(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ល្បីមួយ នៅក្នុងតំបន់នោះ បានបញ្ជាក់ពីការបើកសាខានៅប្រទេសកម្ពុជា នាដើមឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ ដោយយកឈ្មោះថា AirAsia Cambodia ដែលជាសាខាទី៥ ក្នុងតំបន់អាស៊ាន ហើយហ៊ានអះអាងថានឹងនាំភ្ញៀវទេសចរមកកម្ពុជាឱ្យបាន ៣-៤លាននាក់ក្នុងមួយឆ្នាំ។
ក្នុងជំនួបពិភាក្សាជាមួយលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក Tony Fernandes អគ្គនាយក្រុមហ៊ុន Capital A (ប្ដូរពី AirAsia Group) បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងដំណើរការបង្កើតសាខានៅប្រទេសកម្ពុជា ដោយដាក់ឈ្មោះថាក្រុមអាកាសចរណ៍ AirAsia Cambodia។
លោក Tony បានបន្តថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនរបស់លោកនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ដើម្បីឈានទៅការបង្កើតក្រុមអាកាសចរណ៍ AirAsia Cambodia នៅប្រទេសកម្ពុជា ឱ្យបាននាពាក់កណ្ដាលខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
អគ្គនាយក្រុមហ៊ុន Capital A បានបន្តថា កម្ពុជានឹងក្លាយជាប្រទេសទី៥ក្នុងតំបន់អាស៊ាន ដែលមានទីស្នាក់ការរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia បន្ទាប់ពីប្រទេសម៉ាឡេស៉ី ឥណ្ឌូណេស៉ី ហ្វីលីពីន និងប្រទេសថៃ។ ក្រៅពីនេះក្រុមហ៊ុនអាកាសចរណ៍ AirAsia ក៏មានស្នាក់ការនៅក្រៅតំបន់ដែរ ដូចជានៅប្រទេសជប៉ុន និងឥណ្ឌា។
ក្នុងជំនួបនៅទីស្ដីការក្រសួងទេសចរណ៍នោះ លោកអគ្គនាយក AirAsia បានបញ្ជាក់ដែរថា ក្រុមហ៊ុនលោកមានគម្រោងទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរចូលមកប្រទេសកម្ពុជាឱ្យបាន៣-៤លាននាក់ក្នុង១ឆ្នាំ ដោយជំហានដំបូងក្រុមហ៊ុនគ្រោងដាក់ដំណើរការយន្តហោះចំនួន ៤គ្រឿងដែលជាប្រភេទ Airbus A321 ដោយតភ្ជាប់គោលដៅក្នុងតំបន់អាស៊ាន ជប៉ុន ឥណ្ឌា និងចិន ព្រមទាំងគោលដៅក្នុងស្រុកផងដែរ ដូចជាភ្នំពេញ-សៀមរាប ភ្នំពេញ-ព្រះសីហនុ។
បើតាមការបញ្ជាក់របស់អគ្គនាយក AirAsia គោលដៅអាទិភាពក្នុងការតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា គឺប្រទេសក្នុងតំបន់អាស៊ាន។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ក៏មានចំណាប់អារម្មណ៍តភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសចិនមកកម្ពុជា និងពីប្រទេសឥណ្ឌាមកកម្ពុជាផងដែរ។ គួរជម្រាបថា កម្ពុជាមិនទាន់មានជើងហោះហើរត្រង់ជាមួយប្រទេសឥណ្ឌានៅឡើយទេ ដូច្នេះនៅពេលមានការឯកភាពនិងដំណើការជើងហោះហើរត្រង់ជាមួយគ្នានាពេលខាងមុខនោះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងដើរតួជាផ្នែកសំខាន់ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវអាកាស។
បើតាមការបន្ថែមរបស់លោក Tony យន្តហោះប្រភេទ Airbus A321 គឺអាចដឹកជញ្ជូនអ្នកដំណើរប្រមាណ២០០នាក់ ហើយប្រសិនបើអ្នកដំណើរ ទៅមកចេញចូលកាន់តែមានកំណើន នោះក្រុមហ៊ុននឹងបន្ថែមចំនួន យន្តហោះមកទៀតដែរ។
លោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទេសក៍ទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍មានក្ដីសង្ឃឹមថា ការវិនិយោគរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងនាំមកនូវកំណើនភ្ញៀវទេសចរបន្ថែមទៀត ឱ្យចូលមកទស្សនាកម្ពុជា ពិសេសបានចូលរួមផ្សព្វផ្សាយពីគោលដៅរបស់កម្ពុជា ទៅកាន់ពិភពលោកបន្ថែមទៀត។
លោក ឈុន មករា បានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia នេះ គឺមានយន្តហោះប្រភេទ Airbus A321 សរុបដល់ទៅជាង២០០គ្រឿង។ ម្យ៉ាងទៀតថ្លៃសំបុត្រយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏មានតម្លៃសមរម្យ ខណៈភ្ញៀវទេសចរនិងអ្នកដំណើរក៏និយមច្រើនដែរ ដូច្នេះក្រសួងពិតជាមានការរំពឹងទុកខ្ពស់ ចំពោះការជំរុញចលនាភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជា។
បើតាមលោកអគ្គនាយក Tony Fernandes អ្វីដែលជាបញ្ហាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ AirAsia គឺក្រុមហ៊ុនតែងតែ ត្រូវការព្រលានយន្តហោះដាច់ដោយឡែក តួយ៉ាងដូចនៅប្រទេសថៃ គឺមានព្រលានយន្តហោះដនមឿងមួយ គឺសម្រាប់តែយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ប៉ុណ្ណោះ ខណៈកម្ពុជានៅមិនទាន់មានព្រលានយន្តហោះ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដាច់ដោយឡែកនៅឡើយ។ បញ្ហាផ្សេងទៀត គឺពន្ធព្រលានយន្តហោះមានតម្លៃថ្លៃជាងប្រទេសជិតខាង និងថ្លៃប្រេងឥន្ធនៈក៏មានតម្លៃខ្ពស់ជាងប្រទេសផ្សេងដែរ។ តែទោះជាយ៉ាងណា ក្រុមហ៊ុននៅតែជម្នះបើកឱ្យមានសាខា របស់ខ្លួននៅកម្ពុជា។
អ្វីដែលពិសេសចំពេលមានតម្រូវការនោះ គឺថាកម្ពុជាកំពុងផ្សព្វផ្សាយ «ឆ្នាំទស្សនាកម្ពុជា» ដើម្បីអបអរសាទរការឈានឆ្ពោះព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ AirAsia ក៏បានសន្យារៀបចំយន្តហោះ ១គ្រឿងសម្រាប់ឱ្យភាគីកម្ពុជា បិទផ្ទាំងរូបភាពរចនាអំពីការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ ឱ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិទាំង ២នេះដែរ៕