(ភ្នំពេញ)៖ មន្រ្តី អ្នកជំនួញ និងអ្នកជំនាញសេដ្ឋកិច្ច បានកត់សម្គាល់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយបានអនុវត្តក្នុងរយៈពេល១ឆ្នាំមកនេះ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រីកនូវការផលិតកម្ម ទាក់ទាញវិនិយោគិន និងលើកកម្ពស់ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា និងបណ្តាប្រទេសជាដៃគូឱ្យកើនឡើងទ្វេដង។
កិច្ចព្រមព្រៀង RCEP មានសមាជិកចំនួនប្រទេស១៥ មានដូចជា ប្រ៊ុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី ថៃ, វៀតណាម, ចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និងនូវែលសេឡង់ បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដំណាលគ្នានឹងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
យោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេស ដែលជាសមាជិកកិច្ចព្រមព្រៀង RCEP មានទំហំជាង ២៨ពាន់លានដុល្លារកើនឡើង៧% ក្នុងនោះកម្ពុជា បាននាំចេញទំនិញក្នុងតម្លៃ ជាង៥ពាន់លានដុល្លារ កើនឡើង៥% និង នាំចូលមកវិញក្នុងតម្លៃជិត ២៣ពាន់លានដុល្លារ កើនឡើង៧%។
ចំណែកទំហំពាណិជ្ជកម្មរបស់កម្ពុជា និងចិន រយៈពេល១១ខែ មានតម្លៃ ១០ ៥៧៩លានដុល្លារ កើនឡើង៦.៨៥% ក្នុងនោះកម្ពុជានាំចេញទៅចិនក្នុងតម្លៃជាង ១ពាន់លានដុល្លារ និងនាំចូលពីចិនមកវិញក្នុងតម្លៃ ជាង៩ពាន់លានដុល្លារ។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្នុងរយៈពេលមួយឆ្នាំ ដែលកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន បានធ្វើឱ្យកំណើននៃការនាំចេញ និងទំហំពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសដែលជាសមាជិករបស់ RCEP ទាំង១៥ បានកើនឡើងគួរឱ្យកត់សម្គាល់។
ចំណែកឯកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគរវាងកម្ពុជា និងចិន បានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន បានកើនឡើងលើសពីការរំពឹងទុក ពោល គឺត្រឹមតែ១១ខែក្នុងឆ្នាំ២០២២ បានឈានឡើងរហូតដល់ជាង១០ពាន់លានដុល្លារ។ តាមរយៈកិច្ចព្រមព្រៀងនេះ បានធ្វើឱ្យផលិតផលកសិកម្មកម្ពុជា ដូចជាផ្លែមៀនប៉ៃលិន ត្រូវបានដាក់លក់នៅលើទីផ្សារអនឡាញរបស់ចិន ដោយទទួលបានការគាំទ្រយ៉ាងច្រើន ពីប្រជាជនចិន។ នៅឆ្នាំ២០២៣នេះ រំពឹងថា ផលិតផលកសិកម្មរបស់កម្ពុជា នឹងច្ប៉ាមយកទំនុកពីប្រជាជនចិនបានយ៉ាងច្រើន។
ទន្ទឹមគ្នានេះ លោកបានឱ្យដឹងផងដែរថា ក្រៅពីកិច្ចព្រមព្រៀងទាំងពីរនេះ កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មរវាងកម្ពជា-កូរ៉េ ដែលទើបតែចូលជាធរមានបានតែត្រឹមតែរយៈពេល១ខែនោះ បានជំរុញទំហំនៃការនាំចេញ កើនឡើងគួរឱ្យកត់សម្គាល់ នូវទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលសម្រាប់ដំណើរជាដើម ដែលត្រូវបាននាំចេញក្នុងអត្រាពន្ធសូន្យ។
លោករំពឹងថា នៅឆ្នាំ២០២៣នេះ កិច្ចព្រមព្រៀងទាំងបីនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែកើនឡើង។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីផ្សារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង៣ គឺ RCEP កិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងទីផ្សារទ្វេភាគីកម្ពុជា-កូរ៉េ បានចូលរួមចំណែកយ៉ាងខ្លាំង ដល់សេដ្ឋកិច្ច ហើយយើងរំពឹងថាកំណើននឹងបន្តកើនឡើងបន្តទៀត ហើយទាំងអស់នេះ អាចសម្រេចបានក៏ដោយសារ ទី១.យើងមានការចរចា បើកលក្ខខណ្ឌទូលំទូលាយពីច្រកទីផ្សារ ទី២.យើងមានកិច្ចព្រមព្រៀងគ្នា នៅក្នុងពាណិជ្ជកម្មទ្វេភាគ ក៏ដូចជាពាណិជ្ជកម្មភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដោយយើងមានជំពូកនៃកិច្ចសហប្រតិបត្តិការ ហើយក៏មាននិតិវិធីក្នុងការសម្របសម្រួលពាណិជ្ជកម្មបានស្រួលជាមុន រួមទាំងវិធានប្រភពដើមទំនិញផងដែរ»។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពជាមានប្រសាសន៍ បន្ទាប់ពីអនុវត្តអស់រយៈពេល ១ឆ្នាំ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កំណើននៃការនាំចេញ និងនាំចូលទំនិញកាន់តែល្អប្រសើរឡើង ជាមួយបណ្តាប្រទេសជាដៃគូរ ជាពិសេសចិន។
