(ភ្នំពេញ)៖ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ វិនិយោគ និងទេសចរណ៍ បានលើកឡើងថា ការប្រកាសបិទបញ្ចប់ការតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកក្នុងប្រទេសចិន ចាប់ពីដើមខែមករា ឆ្នាំ២០២៣តទៅ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់កម្ពុជា ក្នុងការជួយឱ្យវិស័យមួយចំនួន ជាពិសេសវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ងើបឡើងវិញ បន្ទាប់ពីផលប៉ះពាល់យ៉ាងដំណំពីការរីករាលដាល នៃជំងឺកូវីដ១៩។
គណៈកម្មការសុខាភិបាលជាតិចិន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសថានឹងបិទបញ្ចប់ការតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកក្នុងប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣តទៅ។ នេះជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបើកព្រំដែនរបស់ខ្លួនឡើងវិញ គិតចាប់តាំងពីបានបិទព្រំដែនមួយផ្នែកធំ កាលពីដើមឆ្នាំ២០២០មក។
ការប្រកាសបន្ធូរបន្ថយវិធានការកូរវីដ១៩ របស់ចិននេះ ចំពេលរដូវវិស្សមកាលនៅប្រទេសចិន ដែលទូទៅប្រជាជន ចិននឹងចេញដើរកម្សាន្ត ទៅតាមប្រទេសនានា ក្នុងនោះកម្ពុជាក៏អាចជាទិសដៅ ដែលពួកគេមកកម្សាន្ត ឬស្វែងរកឱកាសវិនិយោគផងដែរ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះថា សភាពាណិជ្ជកម្ម ក៏ដូចជាវិស័យឯកជន បានទន្ទឹងរង់ចាំឱកាសនេះជាយូរមកហើយ ដោយសារតែកន្លងមក វិធានការសូន្យកូវីដរបស់ចិន បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជាទៅចិនមួយចំនួន ស្របពេលដែលការវិនិយោគរបស់ចិន នៅក្នុងឆ្នាំ២០២២នេះ មានល្បឿនយឺត ជាងមុនពេលរីករាលដាលនៃជំងឺកូវីដ១៩។
លោកបន្ថែមថា ការបើកប្រទេសឡើងវិញរបស់ចិន នឹងក្លាយជាឱកាសល្អសម្រាប់វិនិយោគិនកម្ពុជា និងចិនបានជួបគ្នាដោយផ្ទាល់ ដើម្បីពិភាក្សាការធ្វើធុរកិច្ច។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា «ការបើកចំហរឡើងវិញ នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅប្រទេសចិន ឬបណ្តាប្រទេសផ្សេងៗនេះ គឺជាឱកាសមួយ ទន្ទឹមពេលដែលយើងកំពុងអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-ចិន ឱ្យកាន់តែរលូន និងប្រសើរឡើង។ យើងសង្ឃឹមថា នឹងជំរុញកិច្ចព្រមព្រៀងទ្វេភាគីនេះ ឱ្យមានប្រសិទ្ធភាព និងការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិនឱ្យបានកាន់តែច្រើនជាពិសេសផលិតផលកសិកម្មរបស់យើង ដែលយើងកំពុងរកទីផ្សារ ហើយទីផ្សារចិនជាទីផ្សារធំសម្រាប់កម្ពុជាយើង ក៏ដូចជាវិស័យទេសចរណ៍ ដែលនឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ»។
ចំណែកអ្នកជំនាញ នៅក្នុងវិស័យអចលនទ្រព្យ បានសម្តែងការសាទរ ចំពោះការបើកទូលាយ ក្នុងការចេញចូលប្រទេសចិនឡើងវិញ ដែលនឹងផ្តល់សញ្ញាណល្អ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ព្រោះចិន គឺជាអ្នកវិនិយោគឈានមុខគេ លើវិស័យអចលទ្រព្យនៅកម្ពុជា នាពេលកន្លងមក។
ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការបន្ធូរបន្ថយវិធានការកូវីដ ពីសំណាក់រដ្ឋាភិបាលចិន នឹងធ្វើឱ្យវិនិយោគិនមកស្វែងរកឱកាសវិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជាឡើងវិញ ហើយនៅពេលចិន ចូលមកវិនិយោគច្រើនលើវិស័យនេះ នឹងធ្វើឱ្យចលនាទិញលក់អចលនទ្រព្យ ក៏ដូចជាតម្លៃកើនឡើងវិញ ខណៈនៅក្នុងឆ្នាំ២០២២នេះ ការវិនិយោគរបស់ចិន ក្នុងវិស័យអចលនទ្រព្យមានតិចតួច បានធ្វើឱ្យវិស័យចលនទ្រព្យ នៅក្នុងឆ្នាំ២០២២នេះ មានការថមថយ ទាំងតម្លៃ និងចលនានៃការទិញលក់។
ទន្ទឹមគ្នានេះ លោកយល់ថា ប្រសិនបើការវិនិយោគរបស់ចិន បន្តផ្តោតទៅលើខេត្តព្រះសីហនុ ដូចកាលមុននោះ ក៏អាចនឹងជួយដោះស្រាយបញ្ហាជាប់គាំ នៃអគារសាងសង់មិនទាន់រួចនៅក្នុងខេត្តនេះ តាមរយៈការសេងយកមកសាងសង់បន្តផងដែរ។
លោកលើកឡើងបន្តថា «ដូចដែលយើងបានឃើញហើយថា សក្តានុពលរបស់ចិន នៅក្នុងប្រទេសកម្ពុជា គឺពិតជាខ្លាំងខ្លាមែនទែន ជាពិសេសនៅក្នុងវិស័យអចនទ្រព្យនេះ ដូចជានៅមុនរីករាលដាលជំងឺកូវីដ១៩ ការវិនិយោគចិន ពិតជាខ្លាំង ធំៗ ដែលជំរុញដល់កំណើនតម្លៃដីធ្លី និងការទិញលក់នៅក្នុងប្រទេសកម្ពុជារបស់យើង មានការកើនឡើង និងជំរុញសក្តានុពលវិស័យអចលនទ្រព្យនៅកម្ពុជា»។
ជុំវិញការប្រកាសដំណឹងបន្ធបន្ថយចូលចិនប្រទេសចិននេះ អ្នកជំនាញទេសចរណ៍រំពឹងថា កម្ពុជាអាចទាក់ទាញភ្ញៀវទេសចរបានច្រើន ស្របពេលដែលរដ្ឋ និងវិស័យឯកជន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរចិន។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ចិនគឺជាទីផ្សារទេសចរណ៍ដ៏ធំមួយ សម្រាប់កម្ពុជា និងប្រទេសនៅក្នុងតំបន់អាស៊ាន ដែលមុនពេលរីករាលដាលជំងឺកូវីដ១៩ ភ្ញៀវចិនឈរនៅលំដាប់លេខ១យូរជាងគេ។
លោកស្រីបន្តថា ការប្រកាសបន្ធូរបន្ថយវិធានការកូវីដ១៩ របស់ចិននៅដើមឆ្នាំ២០២៣ គឺជាពេលវេលាល្អ ព្រោះជាពេលវិស្សមកាល និងជាពេលដែលប្រជាពលរដ្ឋចិន ចេញដើរកម្សាន្ត។ ដោយសារកម្ពុជា គឺជាទីផ្សារគោលដៅមួយរបស់ចិន កម្ពុជានឹងក្លាយជាទិសដៅដែលចិន នឹងមកកម្សាន្ត ដែលនឹងជួយជំរុញឱ្យការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា លឿនជាងការរំពឹងទុក ខណៈឆ្នាំ២០២២នេះ ចរន្តភ្ញៀវទេសចរចិន មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ២០២១ បើទោះបីជាប្រទេសចិនមិនទាន់បើកចំហរក៏ដោយ។
លោកស្រីមានប្រសាសន៍បន្ថែមថា «ការរំពឹងរបស់យើងយ៉ាងមុតមាំថា នៅពេលដែលមានការបិទបញ្ចប់ នូវការធ្វើចត្តាឡីស័កសម្រាប់ធ្វើដំណើរ ចូលទៅក្នុងប្រទេសចិនវិញនេះ យើងនឹងទទួលបាននូវការកើនឡើង លើសពីអ្វីដែលយើងរំពឹងទុក។ ហើយដំណឹងនេះផងដែរ បានធ្វើឱ្យកម្ពុជាយើងជាពិសេសវិស័យឯកជនយើង ក៏មានការត្រៀមខ្លួន ផលិតផលទេសចរណ៍ និងសេវាកម្ម ដើម្បីទទួលភ្ញៀវទេសចរចិន នៅឆ្នាំក្រោយនេះផងដែរ។ រីឯរាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការក៏លោកបានត្រៀម នូវការទទួលស្គាល់ China Ready ដែលលោកបានចងក្រងតាំងពីមុនបរិបទកូវីដ១៩មកម្ល៉េះ អ៊ីចឹងត្រូវចាប់ផ្តើមបន្តនូវការធ្វើ China Ready នេះផងដែរ ដើម្បីត្រៀមទទួលភ្ញៀវទេសចរចិន»។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ កើនឡើង១១៣.៨% ដែលអាចជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣៕