(បាងកក)៖ ក្រុមហ៊ុន Hua Seng Heng Gold Futures ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុនថៃបានឱ្យដឹងថា តម្លៃមាសរំពឹងថានឹងឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៨ខែគឺ ១ ៩៥០ដុល្លារក្នុងមួយអោន (៨,៣ជី) នៅសប្តាហ៍នេះដោយសារការភ័យខ្លាចមានការដើរថយក្រោយនៃសេដ្ឋកិច្ចសកល។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

តម្លៃមាសបានកើនឡើង ២៣,៥ដុល្លារនៅពេលបិទការជួញដូរនៅថ្ងៃសុក្រ ដែលធ្វើឱ្យតម្លៃកើនដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសាឆ្នាំ២០២២ ដល់ ១ ៩២១,៨ដុល្លារដោយសារការធ្លាក់ចុះថ្លៃប្រាក់ដុល្លារ។

នៅពេលដែលអតិផរណានៅសហរដ្ឋអាមេរិកបានថយចុះមកត្រឹម ៦,៥៥% នៅក្នុងខែធ្នូពី ៧,១% នៅខែវិច្ឆិកា ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក (Fed) នឹងបន្ថយល្បឿនការដំឡើងអត្រាការប្រាក់។

យោងតាមកាសែតបាងកកប៉ុស្តិ៍ តម្លៃមាសបានកើនឡើង ៥,២៦% ចាប់តាំងពីដើមឆ្នាំនេះមក។ ក្រុមហ៊ុន Hua Seng Heng Gold Futures បានឱ្យដឹងថា តម្លៃមាសអាចបន្តកើនឡើងក្នុងរយៈពេលខ្លី ប៉ុន្តែអាចនឹងមានការកែប្រែការព្យាករនេះបន្ទាប់ពីបុណ្យចូលឆ្នាំចិនរួចដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានចេញផ្សាយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ខ្លួន ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះអតិផរណារបស់អាមេរិក។

ព្រឹត្តិការណ៍មួយទៀតដែលនឹងប៉ះពាល់ដល់ការប្រែប្រួលតម្លៃមាសក្នុងសប្តាហ៍នេះគឺវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅទីក្រុងដាវ៉ូស ប្រសិនស្វ៊ីសចាប់ពីថ្ងៃទី១៦ ដល់ ២០ ខែមករា។

លោក Tanarat Pasawongse នាយកប្រតិបត្តិក្រុមហ៊ុន Hua Seng Heng Group បានប្រាក់កាសែតបាងកកប៉ុស្តិ៍ថា វិនិយោគិននឹងតាមដានយ៉ាងដិតដល់លើវេទិកា WEF នៅឆ្នាំនេះ ដែលជាកិច្ចប្រជុំទល់មុខគ្នាលើកដំបូងរបស់ព្រឹត្តិការណ៍នេះក្នុងរយៈពេលពីរឆ្នាំ ដែលមេដឹកនាំនយោបាយ និងធុរកិច្ចឈានមុខគេលើពិភពលោកកំពុងចូលរួម។ ប្រធានបទសំខាន់នៃកិច្ចប្រជុំ WEF គឺជាការពិភាក្សាអំពីវិធីផ្សេងៗដើម្បីជៀសផុតពីការដើរថយក្រោយនៃសេដ្ឋកិច្ច៕