(ក្រុងឡុងដ៍)៖ ការកំណត់តម្លៃប្រេងដែលបានស្នើឡើងរបស់ក្រុមប្រទេសទាំងប្រាំពីរ (G7) ក្នុងតម្លៃពី ៦៥ដុល្លារដល់ ៧០ដុល្លារក្នុងមួយបារ៉ែលលើប្រេងរបស់ប្រទេសរុស្ស៊ី នឹងមានផលប៉ះពាល់ភ្លាមៗតិចតួចលើប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពចំនួន៥ នៅក្នុងឧស្សាហកម្មប្រេងដែលបានដឹងពីការទិញប្រេងនេះកាលពីថ្ងៃពុធថា វាមានផលប៉ះពាល់តិចតួច ដោយសារការតម្លៃដែលគ្រោងនឹងកំណត់នេះមានភាពស្របគ្នាយ៉ាងខ្លាំងទៅនឹងតម្លៃដែលអតិថិជននៅតំបន់អាស៊ីកំពុងទិញប្រេងរុស្ស៊ី។

គោលដៅនៃការកំណត់តម្លៃប្រេងនេះគឺដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលប្រើប្រាស់ដើម្បីផ្តល់មូលនិធិដល់ការវាយលុកខាងផ្នែកយោធានៅអ៊ុយក្រែន ខណៈពេលដែលមិនបង្កការរំខានដល់ទីផ្សារប្រេងពិភពលោកដែលនឹងជំរុញឱ្យតម្លៃថាមពលកើនឡើង។

យោងតាមក្រសួងហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ី ការនាំចេញប្រេង និងឧស្ម័នត្រូវបានព្យាករថានឹងមានចំនួន ៤២ភាគរយនៃប្រាក់ចំណូលរបស់រុស្ស៊ីនៅឆ្នាំនេះដែលមាន ១១,៧ពាន់ពាន់លានរូប្ល (១៩៦ពាន់លានដុល្លារអាមេរិក) ដែលកើនឡើង ៣៦ភាគរយ ឬ ៩,១ពាន់ពាន់លានរូប្ល (១៥២ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២១។

ក្រុមប្រទេស G7 រួមទាំងសហរដ្ឋអាមេរិក ក៏ដូចជាសហភាពអឺរ៉ុបទាំងមូល និងប្រទេសអូស្ត្រាលី គ្រោងនឹងអនុវត្តការកំណត់តម្លៃលើការនាំចេញប្រេងពីសមុទ្ររបស់រុស្ស៊ីនៅថ្ងៃទី៥ ខែធ្នូ។

ប្រទេសឥណ្ឌាបានលេចមុខក្លាយជាអ្នកទិញតែមួយគត់ធំជាងគេទីពីរបន្ទាប់ពីប្រទេសចិននូវប្រេងរុស្ស៊ីចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាបានជំនួសក្រុមហ៊ុនចម្រាញ់ប្រេងនៅក្នុងបណ្តាប្រទេសដែលបានដាក់ទណ្ឌកម្មលើការនាំចូលប្រេងឆៅរបស់រុស្ស៊ី ឬបានងាកចេញពីប្រេងឆៅរបស់រុស្ស៊ី ដើម្បីជៀសវាងការទទួលរងរូបភាពអវិជ្ជមានជាសាធារណៈណាមួយ។

ប្រភពចំនួនពីរបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាមួយចំនួនកំពុងទទួលបានការបញ្ចុះថ្លៃប្រហែលពី ២៥ដុល្លារទៅ ៣៥ដុល្លារក្នុងមួយបារ៉ែលធៀបនឹងប្រេងឆៅប្រភេទ Brent អន្តរជាតិសម្រាប់ប្រេងឆៅប្រភេទអុយរ៉ាល់របស់រុស្ស៊ី។ ប្រេងឆៅអ៊ុយរ៉ាល់គឺជាប្រេងឆៅនាំចេញដ៏សំខាន់របស់រុស្ស៊ី។
ដោយប្រេងឆៅប្រភេទ Brent ត្រូវបានជួញដូរក្នុងតម្លៃប្រហែល ៨៥ដុល្លារអាមេរិកក្នុងមួយបារ៉ែលកាលពីថ្ងៃពុធ កត្តានេះនឹងមានន័យថា ប្រេងអ៊ុយរ៉ាល់នឹងមានតម្លៃពី ៥០ ទៅ ៦០ ដុល្លារអាមេរិកក្នុងមួយបារ៉ែលដែលទាបជាងតម្លៃដែលគ្រោងនឹងកំណត់។ នេះបើយោងតាមរ៉យទ័រ៕