(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា បញ្ហាសង្រ្គាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចធំៗពីរ គឺសហរដ្ឋអាមេរិក និងចិន កំពុងតែបង្កឱ្យពិភពលោក ឈានទៅដល់ដំណាក់កាលមួយ គឺបែងចែកខ្សែច្រវាក់ផ្គត់ផ្គង់ជាពីរដាច់ពីគ្នា។
ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោក វង្សី វិស្សុត បានលើកឡើងពីនិន្នាការថ្មីៗរបស់ពិភពលោក នាពេលបច្ចុប្បន្ននេះ បាននិងកំពុងឈានដល់ដំណាក់កាលមួយ គឺការបែកបាក់ជាប្រព័ន្ធទាំងនយោបាយ និងសេដ្ឋកិច្ច ដោយសារសង្រ្គាមពាណិជ្ជកម្ម សង្រ្គាមវិនិយោគ និងសង្រ្គាមបច្ចេកវិទ្យា ដែលអាចបង្កើតសេណារីយ៉ូ ពីរទៅថ្ងៃមុខ គឺទី១ មិនមានសកលភាវូបពាណិជ្ជកម្មទៀត (Reglobalization) និងសេណារីយ៉ូទី២ គឺចាប់ផ្តើមឡើងវិញនៃតំបន់ភាវូបពាណិជ្ជកម្ម (Reglobalization)។
លោកមានប្រសាសន៍ថា និន្នាការបច្ចុប្បន្ននេះបានងាកទៅរកសេណារីយ៉ូទី១ច្រើនជាង ពោលគឺនឹងមានការបែងចែកខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain) ជាពីរដាច់ពីគ្នា ដែលមួយមានចិននៅកណ្តាល និងមួយទៀតមានអាមេរិកនៅកណ្តាល ដែលធ្វើឱ្យរងការខាតបង់យ៉ាងច្រើន ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។
លោកបន្ថែមសង្រ្គាមខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain) នេះ មិនត្រឹមតែបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្មប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលដល់ការវិនិយោគផងដែរ។ ប្រសិនបើពិភពលោកដើរដល់ដំណាក់ការនេះ នឹងធ្វើឱ្យពិភពលោករងការខាតបង់យ៉ាងច្រើន ពោល គឺអាចនឹងខាតបង់សេដ្ឋកិច្ច ៧% នៃ GDPពិភពលោក ។ ក្នុងនោះ ប្រទេសអ្នកមានធ្លាក់ចុះតែ ៥% នៃGDPទេ តែប្រទេសអ្នកក្រ ឬប្រទេសកំពុងអភិវឌ្ឍន៍ នឹងធ្លាក់ចុះរហូតដល់ ១២% នៃ GDP។
ចំណែកសេណារីយ៉ូ ទី២ គឺការចាប់ផ្តើមឡើងវិញនៃប្រព័ន្ធសកលភាវូបពាណិជ្ជកម្ម (Reglobalization) គឺជារៀបចំប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិជាថ្មី ដើម្បីបន្ថយហានិភ័យនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក ដើម្បីកុំឱ្យពឹងផ្អែកលើប្រទេសណាមួយពេក ដូចជាកុំរំពឹងលើចិនពេក ឬរំពឹងលើអាមេរិកពេក។
លោកកត់សម្គាល់ថា ចំពោះសេណារីយ៉ូទី២ ទទួលបានការគាំទ្រច្រើន ពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ចិន និងអឺរ៉ុប ខណៈអង្គការពាណិជ្ជកម្មពិភពលោក WTO ក៏កំពុងរៀបចំទៅរកសេណារីយ៉ូទី២ នេះផងដែរ។
លោកបានពន្យល់បន្ថែមថា «បើពិភពលោកដើរទៅរកទិស Reglobalization ហើយមានការបែងចែកខ្សែច្រវាក់ផ្គត់ផ្គង់ជា ២ (Supply chain) មួយមានចិននៅកណ្តាល និងមួយទៀតអាមេរិកនៅកណ្តាល យើងជាប្រទេសកំពុងអភិវឌ្ឍន៍មិនដឹងជា ត្រឡប់ត្រឡិនយ៉ាងម៉េចទេ។ យើងក៏មិនចង់ឃើញសេណារីយ៉ូនេះដែរ ហើយយើងចង់ឃើញ សេណារីយ៉ូ Reglobalization ដែលខ្ញុំថា WTO កំពុងដឹកមុខធ្វើនេះ ហើយមានប្រទេសមួយចំនួនធំកំពុងតែរុញរឿងនេះឱ្យខ្លាំងឡើង ចិនក៏គាំទ្រដែរ អឺរ៉ុបក៏គាំទ្រដែរ មានតែអាមេរិកមួយទេតែមិនសូវគាំទ្រ ហើយប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់សុទ្ធតែគាំទ្រ ព្រោះអត់ចង់ហែកពិភពលោកជាពីរនោះទេ ព្រោះអ្នកតោងអាមេរិកក៏ខុស តោងចិនក៏ខុស ជាពិសេសគឺកម្ពុជា និងអាស៊ាន មិនចង់កាន់ជើងខាងណាទេ គឺចង់នៅកណ្តាល មិនចង់ធ្វើសត្រូវជាមួយអ្នកណាទេ នេះជាជំហររបស់ប្រទេសភាគច្រើន ដូច្នេះនិន្នាការ Reglobalization ក៏ចាប់ផ្តើមរីកខ្លាំងដែរ ខ្ញុំសង្ឃឹមថាទៅនឹងផ្លូវហ្នឹងចុះ»៕