(ភ្នំពេញ)៖ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ និងគាំទ្រដល់កំណើន និងវឌ្ឍនភាពនៃសហគ្រាសធុនតូច និងមធ្យម, រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តគំនិតផ្តួចផ្តើមជាច្រើន តាមរយៈស្ថាប័នគាំទ្រផ្សេងៗ រួមមាន ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank), សាជីវកម្មឥណទានកម្ពុជា (CGCC), មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF),សហគ្រិនខ្មែរ (KE), និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

ទោះបីជាកម្មវិធីគាំទ្រ, គោលនយោបាយ និងយុទ្ធសាស្រ្តជាច្រើនពីរាជរដ្ឋាភិបាល ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍន៍នានាទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើនក្តី សហគ្រាសបង្កើតថ្មី ព្រមទាំងសហគ្រាសធុនតូច និងមធ្យម នៅតែប្រឈមមុខនឹងបញ្ហាផ្សេងៗចំនួន។

ដើម្បីរៀបចំគោលដៅយុទ្ធសាស្រ្តសមស្របនឹងបរិការណ៍ធុរកិច្ចជាក់ស្តែងនៅកម្ពុជា, នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី៖ កាលានុវត្តភាព និងបញ្ហាប្រឈមនៃធុរកិច្ចរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ព្រមទាំងធ្វើការពិភាក្សាលើកម្មវិធីរបស់ ម.អ.ស. និងសហគ្រិនខ្មែរ ក្រោមការដឹកនាំរបស់លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៅសណ្ឋាគាររ៉ាហ្វលឡឺរូយ៉ាល់ ដោយមានការចូលរួមពី តំណាងសមាគមធុរកិច្ចនានា, ដៃគូអភិវឌ្ឍន៍, ក្រុមហ៊ុនវិនិយោគ, និងស្ថាប័នគាំទ្រសហគ្រិនភាព (ESOs) នៅកម្ពុជា ។

អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ប្រមូលធាតុចូលអំពីបច្ចុប្បន្នភាពនៃកាលានុវត្តភាព និងបញ្ហាប្រឈមនៅក្នុងធុរកិច្ចកម្ពុជា និង (២) ប្រមូលមតិកែលម្អ និងអនុសាសន៍ លើកម្មវិធីគោលរបស់ ម.អ.ស. និងសហគ្រិនខ្មែរ ។

កិច្ចពិគ្រោះយោបល់នៃអង្គសិក្ខាសាលានេះ បានបង្ហាញថាប្រព័ន្ធអេកូឡូស៊ីធុរកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៣ ជាទូទៅមានភាពវិជ្ជមាន ដោយមានការលេចឡើងនូវកាលានុវត្តភាពធុរកិច្ចថ្មីៗជាច្រើននៅក្នុងវិស័យនីមួយៗ ជាពិសេសវិស័យកសិកម្ម, ទេសចរណ៍ និងឌីជីថល។

អង្គសិក្ខាសាលាក៏បានលើកឡើងបញ្ហាប្រឈម នៅក្នុងធុរកិច្ចសំខាន់ៗមួយចំនួនមានជាអាទិ៍៖ ការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារ, កង្វះទីផ្សារសម្រាប់ផលិតផលក្នុងស្រុក, លទ្ធភាពទទួលបានហិរញ្ញប្បទានសមរម្យនៅមានកម្រិត, ថ្លៃផលិតកម្មនិងដឹកជញ្ជូនខ្ពស់, កង្វះធនធានមនុស្ស (ជំនាញ) និងបញ្ហាអនុលោមភាពនានាក្នុងការធ្វើអាជីវកម្ម ។

បន្ថែមលើនេះ តំណាងសមាគម និងដៃគូរពាក់ព័ន្ធ បានស្នើឱ្យ ម.អ.ស. និងសហគ្រិនខ្មែរ បន្តគាំទ្របន្ថែមទៀតដល់ការពង្រីកធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម, បន្តចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក និងសម្រួលដល់ការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសប្រទេសចិន ។

ទន្ទឹមនេះ តំណាងសមាគមធុរកិច្ច និងដៃគូអភិវឌ្ឍន៍នានា បានផ្តល់ការវាយតម្លៃខ្ពស់លើកម្មវិធីគោលទាំង ០៤ របស់ ម.អ.ស. និងសហគ្រិនខ្មែរ (ការកសាងសមត្ថភាពសហគ្រិន, ការបង្កើតបណ្តាញធុរកិច្ច,ការផ្តល់មូលនិធិដើមទុន និងការលើកកម្ពស់វប្បធម៌សហគ្រិនភាព) ក្នុងការចូលរួមបង្កើនគុណតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងតម្រូវការធុរកិច្ចបច្ចុប្បន្ន ព្រមទាំងមានការទទួលស្គាល់ច្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ។

លើសពីនេះ សិក្ខាសាលា ក៏បានស្នើឱ្យ ម.អ.ស. និងសហគ្រិនខ្មែរ បង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់នូវកម្មវិធីគាំទ្រដល់ធុរកិច្ច ក្នុងការត្រៀមទាក់ទាញ និងទទួលការវិនិយោគ (Investment Readiness), ជំរុញឱ្យមានវប្បធម៌សហគ្រិនភាពដែលគិតគូរ និងហ៊ានប្រឈមនឹងហានិភ័យ (Calculated Risk) ក៏ដូចជារៀបចំកម្មវិធីគាំទ្របន្ថែមទៀត ដែលឆ្លើយតបទៅនឹងតម្រូវការ និងបរិការណ៍ជាក់ស្តែងនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចកម្ពុជា៕