(ភ្នំពេញ)៖ អ្នកជំនាញអចលនទ្រព្យលើកឡើងថា ការបង្កើតក្រុងថ្មីចំនួន៣ នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលស្ថិតនៅក្បែររាជធានីភ្នំពេញ គឺជាសញ្ញាណល្អសម្រាប់វិស័យអចលនទ្រព្យ ពោលនឹងជំរុញឱ្យសន្ទុះនៃការទិញលក់ និងតម្លៃអចលនទ្រព្យកើនឡើង។
នាពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុងថ្មីចំនួនបីបន្ថែមទៀត រួមមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូន ស្ថិតក្នុងខេត្តកណ្តាល និងក្រុងឧដុង្គម៉ែជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
លោក ច្រឹក សុខនីម អ្នកជំនាញអចលនទ្រព្យកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការបង្កើតក្រុងទាំងបីនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចនៅតាមតំបន់ ឱ្យកាន់តែមានភាពទាក់ទាញ និងមានការរីកចម្រើនជាមុន ក៏ដូចជាការបង្កើនការផ្តល់សេវាសាធារណៈកាន់តែកៀក និងមានប្រសិទ្ធភាព។
លោកមានប្រសាសន៍ថា ក្នុងពេលដែលទីក្រុងថ្មីនេះចាប់ផ្តើមកសាង តម្រូវការដីនឹងមានការកើនឡើង ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង។ ប៉ុន្តែយ៉ាងណា ការរៀបចំក្រុងថ្មីនេះ ទាមទារនូវការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានកាន់តែប្រសើរជាងមុនផងដែរ។
លោកបន្តថា សម្រាប់ឆ្នាំ២០២៣ តម្លៃដីអាចនឹងមិនប្រែប្រួលខ្លាំងនោះទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ក៏ដូចជាបញ្ហាអូសបន្លាយនៃសង្រ្គាមអ៊ុយក្រែន។ តែយ៉ាងណា ចាប់ពីឆ្នាំ២០២៤ និងឆ្នាំ២០២៥ តម្លៃដីអាចនឹងកើនឡើងពី២០% ទៅ៣០%នៃតម្លៃបច្ចុប្បន្ន។
បើតាមលោក ច្រឹក សុខនីម បច្ចុប្បន្ននេះ នៅក្នុងតំបន់អរិយក្សត្រ អចលនទ្រព្យ មានតម្លៃចន្លោះពី៨០ដុល្លារទៅ១៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់នៅតាមផ្លូវធំៗ និងតាមផ្លូវតូចៗ តម្លៃប្រមាណពី២០ដុល្លារទៅក្រោម៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកនៅ តំបន់ក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺវិញ ជាមធ្យមតម្លៃដី ប្រហាក់ប្រហែលនឹងតំបន់អរិយក្សត្រដែរ ពោលគឺនៅតាមផ្លូវ៥១ តម្លៃចន្លោះពី៧០ដុល្លារទៅជិត២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងនៅតាមផ្លូវតូចៗ នៅរង្វង់២០ទៅ៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបានថ្លែងថា ការបង្កើតក្រុងថ្មីនេះ គឺជាសញ្ញាណមួយដ៏ល្អដែលបង្ហាញថា តំបន់នោះជាតំបន់មានសក្តានុពល មានអត្រាប្រជាជន និងសេដ្ឋកិច្ចកើនឡើង ព្រមទាំងបង្ហាញថា រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមតំបន់នានាជាបន្តបន្ទាប់ឱ្យកាន់តែរីកចម្រើន។ កត្តានេះ គឺជាសញ្ញាណល្អមួយ សម្រាប់តម្លៃអចលនទ្រព្យ ដែលនឹងធ្វើឱ្យតម្លៃដីនឹងកើនឡើង។
លោកលើកឡើងបន្ថែមថា អរិយក្សត្រ កន្លងមកគឺតំបន់ពេជ្យមិនទាន់ច្នៃ បើទោះបីជាតំបន់នេះ ស្ថិតនៅក្បែររាជធានីភ្នំពេញក្តី។ ប៉ុន្តែក្រោយពេលរាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតក្រុងជាផ្លូវការបែប បានន័យថា រាជរដ្ឋាភិបាល កំពុងតែត្រៀមខ្លួន ជំរុញឱ្យតំបន់អរិយក្សត្រកាន់តែរីកចម្រើនថែមទៀត ទាំងហេដ្ឋារចនាសម្ព័ន្ធ និងកំណើនប្រជាជន។
ទោះជាបែបនេះក្តី លោកកត់សម្គាល់ឃើញថា សន្ទុះនៃការទិញលក់ ក៏ដូចជាតម្លៃអចលនទ្រព្យ នៅតំបន់អរិយក្សត្រ អាចនឹងមិនកើនឡើងជាងពេលបច្ចុប្បន្ននោះទេ ដោយសារតែកន្លងមកតំបន់នេះ មានកំណើននៃការទិញលក់ល្អប្រសើរហើយ។ តែតំបន់នេះ នឹងកាន់តែមានសក្តានុពល តម្លៃអចលនទ្រព្យ និងសន្ទុះទិញលក់កើនឡើងខ្លាំង នៅពេលដែលមានការបុកគ្រឹះសាងសង់ស្ពានឆ្លងកាត់ទន្លេ។
ដោយឡែក ក្រុង២ទៀត គឺក្រុងសំពៅពូន នៅជិតព្រំដែនកម្ពុជាវៀតណាម និងក្រុងឧដុង្គម៉ែជ័យ ដែលធ្លាប់តែជាតំបន់ជនបទ និងជាប្រភេទដីសម្រាប់កសិកម្មនោះ អាចនឹងប្រែក្លាយទៅជាដីសម្រាប់អភិវឌ្ឍន៍លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម ដែលនឹងធ្វើឱ្យតម្លៃដីនៅតំបន់នេះ ស្ទុះកើនឡើងខ្លាំង នៅពេលមានប្រកាសបង្កើតក្រុងបែបនេះ។
លោកពន្យល់យ៉ាងដូច្នេះថា «ការប្រកាសនៃការបង្កើតក្រុងទាំងបីនេះ គឺអរិយក្សត្រអត់សូវមានអីប្រែប្រួលប៉ុន្មានទេ ប៉ុន្តែក្រុងទាំងពីរផ្សេងទៀត គឺក្រុងសំពៅពូន និងក្រុងឧដុង្គម៉ែជ័យ នឹងមានការកើនឡើងជាទូទៅប្រមាណពី២០% ទៅ៣០% នៅពេលដែលគេប្រកាសបែបនេះ នេះដោយសារនៅក្នុងសម័យកាលកូវីដទេ ប៉ុន្តែប្រសិនបើមិនស្ថិតក្នុងសម័យកាលកូវីដ នឹងឡើងពី២ដងទៅ៣ដង»។
គួរជម្រាបថា ក្រុងចំនួន២នៅខេត្តកណ្តាល គឺក្រុងអរិយក្សត្រ ត្រូវបានកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម ខណៈក្រុងសំពៅពូន ដែលជាប់ព្រំដែនវៀតណាម ត្រូវបានកាត់យកឃុំចំនួន០៥ ពីស្រុកកោះធំ។ ដោយក្រុងឧដុង្គម៉ែជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ត្រូវបានបំបែកចេញពីស្រុកឧដុង្គ ដោយកាត់យកឃុំចំនួន៥ពីស្រុកឧដុង្គ៕