(បាងកក)៖ ក្រុមអ្នកវិភាគបានឱ្យដឹងថា ការកើនឡើងវិស័យទេសចរណ៍ពីការបើកចំហរប្រទេសឡើងវិញរបស់ចិននឹងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ក្នុងការស្តារកំណើនសេដ្ឋកិច្ចឱ្យដល់កម្រិតមុនមានការរាតត្បាតជំងឺនៅឡើយទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

យោងតាមការព្យាករជាមធ្យមនៅក្នុងការស្ទង់មតិរបស់សេដ្ឋវិទូដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីពេលថ្មីៗនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃនឹងអាចកើនឡើង ៣,៧% នៅឆ្នាំនេះ។ បើទោះជាកំណើននេះនឹងក្លាយជាកំណើនដ៏លឿនបំផុតក្នុងរយៈពេល ៥ឆ្នាំក៏ដោយ ក៏អត្រានេះស្ថិតនៅទាបជាងកំណើន ៤,២% ដែលសម្រេចបានក្នុងឆ្នាំ២០១៧ និង២០១៨ ផងដែរ។

បព្ហានេះក៏ដោយសារតែក្រុមសេដ្ឋវិទូរំពឹងថា ការមកដល់របស់ភ្ញៀវទេសចរចិននឹងមានប្រហែលពាក់កណ្តាលរហូតដល់ចំនួន ១០លាននាក់ដែលរដ្ឋាភិបាលថៃព្យាករថានឹងទៅទស្សនាប្រទេសថៃនៅឆ្នាំនេះ។ សេដ្ឋវិទូចំនួនប្រាំបួននាក់ដែលបានស្ទង់មតិមើលឃើញថា វិស័យទេសចរណ៍របស់ប្រទេសថៃចាប់ផ្តើមការងើបឡើងវិញពេញលេញដល់កម្រិតមុនវិបត្តិកូវីដ ចាប់ពីឆ្នាំ២០២៤។

ប្រហែល ២៨% នៃភ្ញៀវទេសចរចំនួន ៤០លាននាក់ដែលបានទស្សនាប្រទេសថៃមុនពេលកើតមានជំងឺរាតត្បាតមកពីប្រទេសចិន។ វិស័យទេសចរណ៍មានយ៉ាងហោចណាស់ ១២% នៃសេដ្ឋកិច្ចថៃ និងបង្កើតការងារចំនួនមួយភាគប្រាំនៃការងារ ខណៈដែលការប្រើប្រាស់ឯកជនមានចំនួន ៥០% នៃផលិតផលក្នុងស្រុកសរុប។ រួមជាមួយនឹងការនាំចេញដែលស្មើជាងពាក់កណ្តាលនៃទិន្នផលសេដ្ឋកិច្ច វិស័យទាំងពីរនេះបង្កើតបានជាសរសៃឈាមនៃសេដ្ឋកិច្ចថៃ។

ខណៈពេលដែលអ្នកធ្វើដំណើរចូលក្នុងប្រទេសថៃទំនងជាមានចំនួនច្រើនជាងការប៉ាន់ប្រមាណបឋមរបស់រដ្ឋាភិបាលថៃដែលថាមានចំនួន ២៥លាននាក់នៅឆ្នាំនេះ ការនាំចេញទៅក្រៅប្រទេសត្រូវបានគេមើលឃើញថានឹងធ្លាក់ចុះនៅពេលដែលសេដ្ឋកិច្ចពិភពលោកថមថយ ហើយប្រាក់បាតបានឡើងថ្លៃជិតដល់កម្រិតខ្ពស់ក្នុងរយៈពេល ១០ខែ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