(ភ្នំពេញ)៖ អ្នកជំនួញក្នុងវិស័យដឹកជញ្ជូនបានលើកឡើងថា បច្ចុប្បន្ននេះរថយន្តដឹកទំនិញធំៗ ប្រើប្រាស់ផ្លូវល្បឿនលឿន ក្នុងការដឹកជញ្ជូនទំនិញមានកម្រិតតិចតួច ដោយសារតែតម្លៃសេវាប្រើប្រាស់ផ្លូវ ស្ថិតក្នុងតម្លៃខ្ពស់ ដែលធ្វើឱ្យពួកគេចំណាយច្រើន ក្នុងការដឹកជញ្ជូនម្តងៗ ក្នុងនោះដែរពួកគេចង់ឱ្យរាជរដ្ឋាភិបាលពិចារណា ក្នុងជជែកជាមួយក្រុមហ៊ុនសាងសង់ផ្លូវ បន្ទាបតម្លៃឱ្យទាបជាងបច្ចុប្បន្ននេះ។
អ្នកជំនួញក្នុងវិស័យដឹកជញ្ជូនលើកឡើងបែបនេះ តបនឹងប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២២ ខែធ្នូនេះដែលអំពាវនាវឱ្យងាកមកប្រើប្រាស់ផ្លូវល្បឿនវិញ ក្នុងការដឹកជញ្ជូនទំនិញ ដើម្បីទទួលបានផលចំណេញ ទាំងប្រេងឥន្ធនៈ ពេលវេលា។
សម្តេចអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនងាកមកប្រើប្រាស់ផ្លូវល្បឿនលឿននេះ ស្របពេលដែលបច្ចុប្បន្នសាំងកំពុងឡើងថ្លៃ ហើយបើពួកគេងាកមកប្រើប្រាស់ផ្លូវល្បឿនលឿន នឹងកាត់បន្ថយការប្រើប្រាស់សាំងបានយ៉ាងច្រើន ខណៈតម្លៃនៃការប្រើប្រាស់វិញ ត្រឹមតែ១២ដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ ការប្រើប្រាស់ផ្លូវល្បឿនលឿនរបស់រថយន្តដឹកទំនិញធំៗទាំងនេះ នឹងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បានច្រើននៅលើផ្លូវលេខ៤បានផងដែរ។
សម្តេចតេជោបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ខ្ញុំសង្កេតឃើញថា ផ្លូវល្បឿនលឿន មិនទាន់មានឡានដឹកទំនិញ លើផ្លូវល្បឿនលឿនទេ ចំណុចនេះខ្ញុំគួរតែដាស់តឿន ចំពោះថៅកែដឹកទំនិញ ថៅកែរថយន្តទាំងឡាយ។ ប្រើប្រាស់ផ្លូវល្បឿនលឿនចំណេញច្រើនជាងផ្លូវធម្មតា ប្រេងក៏អស់តិច ពេលវេលាក៏ចំណេញក្នុងសង្វាក់ផ្គត់ផ្គង់។ [...] ខ្ញុំអំពាវនាវទៅកាន់ម្ចាស់ដែលមានរថយន្តច្រើន ក្នុងការដឹកជញ្ជូនប្រើប្រាស់ផ្លូវល្បឿនលឿនចំណេញជាង ខាងវិស័យសេដ្ឋកិច្ច ជាជាងទុកនៅក្នុងបញ្ហាផ្លូវតូចចង្អៀត»។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់បានឱ្យដឹងថា កន្លងមកក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន ដែលជាសមាជិករបស់សមាគម បានប្រើប្រាស់ផ្លូវល្បឿនលឿននេះដែរ ប៉ុន្តែតិចតួចប៉ុណ្ណោះ លុះត្រាតែមានករណីចាំបាច់ដែលទំនិញនោះត្រូវប្រញ៉ាប់ខ្លាំង ឬខ្លាចក្រែងចុះកប៉ាល់មិនទាន់ ទើបសម្រេចប្រើប្រាស់ផ្លូវល្បឿនលឿននេះ។
លោកបានពន្យល់ថា កត្តាដែលធ្វើឱ្យពួកគេសម្រេចចិត្តមិនប្រើប្រាស់ផ្លូវល្បឿនលឿន ក្នុងការដឹកជញ្ជូនទំនិញ គឺដោយសារបញ្ហាតម្លៃខ្ពស់ និងការចំណាយច្រើនទៅលើថ្លៃជួសជុស ប្រសិនបើរថយន្តខូចនៅតាមផ្លូវម្តងៗ។
លោកបន្តថា បើទោះបីជាក្រុមហ៊ុនសាងសង់ផ្លូវ បានបញ្ចុះតម្លៃក៏ដោយ ប៉ុន្តែអ្នកដឹកជញ្ជូននៅតែយល់ថា ស្ថិតក្នុងតម្លៃខ្ពស់ដដែល ពោលគឺរាល់ដឹកជញ្ជូន ក្រុមហ៊ុនត្រូវចំណាយប្រមាណពី ៥៤ដុល្លារទៅដល់ជាង៦០ដុល្លារក្នុងមួយជើង ដែលសរុបទាំងទៅ និងមក ត្រូវចំណាយអស់១០៨ដុល្លារ ។ បញ្ហាទី២ ប្រសិនបើមានរថយន្តខូចនៅតាមផ្លូវម្តងៗ ក្រុមហ៊ុននឹងត្រូវចំណាយថវិកាច្រើន ទៅលើថ្លៃជួសជុល ទាំងថ្លៃហៅជាងពីចំងាយ និងការអូសរថយន្ត។
