(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្ត ជាពិសេសដល់វិនិយោគិនកូរ៉េក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ពិចារណាធ្វើការវិនិយោគនៅកម្ពុជា ជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដោយសារវិនិយោគិនកូរ៉េមានឧត្តមភាពក្នុងវិស័យនេះ។

លោកបន្ថែមថា ដើម្បីជំរុញឱ្យវិស័យនេះរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា ទើបបានអនុម័តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះធ្វើឡើងក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ ដែលរៀបចំឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Intercontinental COEX Seoul ទីក្រុងសេអ៊ូល។

វេទិកាធុរកិច្ច និងវិនិយោគនេះ ត្រូវបានរៀបចំឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងបរិការណ៍នៃការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងច្បាប់ថ្មី ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានសហការរៀបចំវេទិកានេះឡើង និងតែងតែចូលរួមចំណែកជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការទាក់ទាញវិនិយោគបរទេស ក្រោមក្របខណ្ឌនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច។

លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានគាំទ្រដល់កម្ពុជាក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលកន្លងមក។ ជាការកត់សម្គាល់ កាលពីចុងឆ្នាំ២០២២ កន្លងទៅ រដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាង់សង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េភ្ជាប់រាជធានីភ្នំពេញ និងក្រុងអរិយក្សត្រ ក្នុងទឹកប្រាក់ប្រមាណ ២៤៦លានដុល្លារ ដែលនឹងជួយពង្រឹងផ្នែកដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ។

ពាក់ព័ន្ធនឹងការវិនិយោគ លោករដ្ឋមន្ត្រីប្រតិភូបានវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់កូរ៉េនៅកម្ពុជា នាពេលកន្លងមក ដែលមិនត្រឹមតែបាននាំមកនូវទុនវិនិយោគ និងបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវស្មារតីមោះមុតជម្នះគ្រប់ឧបសគ្គផងដែរ។

លោកបានជម្រាបជូនវិនិយោគិនកូរ៉េ អំពីបរិយាកាសវិនិយោគ ដ៏អំណោយផលរបស់កម្ពុជា និងបានអំពាវនាវឱ្យវិនិយោគិនកូរ៉េ ធ្វើការបណ្តាក់ទុននៅកម្ពុជា ដោយចាប់យកនូវឧត្តមភាព ដែលកម្ពុជាទទួលបាន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមាន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ និងការលើកទឹកចិត្តវិនិយោគ ក្រោមក្របខណ្ឌនៃច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលជាធរមាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១៕