(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងពិចារណាដកហូតពន្ធថ្មីលើដែកថែប និងអាលុយមីញ៉ូមរបស់ប្រទេសចិន ដែលជាផ្នែកមួយនៃគោលបំណងប្រយុទ្ធប្រឆាំងនឹងការបំភាយឧស្ម័នកាបូន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសចិនដែលផលិតដែកថែបច្រើនជាងពាក់កណ្តាលនៃផលិតកម្មពិភពលោកត្រូវបានរងការចោទប្រកាន់ពីសំណាក់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកថាបានផលិតដែកលើសតម្រូវការដែលកំពុងគំរាមកំហែងដល់ការរស់រានមានជីវិតនៃឧស្សាហកម្មដែករបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Boomberg ថា គំនិតដកហូតពន្ធដែលផ្តួចផ្តើមឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden នេះនៅតែស្ថិតក្នុងដំណាក់កាលបឋមនៅឡើយ ហើយមិនទាន់ត្រូវបានស្នើឡើងជាផ្លូវការនៅឡើយទេ ហើយកិច្ចព្រមព្រៀងណាមួយជាមួយសហភាពអឺរ៉ុបទំនងជាមិនទាន់មានឡើយរហូតដល់ចុងឆ្នាំក្រោយបើឆាប់បំផុត។

សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Boomberg បានឱ្យដឹងថា ក្របខ័ណ្ឌថ្មីនេះដែលស្រដៀងទៅនឹងកិច្ចព្រមព្រៀងដែលសម្រេចបានរវាងអឺរ៉ុបនិងសហរដ្ឋអាមេរិកកាលពីឆ្នាំមុននោះ គឺផ្តោតជាសំខាន់ទៅលើប្រទេសចិន រួមជាមួយនឹងប្រទេសដែលបំពុលបរិស្ថានធំៗផ្សេងទៀត។

អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Katherine Tai និងក្រុមការងាររបស់លោកស្រីបានបង្ហាញក្របខ័ណ្ឌនេះទៅកាន់ស្នងការអឺរ៉ុបលោក Valdis Dombrovskis និងអ្នកផ្សេងទៀតនៅទីក្រុងប្រាកកាលពីចុងខែតុលា។

ទោះបីជាយ៉ាងណា នៅពេលនោះមន្ត្រីសហភាពអឺរ៉ុបបានលើកឡើងពីបញ្ហានៃភាពស្របច្បាប់ និងភាពស៊ីគ្នាជាមួយនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាជាមួយនឹងយន្តការកំណត់តម្លៃកាបូនអឺរ៉ុបរបស់ខ្លួនផងដែរ។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងជាអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រទេ៕