(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៩ ស្តីពី «ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩»។
ប្រធានបទនេះនឹងបន្ដពិភាក្សា ដើម្បីស្វែងរកវិធីសាស្រ្ដដ៏ល្អបំផុត ក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិកូវីដ១៩។
សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩នេះ រៀបចំឡើងក្រោមការចូលរួមពី លោកស្រីបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា លោកស្រី Alissar Chaker តំណាង UNDP ប្រចាំកម្ពុជា និងអ្នកចូលរួមជាច្រើនទៀត។
លោកស្រី ជា សិរី បានឲ្យដឹងថា សន្និសីទម៉ាក្រូសេដ្ឋកិច្ច រៀបចំឡើងក្នុងគោលបំណងពង្រឹង និងកសាងវប្បធម៌ នៃការស្រាវជ្រាវនៅកម្ពុជា និងផ្តល់ជាវេទិកាសម្រាប់កិច្ចពិភាក្សា រវាងអ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ អ្នកជំនាញ និងភាគីពាក់ព័ន្ធនានា លើប្រធានបទសំខាន់ៗ ទាក់ទងទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។
លោកស្រីបន្ដថា បច្ចុប្បន្ននេះការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា មានកម្រិតតិចតួចបំផុត និងមិនមានអ្វីគួរឱ្យព្រួយបារម្ភទៀតនោះទេ ដែលការណ៍នេះ បានអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ច ក្នុងវិស័យចម្បងៗបន្តងើបឡើងវិញជាលំដាប់។ ក្នុងន័យនេះផែនការនៃ ការស្ដារសេដ្ឋកិច្ចឡើងវិញ និងគោលនយោបាយពាក់ព័ន្ធគួរត្រូវបានសិក្សា និងពិភាក្សាឱ្យបានស៊ីជម្រៅ។
លោកស្រីបញ្ជាក់ថា ដើម្បីប្រមូលធាតុចូលសម្រាប់ពិចារណា ក្នុងការដាក់ចេញគោលនយោបាយថ្មីៗបន្ថែមទៀត នៅក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជា កំពុងបន្តងើបឡើង និងបន្តសាបព្រោះវប្បធម៌ស្រាវជ្រាវ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ធនាគារជាតិនៃកម្ពុជាបានជ្រើសរើសយកប្រធានបទ ស្រាវជ្រាវ ស្តីពី «ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩» សម្រាប់ឆ្នាំ២០២២នេះ។
ក្នុងនោះផងដែរលោកស្រី ជា សិរី បានចូលរួមចែករំលែកមតិមួយចំនួនជាធាតុចូលបន្ថែម សម្រាប់ការពិភាក្សារួមមាន៖
១៖ ឌីជីថលូបនីយកម្ម៖ កន្លងមកសង្កេតឃើញថា របៀបរបបរស់នៅក្នុងសង្គម និងការបម្រើការងារនៅតាមស្ថាប័ននានា មានការផ្លាស់ប្ដូរយ៉ាងខ្លាំង ដោយបានប្ដូរទៅរកការប្រើប្រាស់ ប្រព័ន្ធអនឡាញកាន់តែច្រើនមិនថា ក្នុងអាជីវកម្ម ការងារ ឬការអប់រំដែលនឹងនាំមកនូវ
គុណប្រយោជន៍ជាច្រើន ដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនផលិតភាព និងអាចរួមចំណែកកាត់បន្ថយថ្លៃដើម និងបញ្ហាអតិផរណា ដែលបាន និងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
សូមគូសបញ្ជាក់ថា ការធ្វើទំនើបកម្មប្រព័ន្ធធនាគារនា រយៈពេលកន្លងមកនេះ ជាពិសេសប្រព័ន្ធទូទាត់ បានរួមចំណែក ដល់ការទ្រទ្រង់សកម្មភាព អាជីវកម្មខ្នាតតូច និងមធ្យមក្នុងអំឡុងវិបត្តិកូវីដ១៩ និងបានទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ ដោយបានជួយកាត់បន្ថយការប៉ះពាល់ផ្ទាល់ កាត់បន្ថយការធ្វើដំណើរមិនចាំបាច់ និងរក្សាគម្លាតសង្គមជាដើម ស្របពេលទំនើបកម្មសេវាហិរញ្ញវត្ថុ បានលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ឬការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ តាមតំបន់ជនបទកាន់តែប្រសើរឡើង។
លោកស្រីបន្ថែមថា ជាការពិតឌីជីថលូបនីយកម្មបានផ្ដល់លទ្ធភាពដល់ប្រជាជនរស់នៅតាមតំបន់ដាច់ស្រយាល អាចទទួលបានសេវាកម្មចាំបាច់ផ្សេងៗ រួមទាំងសេវាហិរញ្ញវត្ថុ ដែលពួកគាត់អាចនឹងមិនទទួលបាន ប្រសិនបើគ្មានទំនើបកម្មផ្នែកបច្ចេកវិទ្យានោះទេ ប៉ុន្តែឌីជីថលូបនីយកម្ម ក៏ទាមទារនូវកត្តាជាមូលដ្ឋានមួយចំនួនផងដែរ គឺលទ្ធភាពក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសេវាអ៊ីនធឺណែតដែលមានតម្លៃសមរម្យ បើពុំនោះសោត ឌីជីថលូបនីយកម្មអាចបង្កការកើនឡើង នៃវិសមភាពសង្គម។
