(ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គម្រោងសាងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានប្រមាណ ៤៣% ដោយចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់អស់ចំនួន ៦១៧លានដុល្លារ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះថា កន្លងការងារសាងសង់ព្រលានយន្តហោះនេះ បានជួបនូវឧបសគ្គមួយចំនួន តែយ៉ាងណាលោករំពឹងថា បន្ទាប់ពីប្រទេសចិនបើកប្រទេសឡើងវិញ ឧបសគ្គនៃការងារសាងសង់ នឹងត្រូវបានកាត់បន្ថយបានខ្លះៗ។
សូមជម្រាបថា គម្រោងព្រលានយន្តហោះភ្នំពេញថ្មី បានចាប់ផ្តើមដំណើរការសាងសង់ នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤ សម្រាប់ដំណាក់កាលទី១។
ដោយឡែក ការសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី សម្រេចបាន ៦៣%ហើយនៃការងារសរុប។ ទន្ទឹមនេះ ក្រុមហ៊ុនបានដាក់ចេញនូវផែនការ ២០២៣ ដោយបានធ្វើការប្តេជ្ញាចិត្តខ្ពស់ សម្រេចឱ្យការងារសាងសង់នេះឱ្យបាន ៩០% នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣។
លោក ស៉ីន ចាន់សិរីវុត្ថា បានឱ្យដឹងបន្តថា «ការងារសាងសង់គម្រោងទាំងមូល គ្រោងនឹងបញ្ចប់នៅចុងខែមិនា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការនៅ ខែតុលា ឆ្នាំ២០២៣ ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ។ នេះបើយោងលើកម្មវិធីការងារមេ (Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ AIAI»។
សូមជម្រាបថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ៣ឆ្នាំ និងគ្រោងចំណាយទុនវិនិយោគប្រមាណ ៨០០លានដុល្លារអាមេរិក៕