(បាងកក)៖ ការវិនិយោគពីបរទេសក្នុងប្រទេសថៃបានកើនឡើង ៥៦% កាលពីឆ្នាំមុនដល់ ១២៩ពាន់លានបាត (៣,៩៤ពានលានដុល្លារ) បើគិតជាតម្លៃ ដោយប្រទេសជប៉ុនបានឈរនៅលើកំពូលតារាងវិនិយោគ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មថៃថា តម្លៃវិនិយោគរបស់ប្រទេសជប៉ុនមានចំនួន ៣៩,៥ពាន់លានបាត (១,២ពាន់លានដុល្លារ) ខណៈប្រទេសចិនដែលជាប់ចំណាត់ថ្នាក់ទី២ មានចំនួន ២៣,៣ពាន់លានបាត (៧១១លានដុល្លារ) និងក្រុងហុងកុងជាប់ចំណាត់ថ្នាក់ទី៣ មានចំនួន ១៨,២ពាន់លានបាត (៥៥៦លានដុល្លារ)។

លោក Sinit Lertkrai អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ស្ថិតក្រោមច្បាប់ស្តីពីធុរកិច្ចបរទេស គណៈកម្មាធិការពាណិជ្ជកម្មបរទេសបានផ្តល់ការអនុម័តដល់កម្មវិធីវិនិយោគសរុបចំនួន ៥៨៣ ក្នុងឆ្នាំ២០២២ កើនឡើង ២% ។

តម្លៃវិនិយោគក្នុងឆ្នាំ២០២១ មានចំនួន ៨២,៥ពាន់លានបាត។

ការវិនិយោគពីបរទេសកាលពីឆ្នាំមុនបានផ្តល់ការងារដល់កម្មករក្នុងស្រុកចំនួន ៥ ២៥៣នាក់ ធ្លាក់ចុះ ៤% ធៀបនឹងឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងទៀតថា និយោជិតធុរកិច្ចជប៉ុនក៏ជាប់ចំណាត់ថ្នាក់លេខមួយផងដែរ បើគិតពីចំនួនវិនិយោគិន។

មានវិនិយោគិនជប៉ុនចំនួន ១៥១នាក់ស្មើនឹង ២៦% នៃវិនិយោគិនបរទេសសរុប បន្ទាប់គឺសិង្ហបុរីដែលមានវិនិយោគិនចំនួន ៩៨នាក់ (១៧%) និង ៧១នាក់មកពីសហរដ្ឋអាមេរិក (១២%) ។ វិនិយោគិនចិនមានត្រឹមតែ ៣១នាក់ (៥%) ប៉ុណ្ណោះ ប៉ុន្តែតម្លៃវិនិយោគរបស់ពួកគេជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីជនជាតិជប៉ុន។ ចំនួនវិនិយោគិនមកពីក្រុងហុងកុងកើនដល់ ៤០នាក់ ស្មើនឹង ៧% នៃវិនិយោគិនបរទេសសរុប។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