(អូតាវ៉ា)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាណាដា លោកស្រី Mary Ng បានឱ្យដឹងនៅសប្តាហ៍នេះថា ប្រទេសកាណាដានឹងគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មរបស់កាណាដា ដែលមានបំណងបង្កើតវត្តមានដ៏រឹងមាំនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតាមរយៈយុទ្ធសាស្ត្រថ្មីរបស់ខ្លួនសម្រាប់តំបន់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុនប្រទេសកាណាដាបានបង្ហាញយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដោយបង្ហាញកញ្ចប់ថវិកាចំនួន ២,៣ពាន់លានដុល្លារកាណាដា (១,៧ពាន់លានដុល្លារអាមេរិក) ដើម្បីបង្កើនផ្នែកយោធា និងសន្តិសុខតាមអ៊ីនធឺណិតនៅក្នុងតំបន់នេះដែលត្រូវបានរំពឹងថានឹងក្លាយជាសក្តានុពលនៃសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។

កញ្ចប់ថវិកានេះរាប់បញ្ចូលទាំងទឹកប្រាក់ប្រហែល ៣០០លានដុល្លារកាណាដាដែលត្រូវចំណាយក្នុងរយៈពេល ៥ឆ្នាំក្នុងគម្រោងដែលផ្តោតលើពាណិជ្ជកម្ម ដូចជាការបង្កើតច្រកពាណិជ្ជកម្មកាណាដានៅតំបន់អាស៊ីអាគ្នេយ៍ ការចាប់ផ្តើមដំណើរបេសកកម្មពាណិជ្ជកម្មទៅកាន់តំបន់នេះ និងកម្មវិធីជំរុញការនាំចេញ។

លោកស្រី Ng បានប្រាប់ទីភ្នាក់ងាររ៉យទ័រក្នុងបទសម្ភាសមួយថា៖ «យើងនឹងទៅទីនោះដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីកំណើន និងការធ្វើពិពិធកម្មទៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ លោកស្រីបានបន្ថែមថា ច្រកពាណិជ្ជកម្មនេះនឹងក្លាយជា «ទ្វារមុខ» សម្រាប់ឱកាសសេដ្ឋកិច្ច។

ក្រុមអ្នកជំនួញបានឱ្យដឹងថា ពួកគេស្វាគមន៍ចំពោះផែនការនេះ។ ប្រធានក្រុមប្រឹក្សាធុរកិច្ចនៃប្រទេសកាណាដា លោក Goldy Hyder បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា វាមានសារៈសំខាន់ដែលរដ្ឋាភិបាលបំប្លែង «ការប៉ងប្រាថ្នាទៅជាការចាត់សកម្មភាព និងការចាត់សកម្មភាពទៅជាសមិទ្ធផល»

រដ្ឋាភិបាលសេរីរបស់នាយករដ្ឋមន្ត្រី Justin Trudeau ចង់ធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងលើសហរដ្ឋអាមេរិក។ ទិន្នន័យផ្លូវការសម្រាប់ខែកញ្ញាបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិនមានចំណែកតិចជាង ៧ភាគរយនៃចំនួនសរុបធៀបនឹង ៦៨ភាគរយជាមួយសហរដ្ឋអាមេរិក។

លោកស្រី Ng បានថ្លែងទៀតថា៖ «អ្វីដែលយើងកំពុងធ្វើនៅទីនេះ គឺយើងកំពុងបង្កើនវត្តមានរបស់យើង... ហើយយើងកំពុងកសាងអ្វីដែលចាំបាច់សម្រាប់អាជីវកម្មរបស់យើង ដើម្បីចូលទៅក្នុងតំបន់នោះតាមរបៀបកាន់តែនិរន្តរភាព»