(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង បានជាប់ជាប្រធានសហព័ន្ធស្រូវអង្ករអាណត្តិទី៤ ខណៈឧកញ៉ា សុង សារ៉ន បានជាប់ជាប្រធានក្រុមប្រឹក្សាភិបាល បន្ទាប់ពីសមាជិកសមជិការនៃសហព័ន្ធស្រូវអង្ករផ្តល់ទំនុកបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមហ៊ុនប្រឹក្សាភិបាល និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សហព័ន្ធស្រូវអង្ករកម្ពុជា រៀបចំកម្មវិធីមហាសន្និបាត និងការបោះឆ្នោតជ្រើសតាំងប្រធាន និងក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី៤ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយជ្រើសបានសមាជិកសហព័ន្ធចំនួន២៥រូប ដែលក្នុងនោះ ប្រធានសហព័ន្ធស្រូវអង្ករមួយរូប គឺឧកញ៉ា ចាន់ សុឃាំង និងប្រធានក្រុមប្រឹក្សាភិបាលចំនួនមួយរូប គឺឧកញ៉ា សុង សារ៉ន និង និងសហគមន៍ចំនួន៣រូប ដែលជ្រើសតាំងដោយសហគមន៍។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករអណត្តិទី៤ និងជា អគ្គនាយកក្រុមហ៊ុន Signature of Asia ដែលជាក្រុមហ៊ុន នាំចេញអង្ករទៅទីផ្សារអន្តរជាតិ បានប្តេជ្ញាចិត្តលះបង់ពេលវេលា ជំរុញវិស័យស្រូវអង្ករឱ្យកាន់តែរីកចម្រើន និងជំរុញការនាំចេញអង្ករឱ្យបានមួយលានតោននៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។

លោកបន្ថែមថា ក្នុងអណត្តិរបស់លោក សហព័ន្ធស្រូវអង្ករកម្ពុជា នឹងផ្តោតទៅលើការងារ៤ចំណុចធំៗគឺ ដោះស្រាយបញ្ហាពូជស្រូវឡើងវិញ ដើម្បីធ្វើឱ្យអង្ករមានភាពសុទ្ធល្អ និងមានគុណភាពដែលជំរុញការនាំចេញឱ្យមាននិរន្តភាព សិក្សាពង្រីកទីផ្សារគោលដៅដែលបានកំណត់ទុក និងលើកទឹកចិត្តឱ្យមានសហគមន៍មួយ រោងម៉ាស៊ីនមួយនៅក្នុងតំបន់មួយ និងបង្កើនឱ្យមានអភិបាលកិច្ចល្អនៅតាមសហគន៍។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអបអរសារទរដល់លទ្ធផលនៃការបោះឆ្នោតដែលប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល ប្រធាន និង សមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី ៤ ឆ្នាំ២០២២-២០២៥ ។

លោកបន្តថា ក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករ ដែលធ្វើឱ្យវិស័យនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និង ត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ ជាពិសេសអង្ករក្រអូបប្រណិតពូជផ្ការំដួលរបស់កម្ពុជា បានជាប់ពានរង្វាន់ជាអង្ករដែលមានគុណភាពល្អនៅលើពិភពលោក ចំនួន ៥ លើក ដោយលើកទី៥ គឺនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២កន្លងទៅថ្មីៗនេះ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសហព័ន្ធស្រូវអង្ករសម្រាប់អាណត្តិនីមួយៗធ្វើឡើងរយៈពេល៣ឆ្នាំម្តង៕