(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យថាមពលកកើតឡើងវិញ បានជួបវិភាក្សាគ្នាពីឱកាសថ្មីៗ និងសក្តានុពលក្នុងការវិយោគ ទៅលើថាមពលកកើតឡើងវិញ ដើម្បីជំរុញការអភិវឌ្ឍថាមពលស្អាត ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
អ្នកវិនិយោគបាននិយាយថា កម្ពុជា គឺជាប្រទេសដែលមានសក្តានុពលខ្លាំង ក្នុងការវិនិយោគទៅលើថាមពលកកើតឡើងវិញ ស្របពេលដែលអគ្គិសនីកម្ពុជា (EDC) កំពុងជំរុញការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ឱ្យបាន២ជីហ្គាវ៉ាត់ (GW) ដើម្បីជួយឱ្យប្រទេសកម្ពុជា សម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូន ត្រឹមឆ្នាំ២០៥០។
លោក Gregory Thomassin ប្រធានគម្រោងហិរញ្ញនៃក្រុមហ៊ុន Total eren ដែលជាក្រុមហ៊ុនវិនិយោគ ទៅថាមពលបៃតង ឬថាមពលពន្លឺព្រះអាទិត្យ បានលើកឡើងថា បច្ចុប្បន្ននេះ Total eren កំពុងមានការវិនិយោគថាមពលកកើតឡើងវិញ ប្រមាណ ៤ជីហ្កាវ៉ាត់នៅជុំវិញពិភពលោក ខណៈខ្លួនកំពុងសម្លឹងរកមើលការពង្រីកលើការវិនិយោគថាមពលកកើតឡើងវិញ នៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត បន្ទាប់ពីក្រុមហ៊ុននេះ បានវិនិយោគលើឧទ្យានថាមពលពន្លឺព្រះអាទិត្យមួយនៅខេត្តបាត់ដំបង ក្នុងទំហំ ៧៤មេហ្គាវ៉ាត់ លើទំហំដី៦០ហិកតា ដើម្បីចូលរួមផ្គត់ផ្គង់ថាមពលស្អាត ទៅក្នុងទីផ្សារថាមពលកកើតឡើងវិញ ក្នុងប្រទេសកម្ពុជា។
លោកបន្តថា ប្រទេសកម្ពុជាជាប្រទេស ដែលមានសក្តានុពលខ្លាំង លើការវិនិយោគថាមពលកកើតឡើងវិញ ជាពិសេសទៅលើឧទ្យានសូឡា ដែលនៅពេលខាងមុខលោករំពឹងថា ក្រុមហ៊ុននេះនឹងបន្តពង្រីកការផលិត និងវិនិយោគទៅថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀត។ តាមការបំផុសរបស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ចង់ឱ្យអ្នកវិនិយោគសម្លឹងនៅប៉ែកខាងត្បូងនៃប្រទេស ប៉ុន្តែយ៉ាងណាលោកសម្លឹងឃើញថា ប្រទេសកម្ពុជា មានសក្តានុពលក្នុងការវិនិយោគ ទៅលើថាមពលសូឡានេះ នៅទូទាំងប្រទេសតែម្តង។
លោកបន្ថែមថា «Total eren នឹងអាចចូលក្នុងការអភិវឌ្ឍវិស័យនេះ ជាមួយរាជរដ្ឋាភិបាល ដែលនៅពេលខាងមុន ក្រុមហ៊ុននឹងចូលរួមជាមួយអគ្គិសនីកម្ពុជា ស្របពេលដែលក្រុមហ៊ុន Total eren មានបច្ចេកទេស និងធនធានគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍន៍វិស័យនេះ»។
ថ្លែងក្នុងវេទិកានេះដែរ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងថា ក្នុងការគាំទ្រនូវគម្រោង និងឱកាសថ្មីៗ ដើម្បីបង្កើនថាមពលកកើតឡើងវិញ ជាអតិបរមា ចូលទៅក្នុងបណ្តាញថាមពលអគ្គិសនី គឺនៅមានការងារជាច្រើនត្រូវធ្វើ ដូចជាការធ្វើឱ្យប្រសើរឡើង នូវបណ្តាញបញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការផ្តល់នូវថាមពលកកើតឡើងវិញ កាន់តែច្រើន ក្នុងតម្លៃសមរម្យ និងស្ថិរភាព។
លោកបន្តថា «សម្រាប់ការប្រើប្រាស់ថាមពលកកើតឡើងវិញ ក្នុងប្រទេសកម្ពុជា តួលេខនឹងត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្នុងនោះយើងតាមបានតភ្ជាប់ក្នុងចំនួនដល់ខ្នងផ្ទះដែលកើនឡើងពី ១៧% រហូតដល់ជិត ១៩%។ ចំពោះការតភ្ជាប់បណ្តាញអគ្គិសនីវិញ គឺបានចំនួន៩៩% ស្ទើរតែទូទាំងតំបន់»។
នៅពេលដែលគោលដៅ COP 26 ជំរុញឱ្យប្រទេសកាន់តែច្រើនឆ្ពោះ ទៅរកថាមពលកកើតឡើងវិញ កម្ពុជាបានរកឃើញខ្លួនឯង នៅកន្លែងត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវ សម្រាប់ការផ្លាស់ប្តូរថាមពល ហើយនឹងសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឱ្យដល់កម្រិតសូន្យតាមដែលអាចធ្វើទៅបាន នៅឆ្នាំ២០៥០ ដោយការអភិវឌ្ឍវារីអគ្គិសនី ជម្រុញការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញ។
បច្ចុប្បន្ននេះ ការវិនិយោគលើថាមពលសូឡានៅកម្ពុជា មានចំនួន៧គម្រោង ដែលបាននិងកំពុងតភ្ជាប់បណ្តាញផ្គង់ផ្គត់អគ្គសនី។
គួរជម្រាបថាវេទិកាពិភាក្សាទៅលើឱកាសថ្មីៗ ក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា ត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន VDB Loi នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ៕