(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានទម្លាក់ការព្យាកររបស់ខ្លួនពីកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេស និងតំបន់ភាគច្រើន និងបានព្រមានថា ផលប៉ះពាល់អវិជ្ជមានថ្មីៗអាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ធនាគារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះបានឱ្យដឹងកាលពីថ្ងៃអង្គារថា ផលិតផលក្នុងស្រុកសរុបពិភពលោកនឹងកើនឡើង ១,៧% នៅឆ្នាំនេះ ពោលគឺមានកម្រិតតែពាក់កណ្តាលនៃការព្យាករក្នុងខែមិថុនាប៉ុណ្ណោះ។ អត្រាកំណើននេះនឹងក្លាយជាលទ្ធផលអាក្រក់បំផុតទីបីក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីការធ្លាក់ចុះនៅឆ្នាំ២០០៩ និង២០២០។
ធនាគារពិភពលោកក៏បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៤ផងដែរ ដោយលើកឡើងថា អតិផរណាខ្ពស់រ៉ាំរ៉ៃ និងអត្រាការប្រាក់ខ្ពស់គឺជាហេតុផលសំខាន់នៃការទម្លាក់ការព្យាករនេះ។ ធនាគារនេះក៏បានលើកឡើងពីផលប៉ះពាល់នៃការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងការធ្លាក់ចុះនៃការវិនិយោគផងដែរ។
លោក David Malpass ប្រធានធនាគារពិភពលោកបានសរសេរនៅក្នុងបុព្វកថានៃរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចសកលពាក់កណ្តាលឆ្នាំរបស់ធនាគារនេះថា «វិបត្តិដែលកំពុងប្រឈមចំពោះការអភិវឌ្ឍកំពុងកើនឡើងកាន់តែខ្លាំង» ហើយបញ្ហារាំងស្ទះដល់ភាពរុងរឿងរបស់សកលលោកនឹងបន្តកើតមាន។
លោកបានថ្លែងថា ផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសដែលជាទីផ្សារកំពុងស្ទុះងើប និងប្រទេសកំពុងអភិវឌ្ឍន៍នៅដំណាច់ឆ្នាំក្រោយនឹងមានប្រហែល ៦% ពោលគឺទាបជាងកម្រិតដែលរំពឹងទុកនៅមុនមានការរាតត្បាតជំងឺកូវីដ១៩។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ធនាគារពិភពលោកបានបន្តថា ការរីករាលដាលនៃឥទ្ធិពលថមថយសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុប កំពុងធ្វើឱ្យបញ្ហាផ្សេងៗដែលប្រឈមដោយប្រទេសក្រីក្រកើតមានកាន់តែខ្លាំងឡើង។ ខណៈពេលដែលអតិផរណាកំពុងថយចុះ មានសញ្ញាលេចឡើងថា សម្ពាធនានាកំពុងកើតមានកាន់តែខ្លាំងឡើង ដោយធនាគារកណ្តាលរបស់ប្រទេសនានាបានដំឡើងអត្រាការប្រាក់លឿនជាងការរំពឹងទុក។
ធនាគារពិភពលោកបានបន្តថា៖ «ការរួមផ្សំគ្នានៃកំណើនយឺត ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ និងបំណុលច្រើន ទំនងជាធ្វើឱ្យការវិនិយោគចុះខ្សោយ និងបង្កឱ្យសាជីវកម្មនានាក្ស័យធន។ វិធានការជាសកលជាបន្ទាន់ត្រូវការជាចាំបាច់ដើម្បីកាត់បន្ថយហានិភ័យចំពោះការដើរថយក្រោយនៃសេដ្ឋកិច្ចសកល និងវិបត្តិបំណុល»៕