(ណៃរ៉ូប៊ី)៖ អង្គការ Oxford Economics បានឱ្យដឹងថា ពាណិជ្ជកម្មទំនិញសកលនឹងធ្លាក់ចុះនៅឆ្នាំក្រោយនៅក្នុងការព្យាករដ៏គួរឱ្យព្រួយបារម្ភមួយសម្រាប់សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញរបស់អាស៊ី និងប្រទេសផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍មួយរបស់លោក Adam Slater សេដ្ឋវិទូនាំមុខរបស់អង្គការ Oxford Economics ដែលបានចេញផ្សាយនៅថ្ងៃសុក្រថា ពាណិជ្ជកម្មទំនិញនឹងធ្លាក់ចុះ ០,២% នៅឆ្នាំក្រោយ ដោយការធ្លាក់ចុះទំនងជាចាប់ផ្តើមពីខែចុងក្រោយនៃឆ្នាំនេះទេ។ ក្នុងការព្យាករកាលពីខែមិថុនា អង្គការ Oxford បានព្យាករថា ពាណិជ្ជកម្មទំនិញសកលនឹងកើនឡើង ៣,៤% ក្នុងឆ្នាំ២០២៣។

ការព្យាករនេះគឺស្ថិតក្នុងចំណោមចក្ខុវិស័យពាណិជ្ជកម្មដ៏អាក្រក់បំផុតសម្រាប់ឆ្នាំក្រោយ ហើយកើតមានឡើងស្របពេលជាមួយនឹងមានសេចក្តីរាយការណ៍ពីការកើនឡើងការធ្លាក់ចុះការនាំចេញរបស់ប្រទេសអាស៊ី។

ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញរបស់ខ្លួនបានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល ២ឆ្នាំកន្លះនៅក្នុងខែវិច្ឆិកាធៀបនឹងខែវិច្ឆិកាឆ្នាំមុនដោយសារការអូសបន្លាយការថមថយសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងការធ្លាក់ចុះតម្រូវការឧបករណ៍អេឡិចត្រូនិច semiconductors។

ការនាំចេញ និងការនាំចូលរបស់ប្រទេសចិនបានធ្លាក់ចុះដោយមិននឹកស្មានដល់នៅក្នុងខែតុលា ហើយការធ្លាក់ចុះទាំងនោះត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងខែវិច្ឆិកា។ នេះ បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