(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី សុន គន្ធរ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានថ្លែងថា សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា មានផែនការជួយដល់អាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច ឱ្យចេះធ្វើអាជីវកម្ម ប្រើប្រាស់នូវប្រព័ន្ធពាណិជ្ជកម្មឆ្លាតវៃ (Smart Business Syste-SBS) ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងជួយដល់ដំណើរការអាជីវកម្ម ឱ្យកាន់តែល្អប្រសើរ។
លោកលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី «អ្នកធ្វើអាជីវកម្មដំបូង ត្រូវយល់ដឹងអ្វីខ្លះ» នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ។
លោកមានប្រសាសន៍ថា ក្រោយការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការងើបឡើងវិញនៃសេដ្ឋកិច្ច អាជីវកម្មខ្នាតមីក្រូមួយចំនួន ចាប់ផ្តើមដំណើរការឡើងវិញ តែយ៉ាងណាបច្ចុប្បន្នអាជីវករ មុខរបរ និងសហគ្រាសមីក្រូ និងធុនតូចជាច្រើនកំពុង តែប្រឈមនូវការលំបាក ដោយសារធនធាន និងសមត្ថភាពរបស់សហគ្រាសមីក្រូ និងធន់តូច មានកម្រិតទាប គឺគាត់មិនមានលទ្ធប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយក្នុងផលិតភាពរបស់ពួកគាត់ ដែលខុសប្លែកពីសហគ្រាសធំៗ មានលទ្ធភាពប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗ និងធនធានមនុស្ស ដែលមានសមត្ថភាពខ្ពស់ ជួយដល់ប្រតិបត្តិការ និងផលិតភាពកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។
លោកបន្តថា «ទន្ទឹមនឹងបញ្ហាកង្វះទុន និងការយល់ដឹងតិចតួចអំពីគុណសម្បត្តិ នៃការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បង្កើនផលិតភាព រួមនឹងវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩ គួបផ្សំឥទ្ធិពលវិបត្តិអតិផរណាទំនិញនៅលើទីផ្សារពិភពលោក គឺជាបញ្ហាកំពុងតែប្រឈមរបស់សហគ្រាសមីក្រូ និងធុនតូច រួមទាំងមុខរបរយ៉ាងច្រើនរបស់យើង។ យើងត្រូវតែរួមគ្នាគិតជួយដល់សហគ្រាសមីក្រូ និងមុខរបរតូចៗទាំងនោះ ឱ្យប្រើប្រាស់នូវប្រព័ន្ធពាណិជ្ជកម្មឆ្លាតវៃ (Smart Business Syste-SBS)»។
លោកគូសបញ្ជាក់បន្ថែមថា «ដើម្បីជួយដល់ពួកគេ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នឹងរៀបចំសិក្ខាសាលានាពេលខាងមុខ ដោយអញ្ជើញវាគ្មិនល្បីៗ ដែលមានជំនាញ និងកំពុងតែប្រតិបត្តិនៅប្រព័ន្ធពាណិជ្ជកម្មឆ្លាតវ័យ ដើម្បីមកធ្វើការបកស្រាយ និងបង្ហាញជូនដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច ខណៈពេលដែលថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការនៅគម្រោងស្តីពី«ការចាប់យកបច្ចេកវិទ្យារបស់សហគ្រាសធុនតូចនឹងមធ្យម ដើម្បីមានភាពធន់នឹងទីផ្សារប្រកួតប្រជែង»។
លោកបន្ថែមថា ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ មានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់ប្រជាជនកម្ពុជា និងមីក្រូសហគ្រាស ក៏ដូចជាការប្រកួតប្រជែងសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្រមខណ្ឌជាតិ និងអន្តរជាតិ ប្រសិនបើមិនមានការត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយជាមុន សម្រាប់ទទួលយក និងក្តាប់កាលនុវត្តភាពនាំមកដោយបដិវត្តន៍ថ្មីនេះ មីក្រូសហគ្រាសអាចជួបនឹងការខាតបង់ផលប្រយោជន៍យ៉ាងច្រើន។
