(ម៉ាឌ្រីដ)៖ អង្គការទេសចរណ៍ពិភពលោក (WTO) បានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិបានកើនឡើងទ្វេដងក្នុងឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ ហើយគួរតែកើនឡើងដល់ជិតកម្រិតមុនមានការរាតត្បាតជំងឺកូវីដ-១៩ នៅឆ្នាំ២០២៣ ដោយសារការលុបចោលការរឹតបន្តឹងការធ្វើដំណើរ ជាពិសេសនៅក្នុងប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលចេញផ្សាយដោយអង្គការទេសចរណ៍ពិភពលោកដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញថា ភ្ញៀវទេសចរពិភពលោកចំនួន ៩១៧លាននាក់បានធ្វើដំណើរកម្សាន្តកាលពីឆ្នាំមុន កើនឡើងពី ៤៥៥លាននាក់ក្នុងឆ្នាំ២០២១ ដែលជា «លទ្ធផលខ្ពស់ជាងការរំពឹងទុកខ្លាំង»។

ខណៈពេលដែលចំនួនភ្ញៀវទេសចរអន្តរជាតិកាលពីឆ្នាំមុននៅតែមាន ៦៣ភាគរយនៃកម្រិតដែលបានប្រកាសក្នុងឆ្នាំ២០១៩ មុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ នោះ ស្ថាប័នអង្គការសហប្រជាជាតិមួយនេះព្យាករថា វាអាចឡើងដល់ ៨០ភាគរយទៅ ៩៥ភាគរយនៅឆ្នាំ២០២៣។

លោក Zurab Pololikashvili អគ្គលេខាធិកាអង្គការទេសចរណ៍ពិភពលោកបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ឆ្នាំថ្មីនាំមកនូវហេតុផលបន្ថែមទៀតសម្រាប់សុទិដ្ឋិនិយមសម្រាប់ទេសចរណ៍ពិភពលោក»

របាយការណ៍ដដែលនេះបានឱ្យដឹងថា ទេសចរណ៍អន្តរជាតិអាចនឹងស្ទុះងើបឡើងវិញនៅឆ្នាំ២០២៣ ដែលគាំទ្រដោយការកើនឡើងតម្រូវការ ជាពិសេសពីអាស៊ី និងប៉ាស៊ីហ្វិកដែលជាទិសដៅ និងទីផ្សារបើកចំហ។ របាយការណ៍នេះបានបន្ថែមថា៖ «ក្នុងរយៈពេលខ្លី ការចាប់ផ្តើមការធ្វើដំណើរឡើងវិញពីសំណាក់ប្រទេសចិនទំនងជាផ្តល់ផលប្រយោជន៍ដល់គោលដៅទេសចរណ៍នានាក្នុងតំបន់អាស៊ី»