Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

NBC: គិតត្រឹមដំណាច់ត្រីមាសទី៣ ប្រជាពលរដ្ឋប្រើប្រាស់ឥណទាន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានទឹកប្រាក់ ៩.២២ប៊ីលានដុល្លារ និងដាក់ប្រាក់បញ្ញីជាង ៤.៦៨ប៊ីលានដុល្លារ

29-11-2022 16:47

(កំពង់ឆ្នាំង)៖ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ ពីអតិថិជនមានជាង ៤.៦៨ប៊ីលានដុល្លារ ដោយមានអតិថិជនដាក់​ប្រាក់​បញ្ញើ​ប្រមាណ ២.៦៤លានគណនី។ ចំណែកការទទួលឥណទានវិញ មានទឹកប្រាក់ ៩.២២ប៊ីលានដុល្លារ។

នេះបើតាមលោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា (NBC) ឲ្យដឹងថា ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» រៀបចំឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងឲ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ ទំហំទ្រព្យសកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមានប្រមាណ ៤៣.៧៦ ទ្រីលានរៀល ស្មើ១០.៦២ប៊ីលានដុល្លារអាមេរិក ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ៣៧.៩៧ទ្រីលានរៀល ស្មើ៩.២២ប៊ីលានដុល្លារអាមេរិក ដែលបានផ្តល់ដល់អតិថិជនចំនួនជាង ២.១៧លានគណនី។​

លោកបានបញ្ជាក់ថា «ដោយឡែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើបានទទួលប្រាក់បញ្ញើសរុប ១៩.២៩ ទ្រីលានរៀល ស្មើនឹង៤.៦៨ ប៊ីលានដុល្លារអាមេរិក បានមកពីអតិថិជនដាក់​ប្រាក់​បញ្ញើ​ប្រមាណ ២.៦៤លានគណនី»

លោកបានថ្លែងឲ្យដឹងថា ទន្ទឹមនឹងការរីកចម្រើន របស់វិស័យមីក្រូហិរញ្ញវត្ថុ វិស័យនេះនៅមានបញ្ហាប្រឈមមួយចំនួន ជាឧបសគ្គដល់ការបន្តអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ និងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុខ្លះៗ ដូច្នេះដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ចាំបាច់ត្រូវតែមានការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ជូនដល់អ្នកប្រើប្រាស់ពិសេសប្រជាពលរដ្ឋ និងអាជ្ញាធរនៅតាមមូលដ្ឋាន។

លោក គិត សុវណ្ណារិទ្ធ បានអះអាងថា ទោះបីជាមានបញ្ហាប្រឈមខ្លះៗ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ពិសេសផលប៉ះពាល់ ដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែរក្សាបានការរីកចម្រើន និងបន្តដើរតួនាទីសំខាន់ ក្នុងការចូលរួមចំណែកស្តារ និងបន្តអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោក គិត សុវណ្ណារិទ្ធ បានជំរុញឲ្យមានការផ្សព្វផ្សាយ អប់រំប្រជាជនឲ្យខ្ចីប្រាក់តែពីគ្រឹះស្ថានស្របច្បាប់ ព្រមទាំងប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង ដើម្បីកុំឲ្យប្រជាជនជាប់បំណុលវ័ណ្ឌក និងការកេងប្រវ័ញ្ចនានា ពីក្រុមឈ្មួញក្រៅប្រពន្ធ័។

លោក គិត សុវណ្ណារិទ្ធ បានក្រើន​រំលឹក​ដល់​ប្រជាជន ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ក្រុម​ហ៊ុន​ផ្ដល់​ការ​ប្រាក់​ខ្ពស់​ អាចឲ្យប្រជាជនរងគ្រោះក្រុមទាំងនេះ ពិសេសពីក្រុមឈ្មួញក្រៅប្រពន្ធ័៕