(ភ្នំពេញ)៖ ធុរកិច្ចជនរបស់កម្ពុជា និងជប៉ុន បានណែនាំពីការធ្វើជំនួញ ដោយផ្អែកលើទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori ដែលជាកំពូលអ្នកជំនួញរបស់ជប៉ុន ដែលតាមរយៈទស្សនៈនេះអាចធ្វើឱ្យអាជីវកម្ម ដែលជិតក្ស័យធន់ហើយនោះ បានដំណើររលូនឡើងវិញ និងកាន់រីកធំធាត់ជាងមុនទៀតផង។
លោក Kazuo Inamori គឺជាអ្នកដឹកនាំធុរកិច្ចដ៏ល្បីបំផុតមួយរូប ក្នុងប្រទេសជប៉ុន ដែលបានបង្កើតក្រុមហ៊ុនសាជីវកម្ម Kyocera និង KDDI ហើយលោកក៏ប្រធានក្រុមហ៊ុន Japan Airline ដោយបានដឹកនាំធ្វើឱ្យក្រុមហ៊ុនអាកាសចរនេះ រស់រានឡើងវិញផងដែរ។ ទស្សនវិជ្ជាអាជីវកម្មរបស់លោក គឺផ្អែកទៅលើ «ការរស់នៅតាមរបៀបត្រឹមត្រូវ ក្នុងនាមជាមនុស្ស-Living in the right way as human being»។ លោក Inamori បានទទួលមរណភាពនៅខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ។
លោក Hamada Soichiro នាយកប្រតិបត្តិក្រុមហ៊ុន Ryochi Keiei ដែលជាអ្នកជំនួញជនជាតិជប៉ុន បានលើកឡើងថា ការធ្វើជំនួញតែងតែជួបបញ្ហាផ្សេងៗជាយថាហេតុ ដែលគិតមិនដល់ ប៉ុន្តែនៅក្នុងស្ថានភាពដែលមិនប្រាកដប្រជាក្នុងការរកស៊ី អ្វីដែលជួយឱ្យអាជីវកម្មរបស់លោកមានភាពនឹងនររឹងមាំ គឺលោកប្រើប្រាស់ទស្សនវិជ្ជាធុរកិច្ចរបស់លោក Inamori ដែលធ្វើឱ្យលោកចេះកែប្រែវិបត្តិទៅជាឱកាស។ ហើយតាមរយៈការប្រើប្រាស់ទស្សនៈនេះ លោកក៏ធ្លាប់ជួយក្រុមហ៊ុនផ្សេងដែលក្ស័យធន់ឱ្យដំណើរការឡើងវិញ ជាធម្មតាវិញផងដែរ។ ហើយលោកសង្ឃឹមថា ធុរកិច្ចនៅកម្ពុជាជាច្រើននឹងប្រើប្រាស់ទស្សនៈលោក Inamori នាពេលខាងមុខ។
លោកបន្តថា បើទោះបីជាលោក Inamori បានទទួលមរណកាលពីខែសីហា ឆ្នាំ២០២២ ក្នុងអាយុ ៩០ឆ្នាំហើយក្តី ប៉ុន្តែទស្សនៈនេះ នៅមានសារៈសំខាន់សម្រាប់ប្រទេសជប៉ុន កម្ពុជា និងប្រទេសផ្សេងៗទៀតផងដែរ។
លោកបន្តថា «បើខ្ញុំមិនបានរៀនសូត្រពីទស្សនៈវិទ្យាលោក Inamori ទេ ប្រហែលជាក្រុមហ៊ុនរបស់ខ្ញុំច្បាស់ជាក្ស័យធន់ ប៉ុន្តែក្រោយពីបានរៀនសូត្រ ពីលោកគ្រូ Inamori និងសិក្សាពីទស្សនៈវិទ្យារបស់លោក និងវិធីសាស្រ្តផ្សេងៗ ធ្វើឱ្យក្រុមហ៊ុនរបស់ខ្ញុំមានភាពរឹងមាំ និងបានពង្រីកកាន់តែច្រើនជាងមុន ដែលរហូតមកដល់ពេលនេះ មានរយៈពេល៣១ឆ្នាំហើយ និងផលរបររហូតដល់ ៦០០លានដុល្លារក្នុងមួយឆ្នាំ ហើយជាមួយគ្នានេះ ក៏ពង្រីកការរកស៊ីទៅលើវិស័យផ្សេងៗទៀត ដូចជាវិស័យបរិស្ថាន ដើម្បីជួយកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងការផ្តត់ផ្គង់ថាមអគ្គិសនីបៃតង វិស័យម្ហូបអាហារ និងបានពង្រីកសាខាទូទាំងប្រទេសជប៉ុនផងដែរ»។