លោកបានស្នើដល់រាជរដ្ឋាភិបាលយ៉ាងដូច្នេះថា «ស្នើសុំឱ្យរាជរដ្ឋាភិបាល ជួយជជែកជាមួយខាងក្រុមហ៊ុនផ្លូវល្បឿនលឿននេះ ក្នុងការពិនិត្យមើលឡើងវិញ ពាក់ព័ន្ធជាមួយនឹងតម្លៃ។ ជាមួយគ្នានេះពាក់ព័ន្ធនឹងការជួសជុសក៏ដូចគ្នាដែរ គួរគិតក្នុងតម្លៃដែលយើងអាចទទួលយកបាន ព្រោះថារថយន្តដែលប្រើប្រាស់ នៅស្រុកខ្មែរយើង ភាគច្រើនរថយន្តដែលនាំចូលពីខាងក្រៅមក គឺជារថយន្តដែលបានប្រើប្រាស់រួចហើយ អ៊ីចឹងបើមានការខូចខាតអី វាមានផលលំបាកសម្រាប់ពួកគាត់»។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាយល់ថា បើប្រៀបធៀបនឹងប្រទេសផ្សេងទៀត តម្លៃផ្លូវល្បឿនលឿននេះមិនថ្លៃនោះទេ ប៉ុន្តែការដែលរថយន្តដឹកទំនិញ មិនប្រើប្រាស់ផ្លូវល្បឿនលឿន អាចមកពីពួកគេមានជម្រើស ព្រោះបច្ចុប្បន្ននេះ ការបើកបរនៅលើផ្លូវជាតិលេខ៤ មានភាពទូលាយ ងាយស្រួលបើកជាងមុន ដោយសារតែអ្នកបើកបរឡានធម្មតា ភាគច្រើនបានងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនវិញ។ តែយ៉ាងណាមិញ បើថ្ងៃខាងមុខ ការបើកបរលើផ្លូវជាតិលេខ៤ មានភាពកកស្ទះ ដែលធ្វើឱ្យការដឹកទំនិញមានភាពយឺតយ៉ាវ ដូចកាលពីមុន អាចនឹងធ្វើឱ្យម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនទំនិញទាំងនោះ ងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនវិញ។
លោកមានប្រសាសន៍បន្ថែមថា «ពាក់ព័ន្ធនឹងផ្លូវល្បឿនលឿនក្រុមហ៊ុនដឹកទំនិញធំៗមិនទាន់ប្រើប្រាស់នោះ បើនិយាយពីតម្លៃសម្រាប់ស្រុកខ្មែរយើង យើងថាថ្លៃហើយ បើយើងប្រៀបទៅស្រុកគេវាមិនថ្លៃទេ ប៉ុន្តែដោយសារក្រុមហ៊ុនដឹកជញ្ជូនមានជម្រើស ព្រោះក្រុមហ៊ុនដឹកជញ្ជូន គាត់មិនចាំបាច់ចំណាយលុយ ហើយគាត់រត់លើផ្លូវជាតិលេខ៤ មានភាពស្រលះជាងមុន ទូលាយជាងមុន ព្រោះឡានភាគច្រើនគាត់មករត់លើផ្លូវល្បឿនលឿន ដូច្នេះគាត់មានឱកាសអាចបើកបរស្រួល ម្យ៉ាងវិញទៀតឡានស្រុកយើងនៅមានកម្រិត ឡានខ្លះអាចថាចាស់ពេក បើរត់លើផ្លូវល្បឿនលឿនក៏ពិបាកដែរ បើឡានថ្មីវាមិនអីទេ។ ឡានចាស់អាចរត់លើផ្លូវជាតិលេខ៤ អាចសម្រាកចាក់ទឹក ឬក៏លំហែរ សម្រាកហូបចុកអីបាន ល្អជាងការឡើងលើផ្លូវល្បឿនលឿន ដែលត្រូវកំណត់ល្បឿនលឿន ហើយបើខូចលើផ្លូវល្បឿនលឿនកាន់តែអស់លុយទៀត»។
ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺផ្លូវល្បឿនលឿនទី១ និងជាផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។
លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល៨០ថ្ងៃ នៃការបើកឱ្យដំណើរការលើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ មាន យានយន្តបានធ្វើចររាចរណ៍ជាង ៨៣ ១០០០គ្រឿង ដែលគិតជាមធ្យមមានយានយន្ត ធ្វើចររាចណ៍ប្រមាណ១ម៉ឺនគ្រឿងក្នុងមួយថ្ងៃ៕