(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ-១៩ ក៏អគ្គនាយកដ្ឋានពន្ធដារ នៅតែអាចសម្រេចបាន ការប្រមូលចំណូលពន្ធលើសផែនការ ដែលតម្រូវដោយច្បាប់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល ជួបពិភាក្សាជាមួយលោកស្រី Anette Landen ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃទីភ្នាក់ងារពន្ធដារស៊ុយអែត ព្រមទាំងជំនាញការ STA នៅអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

លោក គង់ វិបុល បានបញ្ជាក់ថា «ទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃកូវីដ-១៩ ក៏ដោយ ក៏អគ្គនាយកដ្ឋានពន្ធដារ នៅតែអាចសម្រេចបានការប្រមូលចំណូលពន្ធ លើសផែនការដែលតម្រូវ ដោយច្បាប់ ដោយសារតែមានការធ្វើទំនើបកម្មនៃរដ្ឋបាលសារពើពន្ធ ដូចជា ប្រព័ន្ធ E-Filing និង E-Document Submission System ជាដើម»

ទន្ទឹមនេះ លោកស្រី Anette Landen ក៏បានជម្រាបជូនលោករដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីវិញផងដែរថា ស្ថានភាពនៃការធ្វើអាជីវកម្មនៅក្នុងប្រទេសស៊ុយអែត ពុំសូវទទួលរងផលប៉ះពាល់ខ្លាំងដោយសារ ការរីករាលដាលនៃកូវីដ-១៩ នេះទេ ពីព្រោះតែពុំមានការបិទខ្ទប់ទាំងស្រុង។ ហេតុនេះការប្រមូលចំណូលពន្ធ ក៏ពុំសូវទទួលរងផលប៉ះពាល់ខ្លាំងផងដែរ។

លោក គង់ វិបុល ក៏បានលើកឡើងផងដែរថា ជោគជ័យរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការសម្រេចបានការប្រមូលចំណូលលើសផែនការ មួយផ្នែក គឺបានមកពីការចូលរួមចំណែករបស់ STA តាមរយៈសមិទ្ធិផលនានា ដែលសម្រេចបាននៅក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានពន្ធដារនិង STA នេះ។

លោកថា ជាក់ស្ដែង សមិទ្ធិផលដ៏សំខាន់មួយ ដែលសម្រេចបាននៅក្រោមគម្រោងកិច្ចសហប្រតិបត្តិការនេះ គឺការធ្វើឲ្យប្រសើរឡើងនូវសេវាអ្នកជាប់ពន្ធ ដោយមានការបង្កើតនូវមជ្ឈមណ្ឌល ផ្តល់សេវាពិគ្រោះយោបល់តាមទូរស័ព្ទ (Call-Center)នៅក្នុងឆ្នាំ២០១៨។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្ថែមថា ស្ថិតិនៃការសាកសួរព័ត៌មានតាមរយៈ Call-Center នេះមាននិន្នាការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាការបញ្ជាក់ឲ្យឃើញថា អ្នកជាប់ពន្ធមានការ យល់ដឹងច្រើនជាងមុនពីកាតព្វកិច្ចបង់ពន្ធរបស់ខ្លួន ដើម្បីជំរុញការសិក្សាបន្ថែមទៀត អំពីបច្ចេកវិទ្យា និងបញ្ហាពាក់ព័ន្ធពន្ធផ្សេងៗ។

លោកបានស្នើឲ្យមានដំណើរទស្សនកិច្ចសិក្សា របស់គណៈប្រតិភូអគ្គនាយកដ្ឋានពន្ធដារ ដែលដឹកនាំដោយលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ផ្ទាល់ទៅកាន់ STA នៅឆ្នាំ២០២៣។ ជាការឆ្លើយតប លោកស្រី Anette Landen បានទទួលយកសំណើនេះ ដើម្បីជម្រាបជូនលោកសី Katrin Westling Palm អគ្គនាយកនៃ STA តាមការស្នើសុំរបស់ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