(វ៉ាស៊ីនតោន)៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា សម្រាប់សេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៣នេះនឹងជាឆ្នាំដ៏លំបាកមួយដែលក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និងចិន កំពុងជួបប្រទះការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិ IMF ខណៈថ្លែងក្នុងកម្មវិធីព័ត៌មានពេលព្រឹកថ្ងៃអាទិត្យរបស់ទូរទស្សន៍ CBS Face the Nation ថា ឆ្នាំថ្មីនេះនឹងមានភាពតឹងតែងជាងឆ្នាំចាស់។
លោកស្រីបាននិយាយថា៖ «ហេតុអ្វី? ដោយសារតែសេដ្ឋកិច្ចធំទាំងបី ដែលរួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន សុទ្ធតែកំពុងធ្លាក់ចុះក្នុងពេលដំណាលគ្នា»។
កាលពីខែតុលា មូលនិធិ IMF បានកាត់បន្ថយទស្សនវិស័យរបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកសម្រាបប់ឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងពីការបន្តអូសបន្លាយបញ្ហាដែលកើតមានពីសង្រ្គាមនៅប្រទេសអ៊ុយក្រែន ក៏ដូចជាសម្ពាធអតិផរណា និងអត្រាការប្រាក់ខ្ពស់ដែលបង្កើតឡើងដោយធនាគារកណ្តាលនានាដូចជា ធនាគារកណ្តាលអាមេរិកជាដើម ដែលមានបំណងគ្រប់គ្រងអតិផរណា។
ចាប់តាំងពីពេលនោះមក ប្រទេសចិនបានលុបចោលគោលនយោបាយកូវីដសូន្យរបស់ខ្លួន ហើយបានចាប់ផ្តើមបើកចំហរប្រទេសដ៏វឹកវររបស់ខ្លួនឡើងវិញ ទោះបីជាអ្នកប្រើប្រាស់នៅតែមានការប្រុងប្រយ័ត្ននៅពេលដែលករណីឆ្លងមេរោគកើនឡើងក៏ដោយ។
លោកស្រី Georgieva បានមានប្រសាសន៍ថា៖ «ជាលើកដំបូងក្នុងរយៈពេល ៤០ឆ្នាំ កំណើនរបស់ប្រទេសចិននៅឆ្នាំ២០២២ ទំនងជាមានអត្រាកំណើនស្មើឬទាបជាងកំណើនសេដ្ឋកិច្ចពិភពលោក»។
ទន្ទឹមនឹងនេះដែរ លោកស្រី Georgieva បាននិយាយថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានលក្ខណៈខុសផ្លែកពីគេ ហើយអាចជៀសផុតពីការធ្លាក់ចុះ ដែលទំនងជានឹងប៉ះពាល់សេដ្ឋកិច្ចរបស់ពិភពលោករហូតដល់មួយភាគបី។
លោកស្រីបានបន្ថែមថា៖ «សហរដ្ឋអាមេរិកមានភាពធន់បំផុត»។ លោកស្រីបន្តថា៖ «វាអាចជៀសវាងពីការដើរថយក្រោយនៃសេដ្ឋកិច្ច។ យើងឃើញថា ទីផ្សារការងារនៅតែមានភាពរឹងមាំ»។
ប៉ុន្តែថា វាក៏មានហានិភ័យផងដែរ ព្រោះវាអាចនឹងរារាំងដល់វឌ្ឍនភាពដែលធនាគារកណ្តាលអាមេរិកត្រូវធ្វើក្នុងការនាំយកអតិផរណារបស់សហរដ្ឋអាមេរិកឱ្យវិលត្រឡប់ទៅកម្រិតដែលបានកំណត់ទិសដៅរបស់ខ្លួនវិញពីកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ទសវត្សរ៍ដែលបានកើតមានកាលពីឆ្នាំមុន។ អតិផរណាបានបង្ហាញសញ្ញានៃការកើនឡើងដល់កម្រិតកំពូលហើយ ខណៈដែលឆ្នាំ២០២២ បានបិទបញ្ចប់ ហើយបច្ចុប្បន្ន អត្រាអតិផរណាមានជិតបីដងនៃទិសដៅ ២ភាគរយរបស់ខ្លួន។
លោកស្រី Georgieva បានថ្លែងថា៖ «នេះគឺជា ... ពរជ័យចម្រុះមួយពីព្រោះប្រសិនបើទីផ្សារការងារមានភាពរឹងមាំខ្លាំងនោះ ធនាគារកណ្តាលប្រហែលជាត្រូវរក្សាអត្រាការប្រាក់ឱ្យកាន់តែតឹងរ៉ឹងក្នុងរយៈពេលកាន់តែយូរ ដើម្បីកាត់បន្ថយអតិផរណា»៕