(ភ្នំពេញ)៖ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូច និងមធ្យម (SME) បានថ្លែងថា នៅឆ្នាំ២០២៣ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា គ្រោងថវិកាប្រមាណ ១០០លានបន្ថែម ដើម្បីផ្តល់ជូនដល់ធនាគារ SME សម្រាប់ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ក្នុងអត្រាការប្រាក់ទាប ដើម្បីឱ្យពួកគេមានទុនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម។

មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី«ផ្សព្វផ្សាយ ជាសាធារណៈអំពីសមិទ្ធផលនៃការអនុវត្តគម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម និងពិធីប្រគល់លិខិតថ្លែងអំណរគុណជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

ជមួយគ្នានេះ លោកបញ្ជាក់បន្ថែមថា ប្រសិនសិនភាពសេដ្ឋកិច្ចនៅជួបការលំបាក ប្រសិនបើមានតម្រូវការអន្តរាគមន៍បន្ថែម ពីរដ្ឋាភិបាលដើម្បីទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច និងសកម្មភាពធុរកិច្ចរបស់ សហគ្រាសធុនតូច និងមធ្យម នោះធនាគារ SME នឹងដាក់ឲ្យអនុវត្តនូវកម្រោងសហហិរញ្ញប្បទាពទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ៣ (SCFS III) បន្តទៀត បន្ទាប់ពីជំហានបានបញ្ចប់កាលពីខែកញ្ញា ឆ្នាំ២០២២ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម ឲ្យមានលទ្ធភាពពង្រឹងអាជីវកម្មឡើងវិញ តាមគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិ កូវីដ១៩។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងករណី ស្ថានភាពសេដ្ឋកិច្ចនៅបន្តជួបការលំបាក រាជរដ្ឋាភិបាល នឹងបន្តពិនិត្យលទ្ធភាពក្នុងបង្កើតគម្រោងសហហិរញ្ញប្បទានថ្មី ប៉ុន្តែសម្រាប់ឆ្នាំបន្តទៀតនេះ ក៏យើងមានកម្មវិធីផ្តល់ជាកម្ចីដោយផ្ទាល់ពីធនាគារ SME ដោយមិនឆ្លងតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នៅក្នុងវិស័យអទិភាព ដូចជាកម្មវិធីពាក់ព័ន្ធជាមួយសហគ្រិនស្រ្តី, ទី២.វិស័យអទិភាពដូចជា វិស័យកសិឧស្សាហកម្ម ការកែច្នៃជាដើម ក្នុងអត្រាការប្រាកើល្អប្រសើរសម្រាប់ពួកគាត់ ហើយមានកម្មវិធីមួយទៀត សម្រាប់អាជីវកម្ម Start up»

លោកបន្ថែមថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនទាំងអស់ ក៏ដូចជាភាគីពាក់ព័ន្ធ នឹងបន្តចូលរួមគាំទ្រគោលនយោបាយហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាលឲ្យកាន់តែសកម្មបន្ថែមទៀត»

លោកសង្កេតឃើញថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ភាគច្រើននៅ នៅតែមានតម្រូវការហិរញ្ញប្បទានច្រើន សម្រាប់រក្សាលំនឹង និងពង្រីកអាជីវកម្មរបស់ពួកគេ។ ជាមួយគ្នានេះ ក្រៅពីការផ្តល់ហិរញ្ញប្បទាន លោកក៏ចង់ឱ្យធនាគាររដ្ឋមួយនេះ ជួយអភិវឌ្ឍន៍ និងលើកស្ទួយធុរកិច្ចរបស់ម្ចាស់សហគ្រាសផងដែរ។

គួរជម្រាបថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២នេះ ធនាគារ SME ដែលជាធនាគារបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ១៦៥ តាមរយៈគម្រោងចំនួនបីរបស់ធនាគារ SME ដើម្បីជួយស្តារអាជីវកម្ម រក្សាលំនឹង និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាសមួយចំនួនរងផលប៉ះពីជំងឺកូវីដ១៩៕