២៖ ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលមានតម្លៃសមរម្យ មិនគ្រប់គ្រាន់ទេក្នុងការបង្កើនការប្រើប្រាស់ប្រព័ន្ធឌីជីថល
ប្រសិនបើអក្ខរកម្មឌីជីថល ក្នុងចំណោមប្រជាជនមានកម្រិតទាប។ លើសពីនេះអ្នកដែលមានជំនាញឌីជីថលទាប តែងប្រឈមនឹងហានិភ័យខ្ពស់ ដោយងាយត្រូវបានគេលួងលោមបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ ដែលធ្វើឱ្យមានការខាតបង់។
ក្នុងន័យនេះកម្ពុជាត្រូវខិតខំបន្ថែមទៀត ដើម្បីបញ្ជ្រាបចំណេះដឹងឌីជីថល ដោយធានាថាប្រជាពលរដ្ឋគ្រប់រូប និងគ្រប់វ័យត្រូវទទួលបានការអភិវឌ្ឍ ដោយស្មើភាព និងមិនមានបុគ្គលណាមួយត្រូវបានបោះបង់នៅក្នុងយុគសម័យឌីជីថល គួបផ្សំនឹងជំនាញបច្ចេកទេសផ្សេងៗ ដល់ប្រជាពលរដ្ឋគ្រប់វ័យ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យ នៃកាភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយផ្លែផ្កា។
ហេតុនេះសេវាកម្មមានស្រាប់ និងមិនបានប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលកំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ ដោយសា្ថប័នឯកជន និងសាធារណៈនាពេលកន្លងមក គួរត្រូវបានបន្ត ប្រើប្រាស់ទន្ទឹមគ្នា នឹងសេវាកម្មតាមបែបឌីជីថល ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបជាពិសេសប្រជាពលរដ្ឋ វ័យចំណាស់ នៅតែមានលទ្ធភាព ទទួលបានសេវាកម្មនានា ប្រកបដោយភាពងាយស្រួល។
៣៖ ការគាំពារសង្គម៖ វិបត្តិកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងទំហំមិនដូចគ្នានោះទេ ដោយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះទទួលរងការប៉ះទង្គិចខ្លាំងជាង ដូចគ្នានេះ បញ្ហាកំណើនអតិផរណា នាពេលបច្ចុប្បន្ន បានប៉ះពាល់ដល់ប្រជាជនក្រីក្រខ្លាំងជាងគេផងដែរ។
នៅកម្ពុជាក្រុមម្ហូបអាហារ និងថាមពល មានសមាមាតប្រមាណ៦០%នៃសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់សរុបដូចនេះ ការឡើងថ្លៃនៃក្រុមម្ហូបអាហារ និងថាមពលបណ្តាល ឱ្យក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានប្រាក់សន្សំទាប ឬគ្មានប្រាក់សន្សំទាល់តែសោះ ជួបការលំបាក ក្នុងការរក្សាអំណាចនៃការទិញទំនិញប្រើប្រាស់ចាំបាច់ផ្សេងៗប្រចាំថ្ងៃ។
ហេតុដូច្នេះ ការពង្រីកការគាំពារសង្គមពិតជាមានសារៈសំខាន់ណាស់ សម្រាប់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ ស្របពេលដែលការជំរុញក្រុមហ៊ុនសហគ្រាស និងនិយោជិត ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធមានភាពចាំបាច់ ដើម្បីអាចទទួលបានការគាំពារកាន់តែប្រសើរជាងមុន។
កន្លងមកធនាគារជាតិនៃកម្ពុជា ក៏បានខិតខំសម្រាលបន្ទុកប្រជាពលរដ្ឋក្រីក្រ តាមរយៈការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ដែលបានរួមចំណែក កាត់បន្ថយសម្ពាធអតិផរណា ហើយថ្មីៗនេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏ត្រូវបានលើកទឹកចិត្តឱ្យមានការរៀបចំឥណទានឡើងវិញ សម្រាប់អ្នកដែលទទួលរងផលប៉ះពាល់ពី គ្រោះទឹកជំនន់។
ក្រៅពីចំណុចទាំង៣ខាងលើនេះ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការរួមចំណែកបង្កើតការងារប្រមាណ៧០% នៃការងារសរុបជូនប្រជាពលរដ្ឋកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានលក្ខណៈបៃតង ដែលបច្ចុប្បន្នជាប្រធានបទកំពុងទទួលបាន ការជជែកវែកញែកជាសកល ក៏គួរត្រូវបានលើកយកមកពិភាក្សាផងដែរ ដោយសារប្រទេសកម្ពុជា ជាប្រទេសកសិកម្ម ដែលងាយរងគ្រោះខ្លាំងពី ហានិភ័យអាកាសធាតុ៕