លោកបានចែករំលែកខ្លះថា តាមរយៈការប្រើប្រាស់នូវទស្សនៈនេះ ក្រុមហ៊ុនមិនត្រឹមតែផ្តល់តែទៅលើផលប្រយោជន៍ក្រុមហ៊ុននោះទេ ប៉ុន្តែក៏ត្រូវគិតគូរយកចិត្តទុកដាក់ ទៅលើបុគ្គលិកផងដែរ ពោលគឺយើងទាំងអស់គ្នា គឺជាមិត្តរួមប្រយុទ្ធ និងមានគុណតម្លៃរួមគ្នា ក្នុងការអនុវត្តការងារ ហេតុនេះហើយទើបក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ជាមួយបុគ្គលិក គឺធ្វើឱ្យពួកគេធ្វើការដោយសប្បាយទាំងផ្លូវចិត្ត និងផ្លូវកាយ និងមានស្មារតីល្អ។ ការយល់គ្នាទៅវិញទៅមករវាងបុគ្គលិក និងអ្នកគ្រប់គ្រង នៅពេលដែលក្រុមហ៊ុនជួបការលំបាក បុគ្គលិកនឹងចូលរួមចំណែកពុះពារឧបសគ្គជាមួយគ្នា បានន័យថា ពេលសប្បាយ ត្រូវសប្បាយជាមួយគ្នា មានមានទុក្ខត្រូវរួមទុកជាមួយគ្នា និងចែករំលែកគ្នាទៅវិញទៅមក ប្រៀបដូចជាឪពុកម្តាយ ដែលនេះ គឺជាគន្លឹះមួយធ្វើឱ្យក្រុមហ៊ុនរីកធំធាត់។
លោកបានលើកជាឧទាហណ៍ថា នៅពេលដែលក្រុមហ៊ុនជួបវិបត្តិ តម្រូវឱ្យកាត់ប្រាក់ខែ គឺត្រូវតែកាត់ទាំងអស់គ្នា តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ហើយការកាត់ប្រាក់ខែនេះទៀតសោត ត្រូវធ្វើឡើងពីថ្នាក់លើមកមុន។ ហើយនៅពេលដែលក្រុមហ៊ុនទទួលបានផលចំណេញវិញ ក៏ត្រូវចែករំលែកនូវអត្ថប្រយោជន៍ ឱ្យដល់បុគ្គលិកឱ្យគ្រប់គ្នា។ ហើយមិនតែប៉ុណ្ណោះក៏ត្រូវចូលរួមអភិវឌ្ឍន៍ នូវសង្គមជាតិទាំងមូលផងដែរ។
លោកបន្តថា «ការគ្រប់គ្រងមុខជំនួញ ឬបុគ្គលិក ប្រៀបដូចជាឆាកល្ខោនមួយ ដែលពោរពេញដោយមនោសញ្ចេតនា ដូច្នេះហើយ ការគ្រប់គ្រង គឺត្រូវគិតពីមនោសញ្ចេតនាបុគ្គលិក។ យើងឃើញថា ចិត្តរបស់មនុស្សប្រែប្រួលជានិច្ច ក៏ប៉ុន្តែបើយើងអាច ធ្វើឱ្យចិត្តមនុស្សនៅនឹងថ្កល់ និងទុកចិត្តបាន គ្មានអ្វីដែលល្អជាងការថ្នមចិត្តគ្នា ដែលជំរុញឱ្យយើងអាចធ្វើការជាមួយគ្នាខ្លាំង ជាងមុនទៀត។ បើយើងមិនអាចធ្វើឱ្យទឹកចិត្ត និងបេះដូងរបស់បុគ្គលិកម្នាក់ៗ ដែលជឿជាក់គ្នាទៅវិញទៅមកទេ គឺគ្មានវិធីសាស្រ្តគ្រប់គ្រងណាល្អជាងនេះទេ»។
