(បន្ទាយមានជ័យ)៖ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការលើកកម្ពស់ចំណេះដឹង និងវិធានការប្រុងប្រយ័ត្នអំពីផ្នែកហិរញ្ញវត្ថុ ដល់អ្នកប្រើប្រាស់ គឺជាការកាត់បន្ថយនូវបញ្ហាប្រឈមលើវិស័យនេះដូច្នេះបានជាធនាគារជាតិនៃកម្ពុជា តែងតែរៀបចំសិក្ខាសាលាផ្សព្វផ្សាយពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» តាមបណ្ដាលខេត្តនានា ដើម្បីបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជា។
ការលើកឡើងរបស់លោក រ័ត្ន សុវណ្ណនរៈ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។
លោក រ័ត្ន សុវណ្ណនរៈ បានឲ្យដឹងថា ទោះជាវិស័យមីក្រូហិរញ្ញវត្ថុវិស័យនៅកម្ពុជា មានការរីកចម្រើនខ្លាំង នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិតមែន ប៉ុន្តែវិស័យនេះមានបញ្ហាប្រឈមមួយចំនួនចៀសមិនផុតនោះទេ បញ្ហានេះក៏បានធ្វើឲ្យមានឧបសគ្គ ដល់ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចដល់ការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុផងដែរ។
លោក រ័ត្ន សុវណ្ណនរៈ បានបញ្ជាក់ថា «ដើម្បីដោះស្រាយបញ្ហាប្រឈម មាននៅវិស័យមីក្រូហិរញ្ញវត្ថុចាំបាច់ ត្រូវតែមានការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងវិធានការប្រុងប្រយ័ត្ននានា ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដល់អ្នកប្រើប្រាស់ពិសេស ប្រជាពលរដ្ឋ និងអាជ្ញាធរនៅតាមមូលដ្ឋាន»។
លោក រ័ត្ន សុវណ្ណនរៈ ការសង្ឃឹមថា តាមរយៈសិក្ខាសាលាថ្ងៃនេះ នឹងប្រមូលបាននូវបញ្ហា មានក្នុងមូលដ្ឋាននីមួយៗ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ពិសេសបញ្ហាពីផលប៉ះពាល់នៃជំងឺកូវីដ១៩ សម្រាប់រៀបចំធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា វិលទៅរកកាន់ភាពប្រក្រតី និងទទួលបានការរីកចម្រើនថ្មីៗបន្ថែម។
លោក ម៉ែន ភក្ដី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ របស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុ នៅតែរក្សាបាននូវការរីកចម្រើន និងបានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកស្តារ និងបន្តអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោកបានបន្ដថា ជាក់ស្តែងគិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមានប្រមាណ ៤៣.៧៦ ទ្រីលានរៀល (ស្មើនឹង ១០.៦២ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ៣៧.៩៧ទ្រីលានរៀល (ស្មើនឹង៩.២២ ប៊ីលានដុល្លារអាមេរិក) ដែលបានផ្តល់ដល់អតិថិជនចំនួនជាង ២.១៧ លានគណនី។
ដោយឡែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើបានទទួលប្រាក់បញ្ញើ សរុបប្រមាណ ១៩.២៩ ទ្រីលានរៀល (ស្មើនឹង ៤.៦៨ ប៊ីលានដុល្លារអាមេរិក) ដែលបានមកពីអតិថិជនដាក់ប្រាក់បញ្ញើប្រមាណ២.៦៤លានគណនី។
លោក ម៉ែន ភក្ដី បានរំលឹកដល់ប្រជាជន និងអ្នកប្រើប្រាស់ទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនឃោសនា ផ្ដល់ការប្រាក់ឲ្យខ្ពស់ ព្រោះអាចជួបនឹងហានិភ័យដិតមិនដឹងខ្លួន ពិសេសពីក្រុមឈ្មួញក្រៅប្រព័ន្ធ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ក្នុងក្រុងប៉ោយប៉ែតមានប្រជាពលរដ្ឋចំនួន១៥,០០០គ្រួសារ បានទទួលសេវាឥណទាន ពីគ្រឹះស្ថានចំនួនមីក្រូហិរញ្ញវត្ថុចំនួន១៤ កំពុងមានប្រតិបត្តិការទូទាំងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទំហំសមតុល្យឥណទានសរុបប្រមាណ៦៨លានដុល្លារ ចំណែកឯអតិថិជនប្រាក់បញ្ញើមានចំនួនប្រមាណ ៣០,០០០នាក់ និងមានសមតុល្យប្រាក់បញ្ញើសរុប ចំនួន១៧លានដុល្លារអាមេរិក៕