(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានថ្លែងនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ចង់ពន្លឿនវឌ្ឍនភាពចំពោះកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីដែលជាប់គាំងយូរជាមួយសហភាពអឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សហភាពអឺរ៉ុបបានរាប់បញ្ចូលកោះតៃវ៉ាន់ទៅក្នុងបញ្ជីដៃគូពាណិជ្ជកម្មរបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងវិនិយោគទ្វេភាគីដ៏មានសក្តានុពលកាលពីឆ្នាំ២០១៥ ពោលគឺមួយឆ្នាំមុនពេលដែលលោកស្រី Tsai ក្លាយជាប្រធានាធិបតីរបស់កោះតៃវ៉ាន់ ប៉ុន្តែអឺរ៉ុបមិនបានបើកកិច្ចពិភាក្សាជាមួយតៃវ៉ាន់អំពីបញ្ហានេះទេចាប់តាំងពីពេលនោះមក។
បើទោះបីជាអឺរ៉ុបគឺជាប្រភពវិនិយោគបរទេសដ៏ធំបំផុតរបស់កោះតៃវ៉ាន់ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួនមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះនោះទេ ដោយសារតែការជំទាស់ពីប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា នៅក្នុងជំនួបជាមួយគណៈប្រតិភូមកពីគណៈកម្មាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប លោកស្រី Tsai បាននិយាយថា កោះតៃវ៉ាន់និងសហភាពអឺរ៉ុបគួរតែបង្កើត «សម្ព័ន្ធភាពប្រជាធិបតេយ្យដែលធន់» មួយ។
លោកស្រីបានប្រាប់ក្រុមគណៈប្រតិភូនេះថា៖ «តៃវ៉ាន់ស្វែងរកការពង្រឹងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ពង្រឹងសន្តិសុខចង្វាក់ផ្គត់ផ្គង់ និងពន្លឿនវឌ្ឍនភាពលើកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរវាងតៃវ៉ាន់និងសហភាពអឺរ៉ុប ដែលនឹងជំរុញឱ្យមានទំនុកចិត្តដល់អាជីវកម្មទាំងសងខាងដើម្បីពង្រីកការវិនិយោគ»។
សហភាពអឺរ៉ុបបាននិងកំពុងចែចូវកោះតៃវ៉ាន់ ដែលជាប្រទេសផលិតគ្រឿងសឺមីកុងដាក់ទ័រដ៏សំខាន់មួយក្នុងនាមជាដៃគូ “ដែលមានគំនិតដូចគ្នា” ដែលខ្លួនចង់ធ្វើការជាមួយស្ថិតក្រោមច្បាប់បន្ទះឈីបអឺរ៉ុប (European Chips Act) ដែលបានដាក់ដំណើរការក្នុងខែកុម្ភៈ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ មេដឹកនាំគណៈប្រតិភូលោកស្រី Anna-Michelle Asimakopoulou បានប្រាប់លោកស្រី Tsai ថា សហភាពអឺរ៉ុបនិងតៃវ៉ាន់បានចែករំលែកតម្លៃរួម ដូចជាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម។
លោកស្រី Asimakopoulou បានថ្លែងថា៖ «សហភាពអឺរ៉ុបទទួលស្គាល់ថា ភាពជាដៃគូរបស់យើងក្នុងពាណិជ្ជកម្ម និងការវិនិយោគជាមួយតៃវ៉ាន់ គឺជាទំនាក់ទំនងយុទ្ធសាស្ត្រដែលមានភាពជំពាក់ជំពិនផ្នែកភូមិសាស្ត្រនយោបាយ»។
លោកស្រីបានបន្ថែមថា៖ «សហការីរបស់ខ្ញុំ និងខ្ញុំនៅក្នុងសភាអឺរ៉ុបបានអំពាវនាវឱ្យគណៈកម្មការ (អឺរ៉ុប) ចាប់ផ្តើមដោយគ្មានការពន្យាពេលនូវការវាយតម្លៃផលប៉ះពាល់ ការពិគ្រោះយោបល់ជាសាធារណៈ និងការអនុវត្តវិសាលភាពសម្រាប់កិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរវាង សហភាពអឺរ៉ុបនិងតៃវ៉ាន់»៕