(ភ្នំពេញ)៖ លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងថា បញ្ហាប្រឈមនៃការចាប់ផ្ដើមអាជីវកម្មថ្មីថ្មោង ពុំបានជោគជ័យ ដោយសារតែសហគ្រិនមួយចំនួន ចាប់ផ្ដើមអាជីវកម្មឡើង ដោយសារតែការមានតែចំណង មានតែឆន្ទៈ ប៉ុន្ដែមិនមានចំណេះ និងជំនាញធ្វើអាជីវកម្មឡើយ។

ការលើកឡើងរបស់លោកឧកញ៉ា ប៉ិច បូឡែន ធ្វើឡើងនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ដល់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០២២ រៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដបច្ចេកវិទ្យា និងនវានុវត្តន៍ លោកស្រី ស្រួ ណារីយ៉ា ប្រធានសភាយុវជនពាណិជ្ជករអន្ដរជាតិកម្ពុជា និងសហគ្រិនជាច្រើនរូប។

លោកឧកញ៉ា ប៉ិច បូឡែន បានថ្លែងថា «ភាគច្រើននៃអាជីវកម្មថ្មីថ្មោងចាប់ផ្ដើមឡើង ដោយសារចំណង ឆន្ទៈ តែពុំមានចំណេះជំនាញធ្វើអាជីវកម្មឡើយ ជួនកាលសហគ្រិនខ្លះមានចំណេះជំនាញ ប៉ុន្ដែនៅស្ទើរពុំច្បាស់លាស់នោះឡើយ ដូច្នេះហើយបានជាយើងមានរៀបចំពានរង្វាន់សហគ្រិនឆ្នើម (CYEA) ដើម្បីឲ្យសគ្រិនចូលរួមទទួលបានចំណេះដឹង រួមទាំងការបណ្ដុះបណ្ដាលជាច្រើន»

លោកបានបញ្ជាក់ថា «ខ្ញុំសូមផ្ដល់យោបល់ ដល់សហគ្រិនទាំងអស់ថា នៅពេលចាប់ផ្ដើមរកស៊ី គឺត្រូវមានទាំងចំណេះជំនាញ ចំណង ចាប់ផ្ដើមដោយរកស៊ី កុំមើលតែទីផ្សារកម្ពុជាតែមួយមុខ តែត្រូវសម្លឹងមើលលើទីផ្សារអាស៊ានទាំងមូល ហើយមុននឹងបើកអាជីវកម្មអ្វីមួយ ត្រូវគិតមើលពីផលប៉ះពាល់ ផលចំណេញ និងកត្តាហានីភ័យនាពេលខាងមុខឲ្យបានតិច៥ឆ្នាំ»

លោកបានបន្ដថា សម្រាប់ថ្ងៃនេះ សហគ្រិនវ័យក្មេងកម្ពុជា រួមជាមួយប្រធានសភាយុវជនពាណិជ្ជករអន្ដរជាតិកម្ពុជា បានរៀបចំកម្មវិធី ប្រគល់ពានរង្វាន់ដល់សហគ្រិនឆ្នើមឆ្នាំ២០២២ ដោយមានការចូលរួមប្រកួតប្រជែងពីសហគ្រិនជាច្រើន។ កម្មវិធីនេះរៀបចំឡើង ដើម្បីលើកទឹកចិត្តដល់សហគ្រិនល្អៗ វាស់ស្ទង់សមត្ថភាពរបស់ខ្លួន ដើម្បីដឹងថា តើអាជីវកម្មរបស់ខ្លួនស្ថិតក្នុងកម្រិតណាមួយ នៃស្ដង់ដារគម្រូអាជីវកម្ម។

លោក ហេង សុខគង់ បានថ្លែងវាយតម្លៃខ្ពស់ចំពោះកម្មវិធី ពាន់រង្វាន់សហគ្រិនឆ្នើមឆ្នាំ២០២២នេះ។ លោកលើកឡើងថា តាមរយៈកម្មវីធីនេះបានធ្វើឲ្យកម្ពុជា មានសហគ្រិនឆ្នើមជាច្រើន ព្រមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយភាពប្រកួតប្រជែង សហគ្រិនភាពក្នុងសង្គម ប្រទេសជាតិ និងក្នុងតំបន់។

លោកបានបន្ដថា ដូច្នេះសូមជម្រុញការបង្កើតភាពសកម្មបន្ថែមទៀត សម្រាប់ការធ្វើឲ្យពាន់រង្វាន់សហគ្រិនវ័យក្មេងកម្ពុជា បង្កើតនូវកិត្យានុភាពសម្រាប់ជាតិ។

លោកស្រី ស្រួ ណារីយ៉ា បានលើកឡើងថា កម្មវិធីពានរង្វាន់សហគ្រិឆ្នើមឆ្នាំ២០២២នេះ អាចប្រព្រឹត្តទៅបានរហូតឈានដល់វគ្គផ្តាច់ព្រ័តនេះ បើទោះបីជាមានឧបសគ្គជាច្រើន ក្រោយការផ្អាកអស់រយៈពេល២រដូវកាលដោយសារវិបត្តិកូវីដ១៩ក្តី។

លោកស្រីបានបន្ដថា «ខ្ញុំសូមបន្តលើកទឹកចិត្តជ័យលាភីរបស់យើង ឲ្យប្រឹងប្រែងបន្ថែមទៀត ដើម្បីបន្តការប្រកួតក្នុងវេទិកាអន្តរជាតិ ដើម្បីជាសូចនាករណ៍ពង្រឹងនិងពង្រីកអាជីវកម្មខ្លួនផង ដ៏ដូចជាឧបករណ៍ណែនាំកម្ពុជា ចូលទៅកាន់ទីផ្សារក្នុងតំបន់ ក្នុងបរិការជាបរិយាបន្នសេដ្ឋកិច្ច នៃការរស់នៅតាមបែបគន្លងថ្មីផងនោះ»

សូមជម្រាបថា កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា រៀបចំកម្មវិធីប្រគល់ពានរង្វាន់ ដល់សហគ្រិន ជ័យលាភីឆ្នើមទាំង៥រូប និងសហគ្រិនជ័យលាភីវគ្គផ្តាច់ព្រ័ត្រចំនួន៩រូប។

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០២២ មាន៥ប្រភេទដូចជា៖
១៖ ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេង (Entrepreneur of the Year Award )
២៖ ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមវ័យក្មេង (Women Entrepreneur Award )
៣៖ ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងធុរកិច្ចបរិយាប័ន្ន (Inclusive Business Award )
៤៖ ពានរង្វាន់សហគ្រិនវ័យក្មេងផ្នែកបច្ចេកវិទ្យា (Technology Entrepreneur Award)
៥៖ ពានរង្វាន់សហគ្រិនឆ្នើមបង្កើតថ្មី (Start-up Entrepreneur Award)

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានរៀបចំឡើងដំបូងនៅក្នុងឆ្នាំ២០១៥ ក្រោមកិច្ចសហប្រតិបត្តិការរវាង សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងចូលរួមគាំទ្រដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងកិច្ចការនារី៕