបានល្អប្រសើរ និងមិនមានការរាំងស្ទះ។

លោកឧកញ៉ាបានបញ្ជាក់ថា «អ្វីដែលជាគោលដៅទាក់ទាញវិនិយោគឲ្យកាន់តែរឹងមាំ គឺកម្ពុជាមានច្បាប់វិនិយោគថ្មី ដែលផ្ដល់ការលើកទឹកចិត្តច្រើន ដល់វិនិយោគិនមកកម្ពុជា ដែលធ្វើឲ្យអ្នកវិនិយោគមិនរារែកក្នុងការវិនិយោគនោះទេ ជាក់ស្ដែងមានក្រុមហ៊ុន ចិន ជប៉ុន កូរ៉េ និងបណ្ដាប្រទេសផ្សេងទៀត មកវិនិយោគនៅកម្ពុជា ហើយនេះជាគំរូមួយបង្ហាញដល់អ្នកវិនិយោគដទៃទៀត ចូលមកវិនិយោគនៅកម្ពុជា»