(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានប្រកាសជាផ្លូវការ ដាក់ចេញក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យអនុវត្តពេញលេញ។

ការដាក់ឲ្យអនុវត្តនេះធ្វើឡើងបន្ទាប់ ពីក្រមនេះត្រូវបានប្រកាសដាក់ឱ្យ អនុវត្តបណ្តោះអាសន្នកាលពី ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានរៀបចំសិក្ខាសាលាតម្រង់ទិស និងការពង្រឹងការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រោមការចូលរួមពីលោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា។

លោក គិត សុវណ្ណារិទ្ធ បានកោតសសើរ ដល់សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំ និងអនុវត្តក្រមប្រតិបត្តិ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន ជាសមិទ្ធផលសំខាន់ សម្រាប់រក្សាស្ថិរភាពប្រព័ន្ធធនាគារ និងពង្រឹងជំនឿទុកចិត្ត របស់សាធារណជន។

លោកបានបន្ដថា គ្រឹះស្ថានជាសមាជិកដែលបានខិតខំ អនុវត្តតាមគោលការណ៍នៃក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទានក៏ជាកត្តាចាំបាច់មួយទៀត ដើម្បីរួមគ្នារក្សាបាននូវការផ្តល់នៃ ក្រមប្រតិបត្តិសីលធម៌វិជ្ជាជីវៈ ទទួលខុសត្រូវ និងគិតគូរដល់សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។

លោក គិត សុវណ្ណារិទ្ធ បានបន្ថែមថា ការរក្សាបាននូវស្ថិរភាព និងចីរភាពនៃការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុក៏ដូចជា ការពង្រឹងការអនុវត្តគោលការណ៍ទីផ្សារ និងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ទាមទារឱ្យមានការចូលរួមអនុវត្តគោលការណ៍ទីផ្សារ និងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ទាមទារឱ្យមានការចូលរួម ពីធនាគារជាតិនៃកម្ពុជា និងវិស័យធនាគារឯកជន។

លោក សុវណ្ណារិទ្ធ បានបញ្ជាក់ថា «ខ្ញុំសូមគ្រឹះស្ថានហិរញ្ញវត្ថុ លើកកម្ពស់កិច្ចការពារ អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុបន្តទៀត និងត្រូវចាត់ទុកការងារនេះ ជាការងារអាទិភាព និងសំខាន់ចាំបាច់ ព្រមទាំងត្រូវធានាថា គ្រឹះស្ថានរបស់ខ្លួនធ្វើប្រតិបត្តិការ និងប្រកួតប្រជែងយកអតិថិជន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ»

លោក សុវណ្ណារិទ្ធ បន្ថែមទៀតថា ការអនុវត្តក្រមប្រតិបត្តិ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន ជាវេទិកាមួយជួយឱ្យគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចយល់ដឹងកាន់តែច្បាស់ ពីគោលការណ៍ទាំងអស់នៃក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទាន ព្រមទាំងមានឱកាសលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈម ដែលជួបប្រទះ បន្ទាប់ពីការដាក់ចេញឱ្យអនុវត្តជាបណ្តោះអាសន្ននូវក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទាននេះ។

លោក Raymond Sia ប្រធានក្រុមប្រឹក្សាបានថ្លែងថា ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ, អាកប្បកិរិយា និងសកម្មភាពរបស់គ្រឹះស្ថាននីមួយៗ មានសារៈសំខាន់ណាស់ដែលជាមូលដ្ឋានគ្រឹះ ក្នុងការកសាងសុចរិតភាព និងជំនឿទុកចិត្តជាមួយនឹងអតិថិជន និងសាធារណជន។

លោក Raymond Sia បន្តថា ជាតំណាងធនាគារនីមួយៗត្រូវផ្សព្វផ្សាយ និងជំរុញគុណតម្លៃទាំងនេះ ដើម្បីទទួលបានឧត្តមភាព ក្នុងគ្រប់កិច្ចការដែលយើងធ្វើ។

លោក Raymond បានបញ្ជាក់ថា «ខ្ញុំសូមប្រកាសថា ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន ត្រូវបានដាក់ឱ្យអនុវត្តពេញលេញចាប់ពីខែមករា ឆ្នាំ២០២៣នេះ ចំពោះសមាជិកសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះសមាជិកទាំងអស់ ដែលចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំ និងអនុវត្តក្រមនេះ ហើយបានដាក់ក្រមនេះ ចូលក្នុងគោលនយោបាយផ្ទៃក្នុង និងនិតីវិធីផ្ទៃក្នុងមួយចំនួនរបស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ»

សូមបញ្ជាក់ថា ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះត្រូវបានផ្តួចផ្តើម និងដាក់ឱ្យអនុវត្ត ស្របទៅនឹងយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដើម្បីធានាពីការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុមាននិរន្ទរភាព ភាពធន់លើកកម្ពស់ និងពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ និងធ្វើឱ្យប្រសើរឡើងនូវក្រមសីលធម៌ និងវីជ្ជាជីវៈសម្រាប់គ្រឹះស្ថាធនាគារ និងហិរញ្ញវត្ថុ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីក្រមប្រតិបត្តិត្រូវបានដាក់ឱ្យអនុវត្តសាកល្បង ជិតមួយឆ្នាំមកនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្សព្វផ្សាយ និងពង្រឹងការអនុវត្តក្រម តាមរយៈសិក្ខាសាលាថ្នាក់តំបន់ដែលរៀបចំឡើងដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់គ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ ស្តីពីការពង្រឹងសមត្ថភាព គ្រប់គ្រងសាខាប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ។

សិក្ខាសាលារៀបចំឡើង ដោយសមាគមមីក្រូហិរញ្ញវត្ថុទាំងអស់ មានការចូលរួមពីថ្នាក់ដឹកនាំភូមិភាគសាខា របស់សមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រមាណ៨០០នាក់ នៅទូទាំងប្រទេស។

លោក សុខ វឿន បានបន្តថា «យើងសង្កេតឃើញថា គ្រឹះស្ថានជាសមាជិករបស់សមាគមទាំងបី បានខិតខំយកចិត្តទុកដាក់ ក្នុងការអនុលោមតាមវិធាននៃក្រមប្រតិបត្តិ បើទោះជាវាមិនមានភាពងាយស្រួលក៏ដោយ ដើម្បីបុព្វហេតុនៃការចូលរួមចំណែក ធ្វើឱ្យប្រព័ន្ធធនាគារកាន់តែរឹងមាំ ប្រកបទៅដោយបរិយាបន្ន និងកិច្ចការពារអតិថិជន គ្រឹះស្ថានទាំងអស់បានខិតខំពុះពារ ធ្វើយ៉ាងណាឱ្យខានតែបាន ក្នុងការកែលម្អប្រព័ន្ធ និងគោលនយោបាយរបស់ខ្លួន ដើម្បីធានាថា គ្រឹះស្ថានរបស់ខ្លួនអនុវត្តបានយ៉ាងពេញលេញ តាមស្តង់ដារដែលបានចែងនៅក្នុងក្រមនេះ»