(ភ្នំពេញ)៖ ក្រុមហ៊ុនក្នុងស្រុកចំនួន២ ដែលជាសហគ្រាសកែច្នៃចំណីអាហារ និងក្រុមហ៊ុនបម្រើសេវាកម្មអប់រំ បាននិងកំពុងរៀបចំខ្លួន ចុះបញ្ជីក្នុងផ្សារហ៊ុន នៅឆ្នាំ២០២៣ ដើម្បីបោះផ្សាយមូលបត្រលក់ជាសាធារណៈ កៀរគរទុនពីសាធារណជន សម្រាប់ពង្រីកអាជីវកម្មបន្ថែម។
លោក ស៊ូ សុជាតិ ប្រភិរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនធំៗចំនួន២ ដែលមានដំណើរការអាជីវកម្មពី១០ទៅ២០ឆ្នាំ បានសម្តែងឆន្ទៈក្នុងការរៀបចំខ្លួន ក្នុងការបោះផ្សាយមូលបត្រ នាពេលមុខនេះ គឺក្រុមហ៊ុន នំស្រួយលីលី របស់លោកស្រី កែវ មុំ និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
លោកបញ្ជាក់ថា ក្រុមហ៊ុនទាំងនេះនឹងបោះផ្សាយជាប្រភេទមូលបត្រកម្មសិទ្ធិ ដែលនេះគឺជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យមូលបត្រកម្ពុជា នៅឆ្នាំក្រោយនេះ។
លោកគូសបញ្ជាក់បន្ថែមថា «ការឈានជើងចូលរបស់ក្រុមហ៊ុនទាំងពីរ នៅក្នុងផ្សារហ៊ុនកម្ពុជា គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា ចាប់ផ្តើមហើយ បន្ទាប់ពីដំណាក់កាលអាក់ខានខ្លះ ក្នុងបរិបទនៃភាពប្រឈមក្នុងសម័យកូវីដ តែឥឡូវ គឺជាដំណាក់កាលមួយ ដែលក្រុមហ៊ុនចាប់ផ្តើមកំរើក ហើយការកំរើកខ្លួនលើកនេះ គឺការកំរើកខ្លួននូវការរួចរាល់តែម្តង សម្រាប់ការឈានជើងចូលទីផ្សារមូលបត្រ។ ការចូលខ្លួនក្នុងផ្សារមូលបត្រ ភារកិច្ចសំខាន់ គឺក្រុមហ៊ុនខ្លួនឯង បើសិនជាក្រុមហ៊ុនគាត់រួចរាល់ឯកសារមានទាំងអស់ អីចឹងនៅឆមាសទី១ ឆ្នាំ២០២៣ គាត់អាចចូលបាន ប៉ុន្តែបើគាត់ខ្វះខាត វាអាចនឹងដំណើរការបន្ថែមបន្តិចទៀត។ ប៉ុន្តែទស្សនៈវិស័យរបស់ក្រុមហ៊ុនបានបញ្ជាក់មកយើងខ្ញុំហើយថា គាត់ចង់បាននៅក្នុងឆមាសទី១ ឆ្នាំ២០២៣»។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះលោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានប្រកាសស្វាគមន៍ និងគាំទ្របន្ថែម ដល់ម្ចាស់អាជីវកម្មក្នុងស្រុក ដែលមានភាពលេចធ្លោក្នុងសង្គម និងទទួលបានការឱ្យតម្លៃពីសាធារណជន និងស្គាល់ច្រើនបានឈានជើងចូលក្នុងផ្សារហ៊ុន។ លោករំពឹងថា នឹងទទួលបានការគាំច្រើន ពីសាធារណជន។
លោកបន្តថា «យើងមានតែស្វាគមន៍ឱ្យតែពួកគាត់ អាចបំពេញលក្ខខណ្ឌ ក្នុងការចុះបញ្ជីភាគហ៊ុនរបស់ក្រុមហ៊ុនគាត់ យើងមានតែគាំទ្រ ជំរុញ និងផ្តល់នូវជំនួយបន្ថែមបើចាំបាច់ ដើម្បីឱ្យពួកគាត់ធ្វើការបោះផ្សាយទទួលបានជោគជ័យ និងទទួលបានការគាំទ្រច្រើន ពីវិនិយោគិន»។
សូមជម្រាបថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន១៦ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្មសិទ្ធិចំនួន ៩ ក្រុមហ៊ុន និងក្រុមហ៊ុនចុះបញ្ជីមូលបត្របំណុលចំនួន៧ ក្រុមហ៊ុន៕