(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) សម្រាប់ការនាំចេញ។ ពិធីនេះ រៀបចំធ្វើឡើង នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, លោក Lee Hyuk-Sang លេខាទី១ តំណាងលោក Park Heung-kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, លោកស្រី Johwan Choi អគ្គនាយក នៃទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ ប្រចាំកម្ពុជា (KOTRA)។

ក្នុងនោះផងដែរ ក៏មានការចូលរួម ពីលោក-លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសភាពាណិជ្ជកម្ម តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) តំណាងសមាគមស្បែកជើង និងវិស័យឯកជន សរុបប្រមាណ ២០០ រូប។

សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធី នៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងការទាញយកអត្ថប្រយោជន៍ ជាអតិបរិមាពីការអនុវត្តកិច្ចព្រមព្រៀង CKFTA ធៀបនឹងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ ព្រមទាំងមានសមត្ថភាពក្នុងការបំពេញបែបបទនាំចេញ ដោយអនុលោមតាមនីតិវិធីនៃវិធានដើមកំណើតទំនិញ ជាពិសេសជំរុញដល់កំណើនការនាំចេញតាមរយៈការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមកិច្ចព្រមព្រៀង CKFTA។

រដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CKFTA នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី MOON Jae-In នៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រី បន្តថា កិច្ចព្រមព្រៀង CKFTA នេះ នឹងបំពេញបន្ថែមទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានស្រាប់។

លោកថា​ នៅក្រោមកិច្ចព្រមព្រៀង CKFTA កម្ពុជា បានបើកទីផ្សារ ចំនួន ៨៩.០៩% នៃបន្ទាត់ពន្ធគយសរុប ខណៈដែលភាគីកូរ៉េបានបើកទីផ្សារចំនួន ៩៥.០៣% នៃបន្ទាត់ពន្ធគយសរុប ដែលក្នុងនោះ កម្ពុជានឹងអាចនាំចេញទំនិញ ក្នុងអត្រាពន្ធគយសូន្យភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ចំនួន ៩២.៣៧% នៃបន្ទាត់ពន្ធគយសរុប។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀង CKFTA ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបង្កើត កាលានុវត្តភាពនាំចេញថ្មីៗបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានគោលការណ៍ឯកភាព និងសិទ្ធិប្រទានពីរាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀង CKFTA នេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការជាបីភាសាគឺភាសាខ្មែរ ភាសាកូរ៉េ និងភាសាអង់គ្លេស ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

កម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទ្វេភាគីនេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ខណៈភាគីកូរ៉េបានបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន និងបានជូនដំណឹងមកកម្ពុជាតាមរយៈកំណត់ទូត ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ត្រូវការរយៈពេល ៦០ថ្ងៃ ដើម្បីចូលជាធរមាន បន្ទាប់ពីភាគីជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័នរបស់ខ្លួន ដូចនេះកិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