(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា ស្ថានភាពបំណុលរបស់កម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន និងកម្រិតហានិភ័យទាបបំផុត​ ខណៈគិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៩.៤៧ ប៊ីលានដុល្លារអាមេរិក។

​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងនៅ ក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោ​យកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដូចជា ១. ក្របខ័ណ្ឌគតិយុត្តិ ,២.គោលនយោបាយ យុទ្ធសាស្រ្ត និងនិតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ៣. សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និងទី៤.ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។

យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹង គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២នេះ រួមបញ្ចូលទាំងបំណុលមរតក កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៩.៤៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ​ ៩.៤៦ប៊ីលានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស ដែលស្មើ៩៩.៨៩% និង១០.១៥លានដុល្លារឬប្រមាណ០.១១% ជាបំណុលសាធារណៈក្នុងប្រទេស។

ក្រសួងសេដ្ឋកិច្ច ឱ្យដឹងផងដែរថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៦០២.០៣ លានដុល្លារអាមេរិក ឬស្មើនឹង៤៦៩.៥២ លានអេសដេអ៊ែរ។

បើគិតចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២នេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានា ចំនួន ១ ២១៧.៩០ លានដុល្លារអាមេរិក ស្មើនឹង ៩៤៩. ៨៣ លានដុល្លារអេសដេអ៊ែរ ឬស្មើនឹង៥៩% នៃពិដានដែលច្បាប់អនុញ្ញាត។ ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៦៨% និងពហុភាគី មានប្រមាណ ៣២%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីសរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២២នេះ មានកំណើនប្រមាណ២៩៤%។ ​

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងបន្ថែម «លទ្ធផលបឋមនៃការវិភាគចីរភាពបំណុល រហូតដល់ដំណាច់ឆ្នាំ២០២២ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃការវិបត្តិជំងឺកូវីដ១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាព និងហានិភ័យកម្រិតទាបដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់សុទ្ធតែ ស្ថិតក្រោអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផ.ស.ស មានត្រឹមកម្រិត ២៤.៩% ធៀបនឹងអនុបាតគោល ៤០%»

ជាមួយគ្នានេះ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុល ជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ១៩១.០៧លានដុល្លារ និងរយៈពេល៩ខែ ចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ កម្ពុជាបានទូទាត់សេវាបំណុល ជូនដៃគូអភិវឌ្ឍន៍ចំនួន ៤០៤.៥៧លានដុល្លារអាមេរិក កើនឡើង១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះសម្រាប់ក្របខណ្ឌទ្វេភាគីចំនួន ៣១១.៦៧លានដុល្លារអាមេរិក និងពហុភាគីចំនួ ៩២.៩០លានដុល្លារអាមេរិក។

សូមបញ្ជាក់ផងដែរ ក្នុងចំណោមបំណុលសាធារណៈ សរុប ៩.៤៧ប៊ីលានដុល្លារអាមេរិកនេះ ក្នុងនោះកម្ពុជាជំពាក់ចិនចំនួន ៤១%, ជប៉ុន ១០%, កូរ៉េ​ ៥%, បារាំង ៥%, បំណុលមរតក មានចំនួន ៧% , ADB ២០%, ធនាគារពិភពលោក ៩% និងពហុភាគីផ្សេងទៀត៕