(ភ្នំពេញ)៖ អ្នកជំនាញអចលទ្រព្យ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ នៃការងើបឡើងវិញនៃវិស័យអចលទ្រព្យ នៅក្នុងឆ្នាំ២០២៣នេះ ក្រោយពីរងផលប៉ះពាល់ប្រមាណ៣ឆ្នាំជាប់គ្នា បន្ទាប់ពីរីករាលដាលនៃជំងឺកូវីដ១ និងការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
អ្នកជំនាញមានសុទិដ្ឋិនិយមបែបនេះ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងបើកប្រទេសចិនឡើងវិញ ដោយអនុញ្ញាតប្រជាពលរដ្ឋ និងជនបរទេស អាចធ្វើដំណើរចេញចូលប្រទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។
លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex បានលើកឡើងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពទីផ្សារឆ្នាំ២០២២ និងការព្យាករណ៍ឆ្នាំ២០២៣ថា ការប្រកាសបើកប្រទេសរបស់ចិន គឺជាភាពវិជ្ជមានមួយសម្រាប់កម្ពុជា ដោយសារមុនពេលរីករាលដាលនៃជំងឺកូវីដ១៩ ការវិនិយោគរបស់ចិននៅកម្ពុជា មានអត្រារហូតដល់៤០% ដែលជាអត្រាខ្ពស់មួយ បើប្រៀបធៀបនឹងការវិនិយោគពីបណ្តាប្រទេសផ្សេងៗ។ កត្តាវិជ្ជមាននេះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យរបស់កម្ពុជា មានការគាំទ្រមួយផ្នែកធំ ដោយអ្នកវិនិយោគមកពីប្រទេសចិន ដែលនឹងធ្វើឱ្យវិស័យនេះ មានភាពរីកចម្រើននៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដែលជាឆ្នាំដ៏លំបាកមួយ សម្រាប់វិស័យអចលនទ្រព្យ។
លោកស្រីបន្តថា សម្រាប់ឆ្នាំ២០២២ គឺជាឆ្នាំដែលវិស័យអចលនទ្រព្យជួបការលំបាក ហើយវិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺវិស័យការិយាល័យ និងវិស័យទីផ្សារលក់រាយ ដោយសារវិស័យនេះ ត្រូវការការគាំទ្រពីអតិថិជនជួល ខណៈនៅឆ្នាំ២០២២ ការជួលមានការធ្លាក់ចុះខ្លាំង។ ដោយឡែកវិស័យសណ្ឋាគារ បានរើបឡើងមកវិញបន្តិចនៅក្នុងឆ្នាំ២០២២។ ចំណែកវិស័យលំនៅដ្ឋានវិញ ហាក់មិនសូវរងផលប៉ះពាល់នោះទេ ដោយសារតែវិស័យនេះ ត្រូវបានគាំទ្រដោយប្រជាជនក្នុងស្រុក ជាពិសេសលំនៅដ្ឋានកម្រិតមធ្យម។
លោកស្រីពន្យល់បន្ថែមថា នៅឆ្នាំ២០២៣នេះ វិស័យសណ្ឋាគារ និងបដិសណ្ឋាកិច្ច នឹងបន្តមានកំណើនក្នុងភាពវិជ្ជមាន ដោយសារក្នុងឆ្នាំនេះ ជឿជាក់ថា កម្ពុជានឹងទាក់ទាញបានភ្ញៀវទេសចរជាច្រើន ជាពិសេសចំពេលប្រទេសចិនបើកឡើងវិញ។ ចំណែកវិស័យដីធ្លីវិញ ក៏នឹងមានកំណើនវិជ្ជមាន បើទោះបីជាមានកំណើនតិចតួច ដោយសារកម្ពុជាកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។
លោកស្រីលើកឡើងទៀតថា «ជាទូទៅនៅឆ្នាំ២០២៣ យើងមិនអាចថា វិស័យសណ្ឋាគារងើបឡើងវិញ ១០០%ទេ គឺងើបឡើងសន្សឹមៗ តួយ៉ាងវិស័យទេសចរណ៍នៅក្នុងឆ្នាំ២០២២ ងើបឡើងក្នុងអត្រា១០ដង បើប្រៀបធៀបជាមួយឆ្នាំ២០២០ ហេតុនេះនឹងបន្តងើបឡើងបន្ថែមទៀត នៅក្នុងឆ្នាំ២០២៣នេះដូចគ្នា»៕