(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាថានឹងមានកំណើនប្រមាណ ៦ភាគរយ ក្នុងឆ្នាំ២០២៣នេះ បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។ ការព្យាករណ៍នេះរំពឹងដោយសារ ការកើនឡើងនៃវិស័យកាត់ដេរ, ផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ និងវិស័យទេសចរណ៍។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជាស្ដីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ២០២៣» ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។
ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា «សេដ្ឋកិច្ចកម្ពុជាកំណើនត្រូវរំពឹងដោយសុទិដ្ឋិនិយមថា នឹងបន្តសម្រេចបានក្នុងរង្វង់ ៦ភាគរយនៅឆ្នាំ២០២៣នេះ បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។ កំណើននេះសម្រេចបានដោយសារការរំពឹងទុកពីកំណើន ក្នុងវិស័យកាត់ដេរចំនួន ៦.៩ភាគរយ, កំណើនពីផលិតផលកម្មន្តសាលមិនមែនកាត់ដេរកើន១៤.៣ភាគរយ និងកំណើននៃវិស័យទេសចរណ៍រំពឹងថានឹងមានកំណើន១៨.៥ភាគរយ»។
ការរំពឹងលើកំណើននៃវិស័យទេសចរណ៍ប្រមាណ ១៨.៥ភាគរយនេះ ដោយសារតែកំណើនភ្ញៀវទេសចរក្នុងស្រុក និងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការបង្កើនការតភ្ជាប់ជើងហោះហើរមកកម្ពុជាជាលំដាប់ និងការកើនឡើងទេសចរចិន ក្រោយការបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីការពារការរាលដាលជំងឺកូវីដ១៩ របស់រដ្ឋាភិបាលចិន។
និយាយចំពោះវិស័យកសិកម្មត្រូវបានព្យាករថា ឆ្នាំនេះនឹងមានកំណើនល្អជាងឆ្នាំ២០២២ ក្នុងអត្រា១.១ភាគរយ ដែលរួមចំណែកគាំទ្រដោយការចូលជាធរមាននៃ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ព្រមទាំងការដករបាំងពន្ធនាំចូលអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប៕