លោកមានប្រសាសន៍ទៀតថា ធនធានមនុស្ស កម្លាំងពលកម្ម គំនិតច្នៃប្រឌិតថ្មីៗ និងនវានុវត្តន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យា គឺជាកត្តាចម្បងដែលកម្ពុជាកំពុងត្រូវការជាចាំបាច់នាពេលបច្ចុប្បន្ននេះ ហើយនិស្សិតគ្រប់កម្រិត និងសាស្រ្តាចារ្យ គឺជាគោលដៅដើម្បីបណ្តុះគំនិតអាជីវកម្មឱ្យពួកគាត់មានមូលដ្ឋានគ្រឹះសម្រាប់ពិចារណា និងបន្តសិក្សាស្រាវជ្រាវមុននឹងសម្រេចចិត្តចាប់ផ្តើម អាជីវកម្ម។ ហេតុនេះហើយបានជាសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានរៀបចំសិក្ខាសាលាចែករំលែកជាច្រើនលើករួចមកហើយ ដើម្បីបណ្តុះគំនិតសហគ្រិនភាពដល់អ្នកចាប់ផ្តើមអាជីវកម្មដំបូង នៅតាមគ្រឹះស្ថានអប់រំជាច្រើននៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៨មក ។ ជាក់ស្តែងថ្ងៃនេះផ្ទាល់ ការរៀបចំសិក្ខាចែករំលែកគំនិតអាជីវកម្មដំបូងនេះ គឺជាបណ្តុះគំនិតសហគ្រិន ដល់សិស្សាដែលចង់ចាប់ផ្តើមអាជីវកម្មផងដែរ មានមានវាគ្មិនជំនាញគឺ អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន និងឧកញ៉ា ទេព កុលាប សាកលវិទ្យាធិការនៃសកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដែលបានចែករំលែកចំណេះដឹង ពីបទពិសោធនៃការធ្វើអាជីវកម្មយ៉ាងច្រើនដល់ពួកគេ។
លោកសង្កេតឃើញថា យុវជនសម័យនេះ បានចាប់ផ្តើមអាជីវកម្មទាំងវ័យក្មេង ហើយអ្នកណាខ្លះបានបន្តអាជីវកម្មរបស់ខ្លួន ដោយរលូន ប៉ុន្តែអ្នកខ្លះទៀតដែលខ្លះបទពិសោធន៍ និងគំនិតសហគ្រិនភាពក៏ដួលទៅវិញផងដែរ ដោយសារតែធ្វើតាមគ្នា។
ឧកញ៉ា ទេព កុលាប សាកលវិទ្យាធិការនៃសកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានមានប្រសាសន៍ថា ការចែករំលែកចំណេះដឹង និងបទពិសោធនៃការធ្វើអាជីវកម្ម ក្នុងកាលៈទេសៈនេះ គឺជាតម្រូវការចាំបាច់បំផុត សម្រាប់ផ្តល់ចំណេះដឹងថ្មីៗទាក់ទងនឹងមូលដ្ឋានគ្រឹះនៃធ្វើអាជីវកម្មជូននិស្សិត និងយុវជនជំនាន់ក្រោយដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់កម្ពុជា ដែលពួកគេចូលរួមចំណែកជួយដល់ការរីកចម្រើនសេដ្ឋកិច្ច។ សិក្ខាសាលានេះ នឹងជួយតម្រង់ទិសដៅ និងធ្វើឱ្យនិស្សិតកាន់តែដឹងពីចំណង់ចំណូលចិត្តរបស់ពួកគេ ថាពួកគេគួរចាប់ផ្តើមប្រកបមុខរបរ ឬអាជីពប្រភេទណាដែលអាចជួយខ្លួនឯង និងគ្រួសារបាន។
សូមជម្រាបថា តាមរយៈជំរឿនកាលពីឆ្នាំ២០១៤ បានបង្ហាញថា កម្ពុជាមានមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ចំនួនសរុប ជាង៥១ម៉ឺនសហគ្រាស ឬស្មើនឹងចំនួន៩៩.៨%នៃសហគ្រាសទាំងអស់នៅកម្ពុជា ក្នុងនោះ មីក្រូសហគ្រាសមានចំនួន ជាង៥០ម៉ឺន, សហគ្រាសធុនតូច និងមធ្យមមានចំនួន ជាង១១ម៉ឺន និងសហគ្រាសធុនធំមានចំនួន៨៨៩។ មីក្រូសហគ្រាសចំនួន៦០.៧% ជាអ្នកលក់ដុំ និងរាយ, ចំនួន១៤% ខាងផ្នែកផលិតកម្មន និងអ្នកផ្តល់សេវាកម្មម្ហូបអាហារ និងស្នាក់នៅមានចំនួន១០.៩%។ ក្នុងនោះភាគច្រើនមីក្រូសហគ្រាស ដែលមានបុគ្គលិកតែ១នាក់ មានប្រមាណ៣៣%នៃសហគ្រាសទាំងអស់ និងសហគ្រាសដែលមានបុគ្គលិក ២នាក់ មានចំនួន៤០.៨% និងមានទីតាំងតែមួយកន្លែងប៉ុណ្ណោះ។ ក្នុងចំណោម MSMEs ទាំងអស់ស្រ្តីជាម្ចាស់មានចំនួន៦១% ហើយ៩៩% គ្រប់គ្រងដោយជនជាតិកម្ពុជាផងដែរ៕