ក្នុងការសម្រួលដល់កិច្ចការពាណិជ្ជកម្ម លោកចង់ឱ្យចាប់ពីឆ្នាំ២០២៣ទៅ ក្នុងការអនុវត្តកិច្ចព្រមព្រៀង RCEP ត្រូវតែមានអគ្គលេខាធិការដ្ឋានមួយ ដើម្បីដោះស្រាយបញ្ហាភាពប្រឈមឱ្យទាន់សភាពការណ៍ និងការទំនាក់ទំនងគ្នាឱ្យកាន់តែល្អប្រសើរ។
លោកបន្តថា «បើទោះបីជាក្នុងរយៈពេលកន្លងមកនេះ យើងនៅមានទំហំតូចនៅឡើយទេ ប៉ុន្តែសម្រាប់អនាគតកិច្ចព្រមព្រៀងសេរីទាំងពីរនេះ គឺជាផលប្រយោជន៍ដ៏មហាសាល សម្រាប់កម្ពុជាយើងក្រោយពេល ដែលយើងអស់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហគមន៍អឺរ៉ុប និង GSP របស់អាមេរិក គឺយើងនឹងរំពឹងលើកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មនានានេះហើយ ដែលជាឈ្នាន់ជំរុញកំណើនសេដ្ឋកិច្ចរបស់យើង»។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានថ្លែងថា កិច្ចព្រមព្រៀង RCEP និងCCFTA បានតួនាទីសំខាន់ ក្នុងការធ្វើជាចលករជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យដើរទៅមុខ តាមរយៈកំណើននៃការវិនិយោគ និងកំណើននាំចេញ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២២ កិច្ចព្រមព្រៀងទាំង២នេះ បានចូលរួមចំណែកជំរុញកំណើនទំហំពាណិជ្ជកម្មកម្ពុជាបានជិត ២០% និងចូលរួមចំណែកបង្កើនបរិមាណនៃការប្រមូលពន្ធគយ រហូតដល់ជាង២ពាន់លានដុល្លារ និងពន្ធដារជាង៣ពាន់លានដុល្លារផងដែរ។
លោបន្តថា តាមរយៈកិច្ចព្រមព្រៀងទាំង២នេះ និងកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-កូរ៉េ នឹងជំរុញឱ្យកម្ពុជាកាន់ តែសម្រួចនូវផលិតកម្ម ពង្រីកអំណាចផ្គត់ផ្គង់ បានកាន់តែខ្ពស់ និងល្អជាងមុន ពង្រីកនិងអភិវឌ្ឍន៍ទីផ្សាររបស់ខ្លួន ទៅកាន់បណ្តាប្រទេសផ្សេងៗ ឱ្យកាន់តែទូលាយ ទាក់ទាញវិនិយោគបរទេស ដែលនាំឱ្យសេដ្ឋកិច្ចកាន់តែរឹងមាំ និងមានភាពធុន នៅឆ្នាំ២០២៣នេះ និងឆ្នាំបន្តបន្ទាប់ទៀត។
លោកបានពន្យល់យ៉ាងដូច្នេះថា «បើសិនណាយើងអត់មានកិច្ចព្រមព្រៀងនេះទេ ខ្ញុំគិតថាទំហំពាណិជ្ជកម្មអន្តរជាតិ របស់កម្ពុជាយើង ក៏មិនអាចដំណើរការដោយរលូននោះទេ ដោយសារកិច្ចព្រមព្រៀងនេះហើយ ដែលធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា យើងមានពាក្យពេជន៍ ក្នុងការនិយាយ ហើយយើងអាចធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយបណ្តាប្រទេស និងដៃគូនៅក្នុងក្របខណ្ឌ RCEP ឬនៅក្នុងក្របខណ្ឌ CCFTA ដើម្បីបង្កើននូវផលិតកម្ម និងបង្កើននូវការនាំចេញផលិតរបស់កម្ពុជា ទៅកាន់ប្រទេសទាំងអស់នោះ ដែលធ្វើឱ្យកម្ពុជាក្លាយជាទីកន្លែងផលិតមួយយ៉ាងសកម្ម និងនាំចេញទៅកាន់ប្រទេសជាដៃគូរ»។
បើតាមលោក ប៉ែន សុវិជាតិ នៅឆមាសទី១ ឆ្នាំ២០២២ អ្នកនាំចេញប្រើប្រាស់អត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀង RCEP និង CCFTA មានតិចតួច ប៉ុន្តែចាប់ពីត្រីមាសទី៣ និងត្រីមាសទី៤ កំណើននៃអ្នកនាំចេញប្តូរមកប្រើប្រាស់អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ មានការកើនឡើងច្រើន តាមរយៈការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ តាមប្រភេទ របស់RCEP ឬ CCFTA ។
លោកបន្តថា ដើម្បីជំរុញឱ្យអ្នកនាំចេញ ធ្វើការនាំចេញដោយប្រើប្រាស់អត្ថប្រយោជន៍ នៃព្រមព្រៀងទាំងបីនេះ ក្រសួងពាណិជ្ជកម្ម បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងបានចេញនូវសៀវភៅមួយ ដែលបង្ហាញនូវអត្ថប្រយោជន៍ និងវិធីនៃការទាញយកអត្ថប្រយោជន៍បានជាអតិបរមា ស្តីពីការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយធ្វើការប្រៀបធៀបគ្នាពីអត្រាពន្ធទូទៅ និងអត្រាពន្ធដែលមិនមានភាពអនុគ្រោះ ដើម្បីឱ្យអ្នកនាំចេញធ្វើការជ្រើសរើស។ ដូចច្នេះអ្នកនាំចេញអាចពិនិត្យមើលនូវលក្ខខណ្ឌតម្រូវផ្សេងៗទៀត ដូចជាវិធានប្រភពដើមទំនិញ វិធានអនាម័យ និងភូតគាមអនាម័យ និងលក្ខខណ្ឌបច្ចេកទេសផ្សេងទៀតស្តីពីស្តង់ដារ ក្នុងការទាញយក និងផ្តល់ភាពងាយស្រួលដល់ការនាំចេញ៕