អ្នកជំនួញជនជាតិជប៉ុនរូបនេះ បានលើកបទពិសោធរបស់ខ្លួន មកបញ្ជាក់ផងដែរថា ដំបូងឡើយលោកបានបើកក្រុមហ៊ុនលក់ស្រាមួយ ដោយទទួលបានចំណូលប្រមាណ ១០០លានដុល្លារក្នុងឆ្នាំ ប៉ុន្តែក្រោយការលក់កាន់តែធ្លាក់ជាលំដាប់ ដោយអាចទទួលបានត្រឹមតែ ៦០លានដុល្លារ ក្នុងមួយឆ្នាំប៉ុណ្ណោះ។ ហេតុនេះហើយបានធ្វើឱ្យក្រុមហ៊ុន របស់លោកធ្លាក់ចូលក្នុងវិបត្តិ។ បន្ទាប់ពីជួបនូវវិបត្តិនេះ លោកបានរៀនសូត្រជាមួយលោក Inamori ដើម្បីកែលម្អក្រុមហ៊ុនរបស់លោក ឱ្យរស់រៀនឡើងវិញ។ ក្រោយការរៀនសូត្រពីលោក Inamori លោកបានរកឃើញថា ការជួបវិបត្តិនេះ គឺជាឱកាសមួយ ពេលនោះហើយដែលលោកបានចេះកែប្រែវិបត្តិ ទៅជាឱកាសវិញ ហើយក្រោយមក ការលក់របស់ក្រុមហ៊ុន កើនឡើងទ្វេដងទៅដល់ជាង ២០០លានដុល្លារ។
ក្នុងការកែប្រែនេះ លោកបានប្រើយន្តការចំនួន៣ រួមមាន៖ ទី១.បញ្រ្ជាបទស្សនៈទៅដល់បុគ្គលិកគ្រប់គ្នា ទី២. ប្រើប្រាស់ប្រព័ន្ធគណនេយ្យ ដែលច្បាស់លាស់ និងទី៣.ប្តូរទម្រង់នៃការរកស៊ី។ ចំណែកការយកបេះដូងរបស់បុគ្គលិក គឺលោកអនុវត្តតាមមាត្រា ១២ចំណុចរបស់លោក Inamori។ រយៈពេល១៨ឆ្នាំ ដែលលោកបានប្រកបជំនួញដោយប្រើប្រាស់ទស្សនៈលោក Inamori ធ្វើឱ្យក្រុមហ៊ុនរីកចម្រើនយ៉ាងខ្លាំង លើសពី១០ដង។
លោក អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានសរសើរចំពោះទស្សនវិជ្ជាធុរកិច្ចរបស់លោក Inamori ដែលមានខ្លឹមសារអប់រំដ៏អស្ចារ្យ ដែលអ្នកជំនួញនៅកម្ពុជា គួរប្រតិបត្តិតាម។
លោកបន្តថា ទស្សនៈកិច្ចមានភាពស្រដៀងគ្នា នឹងទ្រឹស្តរបស់ព្រះពុទ្ធដែរ។ តាមរយៈឱកាសកាន់តែច្រើន ក្នុងការស្វែងយល់អំពីទស្សនវិជ្ជាធុរកិច្ច របស់លោក Inamori ជឿជាក់ថា ធុរកិច្ចនៅកម្ពុជា អាចកសាងក្រមសីលធម៌អាជីវកម្មរបស់ពួកគេ កាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផលរលូន រួមជាមួយការសិក្សាពីទស្សនវិជ្ជា និងសិលធម៌ ដោយផ្អែកលើព្រះពុទ្ធសាសនា។
បើតាមលោក Hamada Soichiro លោក Inamori បាននិពន្ធសៀវភៅខ្លួនឯង ចំនួន៥៥ចំណងជើង និងមានសៀវភៅនិពន្ធរួមសរុបចំនួន១៨ចំណងជើង ដែលសរុបបោះពុម្ពផ្សាយទូទាំងសកលមានចំនួន ២២លានក្បាល ជាពិសេសសៀវភៅ Ikikata មានប្រជាប្រិយភាពយ៉ាងខ្លាំង និងបានបកប្រែជា១៦ភាសា។
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) គ្រោងនឹងបកប្រែសៀវភៅ របស់លោកជាភាសាខ្មែរ និងបោះផ្សាយ នៅពេលខាងមុខផងដែរ៕