Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២.២លាននាក់, ភ្ញៀវទេសចរថៃច្រើនជាងគេជាង ៨៥ម៉ឺននាក់ (Video inside)

19-01-2023 14:45

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.២លាននាក់ ជាមួយនឹងជើងហោះហើរចូលក្នុងប្រទេសជិត៣ម៉ឺនជើង។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

របាយការណ៍របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅ ចំនួនភ្ញៀវអន្តរជាតិ ដែលចូលមកកម្សាន្ត នៅប្រទេសកម្ពុជាមានចំនួន ២,២៧៦,៦២៦នាក់ ដែលមានការកើនឡើងដល់ទៅ ១០៥៨.៦ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែ ១៩៦,៤៩៥នាក់ប៉ុណ្ណោះ។

របាយការណ៍ដដែលបានបញ្ជាក់ពីទីផ្សារទេសចរណ៍កំពូលទាំង ១០របស់កម្ពុជារួមមាន៖
* ថៃ ៨៥៣,៣៧៦នាក់
* វៀតណាម ៤៦៣,៩៩៥នាក់
* ចិន ១០៦,៨៧៥នាក់
* សហរដ្ឋអាមេរិក ៩៣,៣៨៦នាក់
* ឡាវ ៩២,៦០៩នាក់
* ឥណ្ឌូណេស៉ី ៧៥,៦៥៣នាក់
* កូរ៉េខាងត្បូង ៦៤០៤០នាក់
* បារាំង ៥៦,៥០៩នាក់
* ម៉ាឡេស៉ី ៥៣,១២៣នាក់
* ចក្រភពអង់គ្លេស ៤៤,១២៣នាក់។

ចំពោះភ្ញៀវទេសចរកម្ពុជា ដែលចេញក្រៅប្រទេសក្នុងឆ្នាំ ២០២២ មានចំនួនសរុប ៩៧០,២៩២នាក់ កើនឡើងដល់ទៅ ៣០៧៩.៥ភាគរយ ខណៈភ្ញៀវអន្តរជាតិ ដែលបានចេញក្រៅប្រទេសកម្ពុជាដែរនោះ គឺមានចំនួន ២,០៨២,៧៩២នាក់ កើនឡើង ១០៣៤.៤ភាគរយ។

ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ក៏បានបង្ហាញរបាយការណ៍របស់ខ្លួនដែរថា នៅក្នុងឆ្នាំ២០២២ កម្ពុជាបានទទួលជើងហោះហើរមកពីក្រៅប្រទេសចំនួន ២៩,៩៤២ជើង។ គោលដៅដែលមានជើងហោះហើរមកកម្ពុជាច្រើនជាងគេបំផុត គឺវៀតណាម ថៃ និងសិង្ហបុរី។

របាយការណ៍បានបន្ថែមថា ជើងហោះហើរដែលចេញពីប្រទេសកម្ពុជា ទៅកាន់ពិភពលោកវិញនោះ គឺមានចំនួន ២២,៤៨៣ជើង កើនឡើង១៦ភាគរយ ដែលភាគច្រើន គឺហោះចេញទៅប្រទេសវៀតណាម ថៃ និងម៉ាឡេស៉ី៕