(ប៉ាកាំង)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ប្រទេសចិនត្រូវបន្តការកែសម្រួលឡើងវិញនូវយុទ្ធសាស្រ្តកូវីដសូន្យរបស់ខ្លួន និងពង្រឹងទំនុកចិត្តលើទីផ្សារអចលនទ្រព្យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយ ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះដោយមូលនិធិ IMF បន្ទាប់ពីបានជួបសន្ទនាតាមអនឡាញជាមួយមន្ត្រីចិនសម្រាប់ជាផ្នែកមួយនៃកិច្ចពិភាក្សាប្រចាំឆ្នាំនៃមាត្រា IV របស់ខ្លួនថា រដ្ឋាភិបាលចិននឹងត្រូវជំរុញល្បឿននៃការចាក់ថ្នាំបង្ការជំងឺកូវីដ និងរក្សាវាឱ្យនៅកម្រិតខ្ពស់មួយ។

មូលនិធិ IMF បានបន្ថែមថា ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ ប្រទេសចិននឹងត្រូវធ្វើកិច្ចការបន្ថែមទៀតដើម្បីជួយក្រុមហ៊ុនអភិវឌ្ឍន៍ឱ្យបញ្ចប់គម្រោងដែលបានជាប់គាំង។

មូលនិធិ IMF បានឱ្យដឹងទៀតថា បើទោះជាប្រទេសចិនបានជម្នះទៅនឹងឥទ្ធិពលដំបូងនៃជំងឺរាតត្បាតបានយ៉ាងល្អ ហើយកំណើនឆ្លងជំងឺកូវីដបានថយចុះក៏ដោយក្តី ក៏ប្រទេសនេះនៅតែស្ថិតក្រោមសម្ពាធដោយសារជំងឺកូវីដ វិស័យអចលនទ្រព្យ និងការធ្លាក់ចុះតម្រូវការពិភពលោក។

មូលនិធិនេះបានព្យាករថា ចិននឹងទទួលបានកំណើនសេដ្ឋកិច្ច ៣,២% នៅឆ្នាំនេះ ដែលភាគច្រើនស្របតាមការព្យាកររបស់សេដ្ឋវិទូ និង ៤,៤% នៅឆ្នាំ២០៣៤ និង ២០២៤។

អគ្គនាយករងមូលនិធិ IMF លោកស្រី Gita Gopinath ដែលរៀបចំកិច្ចប្រជុំអនឡាញជាមួយក្រុមអ្នកបង្កើតគោលនយោបាយចិននេះបានថ្លែងថា ដូចប្រទេសដទៃទៀតដែរ ប្រទេសចិនប្រឈមនឹងហានិភ័យធ្លាក់ចុះចំពោះចក្ខុវវិស័យកំណើនរបស់ខ្លួន។

លោកស្រីបានឱ្យដឹងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg ថា៖ «ការកែតម្រូវ [គោលនយោបាយ] ត្រូវតែធ្វើឡើង ប៉ុន្តែត្រូវធ្វើឡើងឱ្យមានរបៀបរៀបរយ»។ លោកស្រីបន្តថា ភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យគឺជាហានិភ័យដ៏មានសក្តានុពលសម្រាប់វិស័យហិរញ្ញវត្ថុ៕